ទី​បំផុត ខាន់ ជេមស៍ បំពេញ​បំណង​ឲ្យ​​កូន​ខ្មែរ​អាមេរិក​​ម្នាក់​បាន​សម្រេច

  • 2019-02-11 04:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​លោក ខាន់ ជេមស៍ បាន​ថ្លែង​ឲ្យ​ដឹង​ថា ខ្លួន​​បាន​បំពេញ​បំណង​កូន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ហើយ ក្នុង​ការ​​ក្លាយ​ជា​តារា​ចម្រៀង ដោយ​បច្ចុប្បន្ន​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​រូប​​នោះ កំពុង​តែ​ចាប់ដៃ​គូរ​​ច្រៀង​ជា​មួយ​លោក ធ្វើ​បទ​ចម្រៀង​ដើម្បី​វាយ​​លុក​​ទីផ្សារ​​​ចម្រៀង​នៅ​កម្ពុជា។

កូន​ខ្មែរ​អាមេរិក​ដែល​លោក ខាន់ ជេមស៍ យក​មក​ចាប់​ដៃគូ​ជា​មួយ​ក្នុង​ផលិតកម្ម​សាន់ដេ​​នោះ​មាន​ឈ្មោះ​ឈ្មោះ មុត វ៉ៃ( Mout wei )រស់​នៅ​រដ្ឋ​កាលីហ្វញ៉ា មាន​ម្ដាយ​ឪពុក​ជា​ខ្មែរ​មាន​កំណើត​នៅ​ខេត្ត​បាត់​ដំបង។ តាម​ការ​បញ្ជាក់​ពី​ម្ចាស់​បទ​"បុប្ផា​ក្រពុំ" លោក មុត វ៉ៃ គឺ​ជា​​មនុស្ស​ម្នាក់​ដែល​មាន ទេពកោសល្យ​សិល្បៈ​ពី​កំណើត ជំនាញ​ធ្វើ​ភ្លេង រាំ និង​ច្រៀង​ជា​ដើម។ ទទឹម​គ្នា​នោះ​ដែរ លោក​ក៏​មាន​ក្រុម​​សិល្បៈ​មួយ​ក្រុម នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។

លោក ខាន់ ជេមស៍ បាន​បន្ត​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស្គាល់ មុត វ៉ៃ ៧​ឆ្នាំ​មុន គ្រា​ទៅ​​ច្រៀង​លើ​ទឹក​ដី​អាមេរិក ដែល​លោក ​មុត វ៉ៃ គឺ​ជា​ក្មួយ​ម្ចាស់​ស្ពុនស័រ​ដែល​ធានា​លោក​ទៅ​ច្រៀង។

ផ្ដើម​ពី​អ្នក​គាំទ្រ ហើយ​មាន​​ទេពកោសល្យ​សិល្បៈ​ពី​កំណើត​ផង កូន​ខ្មែរ​កាត់​អាមេរិក​ម្នាក់​នេះ តែង​តែ​ចង់​មក​ធ្វើ ជា​អ្នក​សិល្បៈ​នៅ​ស្រុក​ខ្មែរ។ ខាន់ ជេមស៍ ថា បច្ចុប្បន្ន​លោក​បាន​សាក​ល្បង​ធ្វើ​បទ​ចម្រៀង​ជា​មួយ​គ្នា​បាន​​១បទ​ហើយ​គឺ​បទ"My first love" ដែល​ជា​បទ​ញាក់ ច្រៀង​រហូត​ដល់​ទី​៣​ភាសា មាន​ខ្មែរ អង់គ្លេស និង ថៃ។

ជា​មួយ​នឹង​​បទ​ចម្រៀង​​​១​បទ​នេះ ខាន់ ជេមស៍ ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ខ្លួន​បាន​នាំ​​ដៃគូ​រូប​នេះ​ឡើង​ច្រៀង តាម​កម្មវិធី​ប្រគំតន្ត្រី​ធំ​ៗ​មួយ​ចំនួន​​មក​ហើយ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ផង​ដែរ។

បទ "My first love” ក៏​គ្រោង​នឹង​ផលិត​​ជា MV ឆាប់ៗ​នេះ​ផង​ដែរ។ ក្រៅ​ពី​ការ​ផលិត​បទ​ចម្រៀង​ជា​មួយ​គ្នា​ជា​បន្ត​បន្ទាប់ លោក ខាន់ ជេមស៍ បង្ហើប​ឲ្យ​ដឹង​ថា កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ក៏​គ្រោង​និង បង្កើត​ក្លឹប​រាំ​នៅ​ស្រុក​ខ្មែរ ត្បិត​អី​លោក គឺ​ជា​គ្រូ​បង្រៀន​រាំ​១រូប​​លើ​​ទឹក​ដី​អាមេរិក​ផង​ដែរ។

មុត វ៉ៃ(រូបថត៖ ផ្ដល់​ដោយ ជេមស៍)

ម្ចាស់​បទ"សម្រែក​បេះ​ដូង" រូប​នេះ​បាន​ថ្លែង​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​​ណាស់​នៅ​ពេល​បាន​ចាប់ដៃ​គូ​ជា​មួយ​លោក មុត វ៉ៃ និង​បាន​បំពេញ​​បំណង​ដែល​កូន​ខ្មែរ​អាមេរិក​រូប​នេះ​ចង់​បាន។

លោក​រំពឹង​ថា កិច្ចសហការ​នេះ​និង​បន្ត​ផលិត​ស្នាដៃ​ឲ្យ​បាន​ច្រើន​​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន ទទឹម​គ្នា​គ្នា​នោះ​ដែរ ខាន់ ជេមស៍ ក៏​បាន​ស្នើ​ទៅ​ទស្សនិកជន​មេត្តា​​បន្ត​គាំទ្រ ពួក​គេ​ទាំង​ពីរ ដើម្បី​ជា​កម្លាំង​ចិត្ត​ក្នុង​​ការ​ផលិត​បទ​ចម្រៀង​និង​ស្នាដៃ​សិល្បៈ​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់​ទៀត៕

អត្ថបទ៖ ស៊ុន ហួត