ដល់​ម៉ោង​ចេញ​ក្រៅ​បាន​ដឹង​ថ្ម​សល់ ២%! នេះ​វិធី​សាក​មួយភ្លែត ឡើង % ចង់​កប់

  • 2019-02-11 03:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ពិសោធន៍​បែប​នេះ អ្នក​ណា​ក៏​ធ្លាប់​ជួប​ដែរ ដោយ​រៀបចំ​ទាញ​ស្បែកជើង​ទៅ​ក្រៅ​ហើយ បែរ​ជា​នឹក​ឃើញ​រឿង​ថ្ម​ទូរសព្ទ​ខ្លួន​ឯង​អស់​សឹង​ចង់​រលត់​ទៅ​ហើយ។ សម្រាប់​អ្នក​មាន Power Bank អាច​ថា​មិនមែន​ជា​បញ្ហា​ទេ តែ​សម្រាប់​អ្នក​អត់ អាច​មក​សាក​ប្រើ​វិធី​ខាង​ក្រោម ដែល Admin កំពុង​តែ​ប្រើ​រាល់​ថ្ងៃ។

១. ដោត​កន្លែង​ដែល​ត្រឹម​ត្រូវ

ភាគ​ច្រើន​នៅ​ពេល​ដែល​អ្នក​ប្រញាប់ អ្វី​ដែល​នៅ​ក្បែរ​ដៃ​អាច​ទាក​មក​សាក​បាន​គឺ​ប្រើ​ភ្លាម​ដូចជា Laptop ជាដើម។ ប៉ុន្តែ​ជា​ទូទៅ​រន្ធ USB 2.0 របស់​កុំព្យូទ័រ​បញ្ចេញ​កម្លាំង​បាន​ត្រឹម ២,៥ វ៉ាត់ និង USB 3.0 បញ្ចេញ​បាន​ត្រឹម ៤,៥ វ៉ាត់​ប៉ុណ្ណោះ ខណៈ​ដែល​ទូរសព្ទ​បច្ចុប្បន្ន​ខ្លះ​អាច​ទប់ទល់​រហូត​ដល់​កម្លាំង ១៥ វ៉ាត់​ឯណោះ។ វិធី​ដោះ​ស្រាយ​គឺ​ព្យាយាម​ដោត​ព្រី​ដែល​នៅ​ជាប់​ជញ្ជាំង ជាជាង​ដោត​នៅ​កុំព្យូទ័រ។

២. ប្រើ​ខ្សែ និង​ឆ្នាំង​សាក​ដែល​ត្រឹម​ត្រូវ

មិន​ប្រាកដ​ថា​ឆ្នាំង​សាក​ដែល​គេ​ដាក់​ឲ្យ​ក្នុង​ប្រអប់​សុទ្ធ​តែ​ល្អ ហើយ​សាក​លឿន​ទាំង​អស់​នោះ​ទេ។ ជាក់​ស្ដែង Smartphone Apple ជំនាន់​ក្រោយៗ​សុទ្ធ​តែ​មាន​មុខងារ​សាក​ថ្ម​លឿន ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ដាក់​ដុំ​សាក​លឿន​ឲ្យ​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ប្រហែល​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ហើយ។

៣. ដោះ​ស្រោម​ចេញ

ជាទូទៅ​រាល់​ពេល​អ្នក​សាក​ថ្ម តិច​ក្ដី​ច្រើន​ក្ដី ទូរសព្ទ​អ្នក​នឹង​ឡើង​កម្ដៅ ហើយ​ប្រសិន​អ្នក​កំពុង​ប្រើ​សម្បក​ការពារ​ទូរសព្ទ​ផង​នោះ វា​នឹង​បន្ត​ឲ្យ​មាន​កម្ដៅ​កាន់​តែ​ខ្លាំង ដែល​វា​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពន្យារ​ដល់​ការ​បញ្ចូល​ថ្ម​ផង​ដែរ។

៤. បិទ​អ្វី​ដែល​មិន​ចាំ​បាច់

Bluetooth, WiFi, 4G, GPS សុទ្ធ​តែ​អ្វី​ដែល​អ្នក​គួរ​តែ​ពិចារណា​បិទ ដោយ​សារ​ទោះ​បី​អ្នក​មិន​បាន​ប្រើ ឬ​ចុច​វា​ក៏​ដោយ តែ​មុខងារ​ទាំង​នេះ​ក៏​នៅ​តែ​ដំណើរ​ការ​ដដែល។ ថ្វី​ត្បិត​វា​មិន​លើស​ខ្វះ​គ្នា​ច្រើន​ក៏​ពិត​មែន តែ​ក៏​អាច​ជា​ចំនួន​មួយ​ឲ្យ​ទូរសព្ទ​អ្នក​រស់ ២ ៣ ម៉ោង​បន្ថែម​ដូច​គ្នា។

៥. កុំ​ប៉ះ

ចុង​ក្រោយ​នេះ​ជា​ចំណុច​ស្រួល​និយាយ តែ​ពិបាក​ធ្វើ ដោយ​សារ​ពេល​ខ្លះ​អាច​អផ្សុក​ដែល​អង្គុយ​ចាំ​មិន​មាន​អី​ចុច ឬ​ប្រញាប់ ហើយ​បន់​ឲ្យ​តែ​ថ្ម​ឡើង​បាន​គួរ​សម​អាល​នឹង​បាន​ដក​ចេញ។ តែ​អ្នក​កាន់​តែ​មើល ថ្ម​នឹង​កាន់​តែ​យឺត ដោយ​រាល់​ពេល​អ្នក​ចុច​មើល អេក្រង់​នឹង​បង្ហាញ​ពន្លឺ ដែល​ជា​ហេតុ​វា​កាត់​បន្ថយ​ថាមពល​ថ្ម​ដូច​គ្នា។ ដូចនេះ​បើ​ដាក់​ចិត្ត​សាក ២០នាទី គួរ​ទុក​ពេល​ទាំង​នេះ​ឲ្យ​ពេញលេញ​សឹម​ទៅ​ដក​មើល អ្នក​នឹង​ឃើញ​ពី​ភាព​ខុស​គ្នា៕

អត្ថបទ៖ វិទូ