អ្នក​មាន​គណនី Wing តិច​អត់​ដឹង! ប៉ុន្មាន​ថ្ងៃ​ទៀត​អាច​ទិញ​ឥវ៉ាន់ រាប់​ម៉ឺន​កន្លែង​ទូទាំង​ពិភព​លោក

  • 2019-01-28 03:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស Wing បាន​បញ្ចេញ Mater Card ថ្មី កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដែល​ជា​ប្រភេទ​កាតម៉ាក​សញ្ញា​រួម​បញ្ចូល​គ្នា ក្រោយ​សហការ​ជាមួយ សូហូ គ្រុប និង​ក្រុមហ៊ុន Master Card។

តាមរយៈ​ការ​បញ្ចេញ Wing SOHO Club Master Card នេះ មាន​ន័យ​ថា អតិថិជន​ដែល​មាន​គណនី Wing ទាំង​អស់ អាច​បន្ត​យក​កាត​នេះ​បន្ថែម ដោយ​អាច​ចាយ​វាយ​នៅ​តាម​បណ្ដា​ហាង​ផ្សេងៗ​ដែល​ទទួល Master Cardទាំង​ក្នុង និង​ក្រៅ​ប្រទេស។

ចំពោះ​អ្នក​ដែល​ប្រើ​កាត​ថ្មី​នេះ នៅ​តាម​បណ្ដា​ហាង​ល្បី​របស់ SOHO Group ដូចជា Havaianas, Birkenstock, Swatch, Crocs និង Bonchon ក៏​អាច​ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់ ការ​បញ្ចុះ​តម្លៃ ក៏​ដូចជា​ប្រូម៉ូសិន​ជាច្រើន​ដូចជា៖

  • បាន ១ ពិន្ទុ​រាល់​ការ​ចំណាយ ១ ដុល្លារ ដើម្បី​ប្ដូរ​យក​រង្វាន់​ធំៗ
  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០% សម្រាប់​ការ​ទិញ​លើក​ដំបូង
  • បញ្ចុះ​តម្លៃ ១០% ពេញ​មួយ​ឆ្នាំ
លោក Jojo Malolos អគ្គនាយក Wing

លោក Jojo Malolos អគ្គនាយក Wing បាន​និយាយ​ថា គ្រប់​អតិថិជន Wing ទាំង​អស់ អាច​ភ្ជាប់​ទៅ​នឹង Wing SOHO Club Master Card ដោយ​អាច​កក់​ការ​ដើរ​កម្សាន្ត ទិញ​ទំនិញ​អនឡាញ ឬ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាដើម។

រីឯ​លោក Henry Horn ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន SOHO Group បាន​លើក​ឡើង​ថា ផលិតផល​ថ្មី​នេះ នឹង​ផ្ដល់​ឱកាស​ក្នុង​ការ​ទិញ​ទំនិញ​លំដាប់​ពិភព​លោក និង​សន្សំ​ពិន្ទុ​ដើម្បី​ប្ដូរ​យក​រង្វាន់​ដល់​ប្រជាជន​រាប់​លាន​នាក់​តាម​រយៈ​កាបូប​ឌីជីថល Wing។

លោក Henry Horn ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន SOHO Group

ចំពោះ​អ្នកស្រី Winnie Wong នាយក​ប្រចាំ​ប្រទេស Master Card ក្នុង​តំបន់​ឥណ្ឌូចិន​វិញ បាន​បន្ថែម​ថា បរិបទ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ប្រាក់ មាន​ការ​វិវត្តន៍​ខ្លាំង​នៅ​កម្ពុជា ការ​កើន​ឡើង​នៃ​ការ​ទូទាត់​ប្រាក់​តាម​ទូរសព្ទ និង​ប្រព័ន្ធ​ឌីជីថល កំពុង​ផ្ដល់​ឱកាស​ជាច្រើន​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​ដែល​គ្មាន​គណនី​ធនាគារ។

Wing SOHO Club Master Card នឹង​មាន​សម្រាប់​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី១ កុម្ភៈ ២០១៩ នេះ​ហើយ ក្រោយ​ពី​ធនាគារ​ឯកទេស Wing និង​ក្រុមហ៊ុន SOHO Group ចុះ​កិច្ច​ព្រមព្រៀង​ទទួល​យក​សេវាកម្ម​ទូទាត់​ប្រាក់​ដោយ​ស្កេន QR Code WingPay និង​សេវាកម្ម​ទូទាត់​ប្រាក់​អន្តរជាតិ​របស់ Wing រួម​មាន AliPay, WeChat Pay និង MasterPass QR៕

អ្នកស្រី Winnie Wong នាយក​ប្រចាំ​ប្រទេស Master Card ក្នុង​តំបន់​ឥណ្ឌូចិន​(កណ្ដាល)

អត្ថបទ៖ វិទូ