វិធី៩យ៉ាង ជួយបង្កើនទំនុកចិត្ត ដើម្បីទទួលបានការងារក្នុងក្តីសុបិនរបស់អ្នក
- 2019-02-24 04:19:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី៩យ៉ាង ជួយបង្កើនទំនុកចិត្ត ដើម្បីទទួលបានការងារក្នុងក្តីសុបិនរបស់អ្នក
ចន្លោះមិនឃើញ
ជារឿយៗ តើមានប៉ុន្មានលើកដែលអ្នកតែងតែគិតថាអ្នកនឹងទទួលបានការងារក្នុងក្តីសុបិនរបស់អ្នក ឬ ថាអ្នកនឹងអាចមានជីវិតល្អប្រសើរជាងនេះប្រសិនបើអ្នកមានទំនុកចិត្តលើខ្លួនឯង?
គ្មាននរណាម្នាក់កើតមកជាមួយទំនុកចិត្តនោះទេ ប៉ុន្តែអ្នកអាចកសាងវាបាន។ ខាងក្រោមនេះគឺជាវិធី៩យ៉ាងដើម្បីអភិវឌ្ឍទំនុកចិត្ត៖
១ រៀនទទួលយកការសរសើរ
មនុស្សគ្រប់គ្នាមានប្រតិកម្មចំពោះការសរសើរខុសៗគ្នា។ មនុស្សខ្លះប្រែជាខ្មាស់អៀនហើយថែមទាំងទាញចំណាប់អារម្មណ៍ទៅលើគុណវិបត្តិរបស់ខ្លួនទៀតក៏មាន។ នេះគឺជាវិធីខុសចំពោះប្រតិកម្មការសរសើរ ហើយវាបង្ហាញថាអ្នកជាមនុស្សគ្មានទំនុកចិត្តលើខ្លួនឯង។ ក្រៅពីនេះវាហាក់បីដូចជាអ្នកមិនឱ្យតម្លៃទៅលើមតិរបស់អ្នកដែលបានសរសើរ។
វិធីល្អបំផុតក្នុងការប្រតិកម្មចំពោះការកោតសរសើរ គឺសូមញញឹមដោយស្មោះ ហើយនិយាយថា "អរគុណច្រើន"។ កុំចេះតែសន្មតថាមនុស្សម្នាក់សរសើរអ្នក គ្រាន់ជាពាក្យបន្លំ។ ចូរចាំថា ទទួលយកការសរសើរ ខុសពីអំនួតដែលអ្នកអួតប្រាប់អ្នកដទៃ។
២ កុំព្យាយាមធ្វើឱ្យល្អឥតខ្ចោះ
ឧទាហរណ៍ថា អ្នកចេះជំនាញច្រើននៅការិយាល័យ ប៉ុន្តែគ្មានជំនាញណាមួយដែលអ្នកគិតថាល្អគ្រប់គ្រាន់សម្រាប់អ្នកសោះ ឬ នៅពេលអ្នកកំណត់គោលដៅដែលអ្នកពិបាកទៅដល់ អ្នកតែងមានការថប់ បារម្ភ ខ្លាចមិនជោគជ័យ។
មនុស្សជោគជ័យក៏ចេះធ្វើខុស ហើយសោកស្ដាយចំពោះការសម្រេចចិត្តមួយចំនួនដែលពួកគេបានធ្វើ។ ប៉ុន្តែពួកគេរៀនពីមេរៀនទាំងនោះ ហើយអ្នកក៏គួរធ្វើដូច្នោះដែរ។
៣ រៀនប្រើក្រសែភ្នែកនៅពេលសន្ទនា
អ្នកអាចមើលឃើញអារម្មណ៍មនុស្សដោយការសម្លឹងភ្នែកគេ។ ចាប់តាំងពីអាយុ៩ខែ ទារកចាប់ផ្ដើមចេះសម្លឹងភ្នែកឪពុកម្ដាយរបស់ពួកគេ ដើម្បីយល់ពីអារម្មណ៍ពួកគាត់។ មនុស្សកុហកតែងគេចភ្នែក ដើម្បីលាក់ការពិតដែលគេកំពុងកុហក។
នៅពេលមាននរណាម្នាក់គេចភ្នែក មានន័យថា គេខ្វះទំនុកចិត្ត។ ដូច្នេះ ការរក្សាភ្នែកជាមួយមនុស្សនឹងជួយអ្នកឱ្យឈ្នះទំនុកចិត្ត និង បញ្ចុះបញ្ចូលពួកគេជឿថាអ្នកស្មោះត្រង់។
៤ បញ្ឈរឲ្យត្រង់ខ្នង និង ប្ដូរពីរបៀបដើររបស់អ្នក
ខ្នងត្រង់ កាយវិការរស់រវើក ដើរដោយទំនុកចិត្ត នេះគឺជាសញ្ញាណនៃមនុស្សដែលមានជំនឿចិត្ត។ ដូច្នេះ ងើបក្បាលឡើង ដើរឲ្យត្រង់ខ្លួន សម្លឹងឡើងលើ ជាជាងអោនមុខចុះ។ មនុស្សនៅជុំវិញអ្នក នឹងសម្គាល់អ្នក ហើយអ្នកនឹងកត់សម្គាល់ថាអ្នកនឹងមានអារម្មណ៍ខុសប្លែក។ ការស្រាវជ្រាវបានបង្ហាញថា ភាសាកាយវិការរបស់មនុស្សមានទំនុកចិត្តនឹងបន្ថយកម្រិតនៃភាពតានតឹង (stress)។
៥ បោះចោលគំនិតអវិជ្ជមាន
ការត្រួតពិនិត្យការសន្ទនាផ្ទៃក្នុងរបស់អ្នកគឺជាមធ្យោបាយមួយដ៏លំបាក ប៉ុន្តែវាមានប្រសិទ្ធភាពបំផុតដើម្បីដាក់វិន័យខ្លួនអ្នក។ អ្នកក៏អាចសរសេរនូវរាល់គុណសម្បត្តិរបស់អ្នកក្នុងបញ្ជីមួយ ហើយអានវានៅពេលដែលគំនិតអវិជ្ជមានមកសន្ថិតលើខួរក្បាលអ្នក។
៦ កត់សមិទ្ធផលរបស់អ្នក
អ្នកអាចធ្វើសៀវភៅកំណត់ហេតុ ហើយកត់រឿងជោគជ័យថ្មីៗរបស់អ្នករាល់ថ្ងៃ។ មិនចាំបាច់ទាល់តែជោគជ័យធំៗទេ កត់រាល់រឿងតូចៗឆ្ពោះទៅគោលដៅរបស់អ្នក។ ឧទាហរណ៍ "ថ្ងៃនេះខ្ញុំបានអានសៀវភៅ៥ទំព័រ...ខ្ញុំបានដាក់ចិត្តហាត់ប្រាណបាន២០នាទី...”។
នៅពេលអ្នកមានហេតុផលច្រើនដើម្បីធ្វើឲ្យខ្លួនឯងមានមោទនភាព វានឹងជួយបង្កើនទំនុកចិត្តរបស់អ្នក។
៧ ចាប់ផ្ដើមនិយាយជាមួយមនុស្សមិនដែលស្គាល់
វាជាការលំបាកក្នុងការនិយាយជាមួយមនុស្សមិនដែលស្គាល់។ ប៉ុន្តែអ្នកនឹងមានទំនុកចិត្តបន្ថែមទៀតនៅពេលក្រោយ។
៨ ហ៊ានស្នើឲ្យគេជួយ
មនុស្សចូលចិត្តមានអារម្មណ៍ថាមានសារៈសំខាន់ និង មានតម្លៃ។ មនុស្សគ្រប់គ្នាគួរតែមាននរណាម្នាក់ដែលពួកគេអាចពឹងពាក់បាន ប៉ុន្តែមានមនុស្សតិចតួច ប៉ុណ្ណោះដែលនឹងស្វែងរកជំនួយ។
៩ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកលើប្រព័ន្ធផ្សព្វផ្សាយសង្គម
កុំមើលរូបថតមនុស្សដែលអ្នកស្គាល់ហើយប្រៀបធៀបពួកគេទៅនឹងខ្លួនអ្នក។ ទម្លាប់នេះអាចធ្វើឱ្យខូចខាតដល់ខ្លួនឯង។ ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកន្លែងដែលមនុស្សប្រកួតប្រជែងសំញែងភាពមានបានជោគជ័យ។ ពួកគេ postតែរូបស្រស់ស្អាត ពីកន្លែងអស្ចារ្យ។ ហើយមានមនុស្សតិចតួចណាស់ដែលថតរូបខ្លួនឯងនៅផ្ទះ ស្លៀកសំលៀកបំពាក់ធម្មតា ធ្វើការងារធម្មតា។
អ្នកគួរទុកពេលខ្លះពីពិភពស្រមើស្រមៃទាំងនោះ មករស់នៅក្នុងពិភពពិត ច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ទៅក្រៅ ជួបមិត្តភ័ក្ដិបងប្អូនពិត។ នៅឲ្យឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយសង្គម និង ជជែកជាមួយពួកគេដោយផ្ទាល់៕