ជនបរទស៣រូបនេះហើយ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ពេលច្រៀងជាភាសាខ្មែរ
- 2019-02-20 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនបរទស៣រូបនេះហើយ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ពេលច្រៀងជាភាសាខ្មែរ
ចន្លោះមិនឃើញ
ធ្លាប់ធ្វើឲ្យទស្សនិកជន និងអ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើននៅកម្ពុជា រំជួលចិត្តម្ដងរួចហើយ ដោយសារជនបរទេស៣រូប បានបកស្រាយចម្រៀងជាភាសាខ្មែរ បានយ៉ាងល្អ ដោយបង្ហោះលើបណ្ដាញសង្គម។ វីដេអូចម្រៀងរបស់អ្នកទាំងបី ត្រូវបានអ្នកប្រើប្រាស់អ៊ីនធឺណេតចែករំលែកយ៉ាងច្រើន និងចុចទស្សនាច្រើនពាន់ដង ។
កាន់តែពិសេសជាងនេះទៀត ជនបរទេសទាំងបីរូប ប្រាប់ហេតុផលដូចគ្នាថា ចម្រៀងខ្មែរពីរោះ ទើបធ្វើឲ្យពួកគេចង់ច្រៀងតាម និងព្យាយាមច្រៀងឲ្យបានល្អ ។
១. លោក Euan Gray
ជនជាតិបរទេសរូបនេះ បានបកស្រាយបទចម្រៀងមានចំណងជើងថា "បងស្រណោះសំដី" ធ្វើឲ្យផ្ទុះពេញបណ្ដាញសសង្គម។ ចំណុចគួរចាប់អារម្មណ៍ បុរសច្រមុះស្រួចរូបនេះ ចេះច្រៀងជាភាសាខ្មែរបានច្បាស់ល្អ ហើយទឹកដមសំឡេងពីរោះថែមទៀត។ រឹតតែពិសេស រូបគេចេះសរសេរជាភាសាខ្មែរថែមទៀត។ តាមការឲ្យដឹង លោក Euan Gray ជាជនជាតិអូស្ត្រាលី បានរៀបការជាមួយស្ត្រីខ្មែរម្នាក់នៅខេត្តបាត់ដំបង។
ជាមួយនឹងការបញ្ចេញវត្តមានគួរឲ្យភ្ញាក់ផ្អើល Euan Gray បានថ្លែងថា "ការផ្សងព្រេងរបស់ខ្ញុំក្នុងការច្រៀងជាភាសាខ្មែរនៅមានបន្តទៀត"។ ចំពោះបទចម្រៀងខ្មែរដំបូងដែលលោកបានច្រៀង គឺបទ "អានី" ដែលទទួលការគាំទ្រច្រើនផងដែរ ពីអ្នកប្រើប្រាស់អ៊ីនធឺណេត។
២. កញ្ញា អេមីលី ហាវ
នារីជនបរទេសរូបនេះ ទទួលបានការគាំទ្រខ្លាំងពេលសូត្រកំណាព្យខ្មែរ បទ "អនិច្ចាតោថ្ម" បានយ៉ាងល្អ ក្រោយពីបង្ហោះលើបណ្ដាញសង្គម។ អេមីលី ហាវ គឺជាបេក្ខជនបណ្ឌិតមកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក ដោយបានហាត់រៀនជាមួយអ្នកគ្រូ កែម ចន្ធូ ថ្នាក់ចម្រៀងបុរាណខ្មែរ នៅសាលាតូរ្យតន្ត្រី ហ៊ឹម សុភី។ លើសពីនេះ នារីជនជាតិអាមេរិករូបនេះ អាចលេងឧបករណ៍តន្ត្រីខ្មែរ ឧបករណ៍បុរាណបានយ៉ាងប៉ិនប្រសព្វផងដែរ។
កន្លងមកគេឃើញ អេមីលី ក៏បានបង្ហើរសំនៀង មានចំណងជើងថា "បើនាងបុកស្រូវ" ដោយបញ្ចេញសូរស័ព្ទជាភាសាខ្មែរ បានយ៉ាងពីរោះរណ្ដំ ។
៣. កញ្ញា សង់ដ្រីន (Kanha Sandrine)
កញ្ញា សង់ដ្រីន ជាជនជាតិកាណាដា ដែលតែងធ្វើឲ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់ នូវទឹកចិត្តស្រលាញ់សិល្បៈចម្រៀងខ្មែរ។ នារីបរទេសរូបនេះ បានបង្ហោះបទចម្រៀងខ្មែរ ច្រើនបទ ដូចជា "ម្លប់ដូង" "ថើបអូនមួយខ្សឺត" "ចំប៉ាបាត់ដំបង" ជាដើម។ កាន់តែសរសើរទៀតនោះ សង់ដ្រីន ប្រើប្រាស់ភាសាខ្មែរបានល្អ មិនចាញ់ជនជាតិខ្មែរនោះទេ។
កញ្ញាអាចច្រៀងបាន៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងបារាំង ដោយសង់ដ្រីន ជាអ្នកចម្រៀងផង និងតារាសំដែងផង។ ក្រៅពីចេះច្រៀងភាសាខ្មែរបានពីរោះ នារីជនជាតិកាណាដារូបនេះ ថែមទាំងចេះសរសេរភាសាខ្មែរបានត្រឹមត្រូវទៀតផង ដោយរូបនាងធ្លាប់ប្រាប់ថា នាងចំណាយពេលរៀនអក្សរខ្មែរអស់ពេលជាយូរ និងប្រាប់ថា ស្រលាញ់ប្រទេសកម្ពុជាខ្លាំងណាស់៕