ឡៅ ចិត្រា បញ្ជាក់ហើយបញ្ជាក់ទៀតថា «ខ្ញុំអត់អីទេ»
- 2019-02-07 02:49:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា បញ្ជាក់ហើយបញ្ជាក់ទៀតថា «ខ្ញុំអត់អីទេ»
ចន្លោះមិនឃើញ
អ្នកប្រដាល់ក្មេង ឡៅ ចិត្រា បានបញ្ជាក់ថា រូបគេគ្មានបញ្ហាអ្វីនោះទេពីគ្រោះថ្នាក់ម៉ូតូដែលមានគេជិះទៅប៉ះចង្កូតបណ្ដាលឲ្យដួលកាលពីថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈកន្លងទៅនេះ។
ព្រឹកថ្ងៃនោះ ឡៅ ចិត្រា បានជិះម៉ូតូដើម្បីទៅចូលរួមពិធីថ្លឹងទម្ងន់នៅពហុកីឡដ្ឋានជាតិដើម្បីត្រៀមខ្លួនប្រកួតនៅល្ងាចថ្ងៃដដែលនោះ ប៉ុន្តែសំណាងមិនល្អក៏បានដួលម៉ូតូដោយសារមានគេជិះទៅប៉ះចង្កូតរហូតលុបចោលការប្រកួតនោះដែលដាក់ជំនួសវិញដោយ ចាន់ ស៊ីណាត់។
ចិត្រា រៀបរាប់ថា ៖«ពេលនោះខ្ញុំកំពុងជិះម៉ូតូនៅលើផ្លូវវេងស្រេង ក៏មានម៉ូតូមួយជិះជៀសឡានហើយមកបុកខ្ញុំតែម្តង។ ករណីនេះ ខ្ញុំអត់អីទេ! គ្រាន់តែមានរបួស រលាត់សើស្បែកតិចតួចប៉ុណ្ណោះ គ្រាន់តែលាងរបួសអស់អីហើយ។ ខ្ញុំទៅហាត់ធម្មតា ព្រោះរបួសវាអត់ធ្ងន់ផង»។
រូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីរបួស ស្នាមរលាត់ស្បែក ហើយភ្លាមៗ ឃើញមានបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមជាច្រើនបានយកទៅចែករំលែកជាច្រើន ប៉ុន្តែតាមសំដីរបស់ ចិត្រា វិញប្រាប់ឲ្យដឹងថា វាមិនមានអ្វីធ្ងន់ធ្ងរដូចអ្វីដែលគេនិយាយទេ។
អ្នកលេងគុនខ្មែរ ឡៅ ចិត្រា ត្រូវប្រកួតនៅសង្វៀនធំ ONE Championship Super Series ថ្ងៃទី១៦ ខែកុម្ភៈ នៅទីក្រុងបាងកកទល់នឹងកីឡាករម្ចាស់ផ្ទះថៃ Superlek Kiatmoo9 ដែលជាម្ចាស់ខ្សែក្រវាត់Lumpinee Stadium World Champion ២សម័យកាល៕