បាត់​មុខ​តារា​សម្ដែង ទេព វាសនា ២០​ឆ្នាំ ឥឡូវ​ទើប​ដឹង​ថា ជា​មន្ត្រី​ថ្នាក់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល

  • 2019-02-12 09:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទេព វាសនា ដែល​ប្រិយមិត្ត​បាន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ក្នុង​ចម្រៀង​ខារ៉ាអូខេ និង​ភាពយន្ត​ជា​ច្រើន​នោះ​កាល​ពី​អតីតកាល​នោះ បាន​បាត់​មុខ​ឈឹង​អស់​ពេល​ប្រមាណ ២០​ឆ្នាំ និង​ទើប​ដឹង​ថ្ងៃ​នេះ​ថា លោក​នៅ​រស់ និង​មាន​ឋានៈ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ផង។

ទំព័រ Movie Star Research របស់​តារា​ចម្រៀង ស៊ិន ឧត្តម​ផល្លា បាន​បើក​កកាយ​ជុំ​វិញ​អតីត​តារា​សម្ដែង លោក ទេព វាសនា នៅ​ថ្ងៃ​នេះ។ ការ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចចាមអារ៉ាម​កន្លក​មក​ថា តារា​សម្ដែង បាន​ទទួល​មរណភាព ក្រោយ​បាត់​មុខ​ឈឹង​ជាង ២០​ឆ្នាំ។

ស៊ិន ឧត្តម​ផល្លា ស្ថាបនិក Movie Star Research

តាម​ទំព័រ​ស្រាវ​ជ្រាវ​ពី​ប្រវត្តិ​សិល្បករ​ចាស់​ៗ​ខាង​លើ បាន​ឲ្យ​ដឹង​ថា លោក ទេព វាសនា មិន​បាន​ទទួល​មរណភាព​ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ ពោល​គឺ លោក​​នៅ​មាន​ជីវិត និង​ថែម​ទាំង​មាន​ការងារ​ល្អ​កំពុង​កាន់​កាប់​ក្នុង​ដៃ​ផង ដោយ​លោក​មាន​ងារ​ជា​ឯកឧត្តម​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ ទំព័រ​បណ្ដាញ​សង្គម​ដដែល មិន​បាន​បញ្ចេញ​លម្អិត​ថា​លោក មាន​មុខ​តំណេង​ជា​អ្វី នៅ​ក្នុង​ក្រសួង​ណា​មួយ​របស់​រដ្ឋាភិបាល​ឡើយ។

ជាមួយ​ការ​អះអាង​ថា ពី​វត្តមាន​របស់​លោក ទេព វាសនា រូប​ថត​បច្ចុប្បន្ន និង​រូប​អតីត​កាល​ជា​ច្រើន​សន្លឹក​របស់​លោក ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ។ រូប​ទាំង​នោះ បង្ហាញ​ថា លោក ទេព វាសនា មាន​វ័យ​ចាស់​ជាង​មុន​ច្រើន ដោយ​បច្ចុប្បន្ន​លោក​បាន​ឈាន​មក​ដល់​វ័យ ៤៥​ឆ្នាំ​ទៅ​ហើយ ហើយ​លោក​មាន​កូន​ចំនួន​បីនាក់ ស្រីពីរ ប្រុសមួយ កំពុង​តែ​រស់​នៅ​ក្នុង​ស្រុក​ទាំង​អស់​គ្នា។

លោក ទេព វាសនា នា​ពេល​បច្ចុប្បន្ន

លោក ទេព វាសនា គឺ​ជា​អតីត​តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​តាំង​ពី​ទសវត្សរ៍ ៩០ ដោយ​គេ​នៅ​ចាំ​បាន​ថា គឺ​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ក្នុង​ពិភព KARAOKE សឹង​តែ​គ្រប់​ផលិតកម្ម​អស់​រយៈកាល​ជាង២០​ឆ្នាំ​មក​ហើយ។ លោក​បាន​ដក​ខ្លួន​ចេញ​ពី​ពិភព​សិល្បៈ ឈឹង​អំឡុង​ឆ្នាំ ២០០០ ដែល​ធ្វើ​ឲ្យ​ការ​បាត់​ខ្លួន​នេះ មាន​ចចាមអារ៉ាម​ថា លោក​បាន​ទទួល​មរណភាព​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ប្រមាណ​១០​ឆ្នាំ​មុន ធ្លាប់​ព័ត៌មាន​ម្ដង​ដែរ​ថា លោក ទេព វាសនា បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ប៉ូលិស​ដែល​កាន់​តំណែង​ជា​អធិការ​បម្រើ​ការ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ​ផង៕

លោក ទេព វាសនា និង​ក្រុម​គ្រួសារ(រូបភាព៖ ទំព័រ Movie Star Research)

អត្ថបទ៖ ទារិកា