ជនបរទស៣រូបនេះហើយ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ពេលច្រៀងជាភាសាខ្មែរ

  • 2019-02-20 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន ​និង​អ្នក​ប្រើ​ប្រាស់​អ៊ី​នធឺ​ណេត​ជា​​ច្រើ​ន​នៅ​កម្ពុជា ​រំជួល​ចិត្ត​​ម្ដង​រួច​ហើយ ​ដោយសារ​ជន​បរទេស​៣​រូប ​បាន​បក​ស្រាយ​ចម្រៀង​ជា​ភាសាខ្មែរ ​បាន​យ៉ាង​ល្អ ​ដោយ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ​វីដេអូ​ចម្រៀង​របស់​អ្នក​​ទាំង​បី ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត​ចែក​រំលែកយ៉ាងច្រើន ​និង​ចុច​ទស្សនា​ច្រើន​ពាន់​ដង ។

កាន់​តែ​​ពិសេស​ជាង​នេះ​ទៀត ​ជន​បរទេស​​ទាំងបីរូប ​ប្រាប់​ហេតុ​ផល​ដូច​គ្នា​ថា​ ចម្រៀង​ខ្មែរ​ពី​រោះ ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ចង់​ច្រៀង​តាម និង​ព្យាយាម​ច្រៀង​ឲ្យ​បាន​ល្អ ​។

១. លោក Euan Gray

ជន​ជាតិ​បរទេស​រូប​នេះ​ បាន​បក​ស្រាយ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "បង​ស្រណោះ​សំដី" ធ្វើ​ឲ្យ​ផ្ទុះ​ពេញ​​បណ្ដាញ​ស​សង្គម​។ ចំណុច​គួរ​ចាប់​អារម្មណ៍ បុរស​ច្រមុះ​ស្រួច​រូប​នេះ ចេះ​ច្រៀង​ជា​ភាសា​ខ្មែរ​បាន​ច្បាស់​ល្អ ហើយ​ទឹក​ដម​សំឡេង​ពីរោះ​ថែម​ទៀត។ រឹត​តែ​ពិសេស រូប​គេ​ចេះ​សរសេរ​ជា​ភាសា​ខ្មែរ​ថែម​ទៀត។ តាម​ការ​ឲ្យ​ដឹង​ លោក Euan Gray​ ជា​ជន​ជាតិ​អូស្ត្រាលី ​​​​បាន​រៀប​ការ​ជាមួយ​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ខេត្ត​បាត់​ដំបង។

ជាមួយ​នឹង​ការ​បញ្ចេញ​វត្តមាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល Euan Gray បានថ្លែង​ថា "ការ​ផ្សង​ព្រេង​របស់​ខ្ញុំ​ក្នុង​ការ​ច្រៀង​ជា​ភាសា​ខ្មែរ​នៅ​មាន​បន្ត​ទៀត"។ ចំពោះ​បទ​ចម្រៀង​ខ្មែរ​ដំបូង​ដែល​លោក​បាន​ច្រៀង ​​គឺ​បទ ​"​អា​នី​" ដែល​ទទួល​ការ​គាំទ្រ​ច្រើន​ផង​ដែរ ​ពី​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត។

២. កញ្ញា អេ​មី​លី ហាវ

​នារី​ជន​បរទេស​រូប​នេះ​ ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពេល​សូត្រ​កំណាព្យ​ខ្មែរ​ ​បទ "​អនិច្ចា​តោ​ថ្ម​" ​បាន​យ៉ាង​ល្អ ក្រោយ​ពី​បង្ហោះ​លើ​បណ្ដាញ​សង្គម។ អេ​មី​លី ហាវ ​​គឺ​ជា​បេក្ខជន​បណ្ឌិត​មក​ពី​សាកល​វិទ្យាល័យ​បូ​ស្តុន ​សហរដ្ឋ​អាមេរិក ដោយ​បាន​ហាត់​រៀន​ជាមួយ​អ្នក​គ្រូ ​កែម ចន្ធូ ​ថ្នាក់​ចម្រៀង​បុរាណ​ខ្មែរ នៅ​សាលា​តូរ្យ​តន្ត្រី ហ៊ឹម សុ​ភី។ លើស​ពី​នេះ ​នារី​ជន​ជាតិ​អាមេរិក​រូប​នេះ ​អាច​លេង​ឧបករណ៍​តន្ត្រី​ខ្មែរ ឧបករណ៍​បុរាណ​បាន​យ៉ាង​ប៉ិន​ប្រសព្វ​ផង​ដែរ។​​

​កន្លង​មក​គេ​ឃើញ​ អេមីលី ​ក៏​បាន​បង្ហើរ​សំនៀង​ មាន​ចំណង​ជើង​ថា ​"​បើ​នាង​បុក​ស្រូវ​" ដោយ​បញ្ចេញ​សូរស័ព្ទ​ជា​ភាសា​ខ្មែរ ​បាន​យ៉ាង​ពីរោះ​រណ្ដំ ។​​

៣. កញ្ញា សង់​ដ្រីន (Kanha Sandrine)  

កញ្ញា សង់​ដ្រីន ជា​ជន​ជាតិ​កា​ណា​ដា ​ដែល​តែង​ធ្វើ​ឲ្យ​មហាជន​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់ ​នូវ​ទឹក​ចិត្ត​ស្រលាញ់​សិល្បៈ​ចម្រៀង​ខ្មែរ។ នារី​បរទេស​រូប​នេះ ​បាន​បង្ហោះ​បទ​ចម្រៀង​ខ្មែរ​ ច្រើន​បទ​ ដូច​ជា "ម្លប់​ដូង" "ថើប​អូន​មួយ​ខ្សឺត" "ចំប៉ា​បាត់​ដំបង" ជា​ដើម។ កាន់​តែ​សរសើរ​ទៀត​នោះ ​សង់​ដ្រីន ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​បាន​ល្អ ​មិន​ចាញ់​ជន​ជាតិ​ខ្មែរ​នោះ​ទេ។

​កញ្ញា​អាច​ច្រៀង​បាន​​៣​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង ​ដោយ​​សង់​ដ្រីន ជា​អ្នក​ចម្រៀង​ផង និង​តារា​សំដែង​ផង។ ​ក្រៅ​ពី​ចេះ​ច្រៀង​ភាសា​ខ្មែរ​បាន​ពីរោះ ​នារី​ជន​ជាតិ​កា​ណា​ដា​​រូប​នេះ​ ថែម​ទាំង​ចេះ​សរសេរ​ភាសា​ខ្មែរ​បាន​ត្រឹម​ត្រូវ​ទៀត​ផង ​ដោយ​រូប​នាង​​ធ្លាប់​ប្រាប់​ថា ​នាង​ចំណាយ​ពេល​រៀន​អក្សរ​ខ្មែរ​អស់​ពេល​ជា​​យូរ ​និង​ប្រាប់​ថា ​ស្រលាញ់​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់៕

អត្ថបទ៖ លឹម សុនា