Pep ចេញ​មុខ​ការពារ​ sarriball ថា​ជា​ក្បួន​​​ខ្លាំង បើ​ទោះ​ជា​​មាន​គេ​មិន​យល់​ពី​ក្បួន​នេះ

  • 2019-02-09 03:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​និយាយ​ថា​យុទ្ធសាស្រ្ត​របស់ Maurizio Sarri នៅ Chelsea ត្រូវ​បាន​គេ​យល់​ច្រឡំ។

Guardiola បាន​​ស្ងើច​នឹង​ការងារ​លោក Sarri នៅ Napoli នៅ​ពេល​ពួកគេ​ប៉ះ​គ្នា​នៅ​ក្របខ័ណ្ឌ​ Champions League កាល​ពី​រដូវ​កាល​មុន និង បាន​​សរសើរ​គ្រូ​បង្វឹក​​ក្លឹប​តោ​ខៀវ​ថា​បាន​បដិវត្ត​ការ​ប្រកួត​បាល់ទាត់​នៅ​អង់គ្លេស ពិសេស​នៅ​ពេល​ចាប់​ផ្តើម​រដូវ​កាល។

Sarri អាច​ដោះស្រាយ​បញ្ហា​ឆាប់​រហ័ស​នៅ​ក្លឹប Chelsea ដោយ​មិន​ដែល​ស្គាល់​បរាជ័យ​សោះ​សម្រាប់​១២​ប្រកួត​ដំបូង ដែល​​បាន​បង្កើត​កំណត់ត្រា​ ក្នុង​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​ក្រោយ​មក​យុទ្ធសាស្ត្រ​ប្រកួត​របស់​លោក​រង​ការ​រិះគន់​ដោយ​ចាញ់​ក្រុម​កំពូល​តារាង​១២​ពិន្ទុ។

​ក្បួន sarriball ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ការ​លេង​​បាល់​លឿន សម្រុក​លឿន ដោយ​ឲ្យ​តម្លៃ​ទៅ​លើ​ប្រព័ន្ធ​ប្រយុទ្ធ និង គុណភាព​ល្បឿន​កីឡាករ។

ក្នុង​បទសម្ភាសន៍​ឲ្យ Sky Sports គ្រូ​បង្វឹក​របស់ Man City យល់ថា​ការ​វិនិច្ឆ័យ​​ទៅ​លើ​ក្បួន​ប្រកួត​របស់​ Sarri គឺ​អយុត្តិធម៌​ណាស់។

“ក្នុង​នាម​ជា​អ្នក​ទស្សនា និង ជា​គ្រូ​បង្វឹក ខ្ញុំ​ព្យាយាម​ស្វែង​យល់​ពី​អ្វី​ដែល​គ្រូ​បង្វឹក​ដូច​គ្នា​កំពុង​ព្យាយាម​ធ្វើ" ។

“ខ្ញុំ​​ឃើញ​ Chelsea ខ្ញុំ​អាច​យល់​ពី​អ្វី​ដែល​​ពួកគេ​ចង់​ធ្វើ។ ប្រហែល​អ្នក​ផ្សេង​ មិន​អាច​មើល​ឃើញ​ពី​បំណង​ដែល​ពួកគេ [Chelsea] ចង់​ធ្វើ​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ"។

“នៅ​ពេល​អ្នក​មើល​ពី​ក្រុម មើល​ពី​កីឡាករ​ដែល​គេ​មាន...។ ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​ទីនោះ ពួកគេ​មាន​ខ្សែ​បម្រើ​ល្អ​បំផុត អ្នក​ចាំ​ទី​ល្អ និង ខ្សែ​ការពារ​ពោរពេញ​ដោយ​បទពិសោធន៍។ ពួកគេ​ច្បាស់​ណាស់​ថា​ពួកគេ​ចង់​ធ្វើ​អ្វី។ ថ្ងៃ​ស្អែក អាច​ជា​ថ្ងៃ​អន្សា​របស់​យើង"។

គ្រូ​បង្វឹក​កំពូលៗ នៃ​ក្របខ័ណ្ឌ Premier League ដែល​​ចូលចិត្ត​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ​នឹង​កម្រ​ជោគជ័យ​ណាស់​នៅ​រដូវ​កាល​ដំបូង​​​របស់​ពួកគេ​នៅ​អង់គ្លេស។ គ្រូ​បង្វឹក​ដែល​អាច​កសាង​ក្រុម​មួយ​ខ្លាំង​បាន​ត្រូវ​​ស្វែងយល់​អំពី​គោលការណ៍​ស្មុគស្មាញ ដែល​អាច​ចំណាយ​ពេល​រាប់​ខែឬ​រាប់​ឆ្នាំ សូម្បី​តែ Guardiola, Jurgen Klopp និង Mauricio Pochettino សុទ្ធ​​តែ​មិន​ជោគជ័យ​នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ Premier League៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត