Jakarta ដាក់ MRT ដើម្បីកម្ចាត់ការករស្ទះចរាចរណ៍

  • 2019-02-16 04:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម Channel News Asia ទីក្រុងហ្សាកាតា នឹងចាប់ផ្ដើមជំហា៊នដំបូងរបស់ខ្លួនដាក់ចេញនូវប្រព័ន្ធដឹកជញ្ជូន MRT​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

ការដាក់ចេញនេះ ក្រោយឃើញការកកស្ទះក្នុងទីក្រុងបេះដូងនៃប្រទេសឥណ្ឌូណេស៊ីមួយនេះ មានសភាពអាក្រក់ខ្លាំង។

លោក William Sabandar នាយកនៃ MRT ប្រទេសឥណ្ឌូណេស៊ី មានប្រសាសន៍ថា ៖ "នេះជាសកម្មភាពមួយ ដើម្បីផ្លាស់ប្ដូរទីក្រុង ហ្សាកាតា។ នេះជាចលនាមួយ ដើម្បីធ្វើឱ្យទីក្រុងហ្សាកាតាល្អប្រសើរ គ្មានការកកស្ទះ"។

នៅពេលដំណាក់កាលទីមួយចាប់ផ្តើមដំណើរការនៅក្នុងខែមីនា រថភ្លើងចំនួន ១៤គ្រឿង នឹងត្រូវបានដាក់ដំណើរការ ចាប់ពីម៉ោង ៥ ព្រឹករហូតដល់ពាក់កណ្ដាលយប់ ខណៈ ២ គ្រឿងផ្សេងទៀត នឹងត្រូវដាក់ប្រចាំការ ក្នុងករណីមានហេតុការណ៍បន្ទាន់។

ផលិតដោយក្រុមហ៊ុនជប៉ុន Nippon Sharyo រថភ្លើងនីមួយៗអាចផ្ទុកមនុស្សបាន ១ ៩៥០ នាក់ បើកបរក្នុងល្បឿនចន្លោះពី ៨០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដំណាក់កាលទី១ ខាងជើងឈៀងខាងត្បូង ខ្សែទី១ ​សាងសង់បាន ៩៨% ហើយរំពឹងថា នឹងអាចដឹកអ្នកដំណើរបាន ១៣០ ០០០ នាក់ក្នុងមួយថ្ងៃ និងមានតម្លៃ ០.៦ ដុល្លារអាមេរិកក្នុងចម្ងាយផ្លូវ ១០គីឡូម៉ែត្រ អាស្រ័យតាមទិសដៅ។ សេវាកម្មនេះត្រូវបាន Channel News Asia ចុះផ្សាយថា អាចគ្រប់គ្រងដោយរដ្ឋាភិបាល។

បច្ចុប្បន្នទីក្រុង ហ្សាកាតា បានផ្ដល់ជម្រកដល់មនុស្សច្រើនជាង ៣០ លាននាក់ ហើយក្នុងមួយថ្ងៃឥណ្ឌូណេស៊ី មានអ្នកធ្វើដំណើរ ៤២លាននាក់ ខណៈ ២២លាននាក់ធ្វើដំណើរក្នុងទីក្រុង ហ្សាកាតា៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ