កម្ពុជានឹងបង្កើតប្រវត្តិសាស្ត្រ បើឈ្នះវៀតណាមរសៀលនេះ
- 2019-02-26 02:09:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងបង្កើតប្រវត្តិសាស្ត្រ បើឈ្នះវៀតណាមរសៀលនេះ
ចន្លោះមិនឃើញ
ក្រុមកម្ពុជាអាយុ២២ឆ្នាំនឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ប្រសិនបើអាចយកឈ្នះក្រុមខ្លាំងវៀតណាមដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣នៃការប្រកួតជើងឯកយុវជនអាស៊ាន AFF U22 Championship 2019 រសៀលថ្ងៃនេះ។
កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រមួយហើយនៅក្នុងព្រឹត្តិការណ៍ដែលខ្លួនធ្វើម្ចាស់ផ្ទះនេះគឺឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីប្រកួតឈ្នះ២លើកជាប់គ្នាដោយមិនរបូតគ្រាប់ក្នុងវគ្គសន្សំពិន្ទុតាមពូល។ យ៉ាងណា កម្ពុជាមិនបានបង្កើតកំណត់ត្រាថ្មីឡើងវគ្គផ្តាច់ព្រ័ត្រឡើយ ដោយបានចាញ់ក្រុមយុវជនថៃដោយបាល់កាត់សេចក្តី ៥-៣។
ទោះបីជាមិនបានឡើងវគ្គផ្តាច់ព្រ័ត្រដែលជាកំណត់ត្រាមិនធ្លាប់មានសម្រាប់វិស័យបាល់ទាត់កម្ពុជា ក៏កម្ពុជានៅមានឱកាសបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដើម្បីយកចំណាត់ថ្នាក់លេខ៣នៅពេលជួបក្រុមយុវជនវៀតណាមវេលាម៉ោង៣:៣០នាទីរសៀលនេះ។
អ្វីដែលគួរកត់សំគាល់គឺ អ្នកចាំទីកម្ពុជា ហ៊ុល គឹមហ៊ុយ មិនទាន់របូតគ្រាប់ឡើយក្នុងការប្រកួតការប្រកួតពេញម៉ោងគឺ៩០នាទីមាន២ប្រកួត និង១២០នាទីមាន១ប្រកួត។ ប៉ុន្តែរូបគេរបូតគ្រាប់បាល់ទាត់កាត់សេចក្តីពេលកម្ពុជាចាញ់ថៃ ៥-៣។
នៅចាំបានថា កាលពីឆ្នាំ២០១៦ ក្រុមកម្ពុជាអាយុ១៦ឆ្នាំបានបង្កើតកំណត់ត្រាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ AFF U16 Championship 2016 ប៉ុន្តែចាញ់វៀតណាមនៅវគ្គនោះដោយលទ្ធផល ១-០។ ជើងឯកនោះ ក្រុម U16 កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីចាញ់ថៃ ៣-០ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។
បន្ទាប់មកនៅឆ្នាំ២០១៧ ក្រុមបាល់ទាត់នារីកម្ពុជាអាយុ១៥ឆ្នាំក៏បានឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ 2017 AFF U-16 Girls' Championship ប៉ុន្តែចាញ់ថៃនៅវគ្គនេះដោយលទ្ធផល ៦-០។ នារីកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីចាញ់មីយ៉ាន់ម៉ាដោយលទ្ធផល ៣-១ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៤៕