អស់​បារម្ភ​ហើយ! ក្រសួង​សុខាភិបាល​បន្ថែម​ទីតាំង​​​​ចាក់​វ៉ាក់សាំង​ជំងឺឆ្កែឆ្កួត

  • 2019-02-28 08:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មនុស្ស​ម្នា​​ជា​ច្រើន​កុះករ​បាន​បន្ត​ប្រជ្រៀត​គ្នា​ពី​គ្រប់​ទិសទី ​សម្រុក​មក​​វិទ្យាស្ថាន​ប៉ាស្ព័រ​កម្ពុជា​ជិត​ពីរ​សប្ដាហ៍​មក​ ​ ពេល​នេះ​​ក្រសួង​សុខាភិបាល​បា​ន​​បន្ថែម​​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​ខាំ​​ នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត។  

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​​បាន​ឱ្យ​ដឹង​ថា ករណី​ពលរដ្ឋ​មាន​តម្រូវ​ការ​ចាក់​វ៉ាក់​សាំង​ជំងឺ​ឆ្កែឆ្កួត អាច​រក​សេវា​ចាក់​វាក់​សាំង​នេះ នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ  វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ខេត្ត​បាត់ដំបង និង​គ្លីនិក​ឯកជន​ទូទាំង​រាជធានី ខេត្ត។ នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​​មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី គីមអ៊ីល ស៊ុង​ ក្នុង​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។

 

លោកជំទាវ បាន​បន្ថែម​ថា បច្ចុប្បន្ន​ឯកឧត្ដម​រដ្ឋមន្ត្រី​​ក្រសួងសុខាភិបាល បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​បន្ត​ទៀត ដោយ​ពង្រីក និង​បង្កើត​មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ នៅ​ខេត្ត​កំពង់ចាម។  

នៅ​ក្នុង​ទិវា​ប្រារព្ធ​​ទីក្រុង​ស្អាត លើក​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល ពង្រាយ​ថ្នាំ​វ៉ាក់សាំង​នៅ​តាម​មន្ទីរពេទ្យ​នៅ​រាជធានី ខេត្ត ឬ​តាម​គ្លីនិក​ឯកជន​ដើម្បី​ទុក​សម្រាប់​ផ្ដល់​សេវា​វ៉ាក់សាំង ដល់​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា​ផង​ដែរ។

លោកជំទាវ ឱ វណ្ណឌីន បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន យល់​ដឹង​ពី​វិធាន​ការ​ងាយៗ​នេះ​ ហើយ​ចៀសវាង​ការ​មក​រង​ចាំ​យូរ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ បើ​ក្នុង​ករណី មាន​សត្វ​ទាំង​អស់​ខាង​លើ​ខាំ​នោះ ត្រូវ​លាង​មុខ​របួស ជាមួយ​អាល់កុល ឬ​ថ្នាំ​បេតា​ឌិន(ថ្នាំក្រហម) ហើយ​ត្រូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ដើម្បី​ព្យាបាល។ ម្យ៉ាងទៀត ដំណាក់​កាល​ នៃ​សត្វ​ខាង​លើ​ខាំ​នេះ អ្នក​របួស មិន​ត្រូវ​យក​របស់​អ្វី ដូចជា បាយកក ​ឬ​ត្រាវ (តាម​ជំនឿ​បូរាណ) មក​បិត​មុខ​របួស​នោះ​ឡើយ ព្រោះ​អាច​នាំ​ឱ្យ​គ្រោះ​ថ្នាក់​បាន៕

អត្ថបទ៖ សុផល