ឃើញ​បាក់​ស្រឹប! ទូរសព្ទ​បត់​ Huawei តម្លៃ​​ស្មើ​ម៉ូតូ​ទំនើប​

  • 2019-02-25 02:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិលមិញ​នេះ Huawei បាន​ប្រកាស​ចេញ​ផលិតផល​ថ្មីៗ​ជា​ច្រើន ក្នុង​នោះ​មាន​ស្មាតហ្វូន​ម៉ូដែល Mate X ដែល​ជា​ស្មាតហ្វូន​បត់​ដំបូង​គេ​របស់​ក្រុមហ៊ុន​មួយ​នេះ។

ស្មាតហ្វូន​បត់​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពី Galaxy Fold របស់​ Samsung ដោយ​ Mate ពន្លា​ចេញ​ក្រៅ ចំណែក Galaxy Fold បត់​ចូល​ក្នុង។ ​អេក្រង់​ខាង​មុខ​របស់​ Mate X មាន​​​លាត​ពេញ​ផ្ទៃ​ទំហំ​ ៦,៦ អ៊ីញ ​ហើយ​​អេក្រង់​ខាង​ក្រោយ​មាន​ទំហំ ៦,៣៨ អ៊ីញ ពេល​ពន្លា​ចេញ​អស់​មាន​ទំហំ ៨ អ៊ីញ ដែល​ជា​អេក្រង់ AMOLED។

ស្មាតហ្វូន​នេះ​អាច​ទ្រាំទ្រ​នឹង​សេវា​ 5G ដែល​អាច​ទាញ​យក​វីដេអូ​ទំហំ ១ GB ក្នុង​ពេល​ត្រឹម​តែ ៣ វិនាទី។ បន្ទះ​ឈីប​ដែល​បំពាក់​លើ Mate X គឺ​ជា​ Kirin 980 មាន​ល្បឿន​រត់​ ២,៦ GHz និង​សន្សំសំចៃ​ថាមពល។ វា​មាន​អម​ដោយ​ RAM ទំហំ ៨ GB និង​អង្គ​ផ្ទុក​ទំហំ ៥១២ GB ព្រម​ទាំង​មាន​ថ្ម​ទំហំ ៤៥០០ mAh ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Huawei Supercharge។

កាមេរ៉ា​បំពាក់​លើ Mate X មាន​ចំនួន​ ៣ គ្រាប់​ដែល​ជា​កាមេរ៉ា​សហការ​ផលិត​ជា​មួយ​ Leica មាន​កាមេរ៉ា​មេ​​ជា​ប្រភេទ​ធម្មតា​, កាមេរ៉ា​ទីពីរ​ជា​ Telephoto និង​ទីបី​ជា​​កាមេរ៉ា​ Ultra-Wide។ កាមេរ៉ា​ ៣ គ្រាប់​នេះ​ក៏​អាច​ប្រើ​ប្រាស់​សម្រាប់​ថត​ Selfie បាន​ផង​ដែរ។

Mate X នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ ដោយ​លើ​ទីផ្សារ​​អឺរ៉ុប​មាន​តម្លៃ​ ២ ២៩៩ អឺរ៉ូ ដែល​ស្មើ​ប្រមាណ​ ២ ៦០០ ដុល្លារ​ឯណោះ៕​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង