ប្រធាន​ក្លឹប Muangthong ​នឹង​នាំ​កីឡាករ​ល្អ​ៗ​មក ​ព្រោះ​ដឹង​ថា​ប៉ះ​ក្រុម​កម្ពុជា ​មិន​ងាយ​ឈ្នះ​ទេ

  • 2019-01-31 04:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Karn Jantarat ​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្លឹប Muangthong United ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​នឹង​នាំ​យក​កីឡាករ​ល្អ​ៗ ​ដើម្បី​លេង​ទល់​ក្រុម Cambodia All Stars ​ព្រោះ​ដឹង​ថា​មិន​ងាយ​យក​ឈ្នះ​ពួកគេ​ស្រួល​ៗ​ទេ។

ក្រុម​បាល់ទាត់ Muangthong United ​នឹង​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Cambodia All Stars ​ជា​លើក​ទី​៣​នៅ​ថ្ងៃ​ទី​​៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ការ​ប្រកួត​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង ​ព្រោះ​ថា​ខាង​ក្រុម​ថៃ ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​យក​កីឡាករ​ល្អ​ៗ​មក​ទាំង​អស់ ដើម្បី​លេង​ទល់​ក្រុម​ខាង​កម្ពុជា ត្បិត​អី​ការប្រកួត​កន្លង​មក​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​ណាស់។

លោក Kan Jantarat ​ប្រធាន​ក្លឹប Muangthong United ​បាន​និយាយ​ថា​លោក​ពេញ​ចិត្ត​ក្នុង​ការ​នាំ​ក្រុម​របស់​ខ្លួន​មក​លេង​ទល់​ក្រុម​តារា​បាល់ទាត់​នៅ​កម្ពុជា។ ខណៈ​ដែល​ការ​ប្រកួត​៣​លើក​កន្លង​មក ​ក្រុម Muangthong ​បាន​ដឹង​ច្បាស់​ពី​សមត្ថភាព​ខាង​ក្រុម​កម្ពុជា។ ដូច្នេះ​ហើយ ​នៅ​លើក​ទី​៣​នេះ ​ពួកគេ​នឹង​នាំ​យក​កីឡាករ​ល្អ​ៗ​បំផុត​ក្នុង​ក្រុម​មក​លេង​ប្រកួត ​ដើម្បី​ឱ្យ​អ្នក​ចូល​រួម​ទស្សនា​កាន់​តែ​សប្បាយ​ចិត្ត។

ក្រុម Cambodia All Stars ​នៅ​ឆ្នាំ​នេះ​ដឹក​នាំ​ដោយ​លោក ភា សុភក្ត្រា ​ហើយ​ក៏​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​រួច​រាល់​អស់​ហើយ​ដែរ។ ក្នុង​នោះ ​ក្រុម​មួយ​នេះ​នឹង​អវត្តមាន​កីឡាករ​សំខាន់​របស់​កម្ពុជា​២​រូប គឺ ចាន់ វឌ្ឍនាកា ​និង​ ធារី ចន្ថាប៊ីន ​ដោយសារ​តែ​ពួកគេ​ជាប់​ភារកិច្ច​ជាមួយ​ក្លឹប​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ មុន្នីរម្យ