មុខងារ​ដែល​មេ Facebook ធ្លាប់ប្រើផ្ដាច់មុខតែឯង ពេលនេះមានជា​សាធារណៈ​ហើយ

  • 2019-02-07 02:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Facebook Messenger ពេល​នេះ​មាន​បន្ថែម​មុខងារ​ថ្មី អាច​ឲ្យ​អ្នក​លុប​សារ​​ដែល​ផ្ញើ​ចេញ​ទៅ​បាន​ ហេតុ​នេះ​ក្នុង​ករណី​ដែល​អ្នក​​ផ្ញើ​សារ​ទៅ​កាន់​មនុស្ស​ខុស អ្នក​អាច​លុប​ចេញ​ពី​ប្រអប់​ Chat បាន។

វា​ដំណើរ​ការ​ដោយ​​នៅ​ពេល​អ្នក​ចុច​លើ​សារ​ដែល​បាន​ផ្ញើ​ចេញ​ទៅ​ក្នុង​រយៈពេល ១០ នាទី នឹង​មាន​ជម្រើស​ពីរ​ឲ្យ​ជ្រើស​រើស។ នោះ​គឺ​ Remove for Everyone និង Remove for You។​ បើ​សិន​ចុច​លើ​ Remove for Everyone សារ​ដែល​ផ្ញើ​ចេញ​ទៅ នឹង​ជំនួស​ដោយ​ពាក្យ​ថា "You removed a message"។

មុខងារ​ថ្មី​នេះ​គឺ​ស្រដៀង​នឹង​មុខងារ​ដែល​មាន​ផ្ដាច់​មុខ​សម្រាប់​តែ​គណនី​លោក​ Mark Zuckerberg ស្ថាបនិក​ Facebook។ កាល​ពី​ខែ​មេសា​ ឆ្នាំ ២០១៨ គេ​បាន​រក​ឃើញ​ថា​សារ​ដែល​ផ្ញើ​​ចេញ​ពី​គណនី​ Mark Zuckerberg បាន​បាត់​ស្រមោល យ៉ាង​អាថ៌កំបាំង។ ក្រោយ​មក​ទើប​ Facebook បញ្ជាក់​ថា​​សារ​របស់​ Mark គឺ​​មាន​ពេល​ផុត​កំណត់ ដោយ​​ធ្វើ​បែប​នេះ​ដើម្បី​​បង្កើន​សុវត្ថិភាព​ដល់​គណនី។

​​​ក្រោយ​ពី​គេ​ដឹង​ថា​ Mark អាច​លុប​សារ​បាន​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ធម្មតា​មិន​អាច​ ក៏​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​ស្មើភាព​សម្រាប់​​អ្នក​ប្រើ​​ទាំង​អស់។ ​បន្ទាប់​មក​ទើប​ Facebook ប្រកាស​ថា​នឹង​បញ្ចេញ​មុខងារ​លុប​សារ​នេះ ​ជូនដល់​​អ្នក​ប្រើ​ប្រាស់​ទាំង​អស់។

គួរ​ដឹង​ថា​មុខងារ​ថ្មី​នេះ​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក​ចាប់​ពី​ពេល​នេះ ដោយ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាប់ដេត​កម្មវិធី Messenger ទៅ​កាន់​ជំនាន់​ចុង​ក្រោយ៕​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង