ដឹងអត់ ដើម្បី​ក្លាយខ្លួន​ជាតារាថៃ តើ​មនុស្សមួយចំនួនផ្សងវាសនា​តាម​វិធីណាខ្លះ?

  • 2019-03-05 03:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡេក​ទៅ​មើល​យុវវ័យ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​ ពួកគេ​ចង់​ក្លាយ​ខ្លួន​ជា​តារា​ណាស់ ព្រោះ​ថា​វា​ជា​ឱកាស​ទទួល​បាន​ក្ដី​ស្រឡាញ់​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ នៅពេល​ល្បី​ឈ្មោះ ហើយ​ថែម​ទាំង​អាច​រក​លុយ​បាន​ច្រើន​ទៀតពី​អាជីព​នេះ។

ងាក​ទៅ​វិថី​សិល្បៈ​ថៃ មាន​មនុស្ស​មិន​តិច​ទេ ដេក​ស្រមៃ​ចង់​ក្លាយ​ជា​ដួង​តារា អ៊ីចឹង​ចង់​ដឹង​ថា​ តើ​ដើម្បី​ក្លាយ​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​មហាជន​ តើ​ពួកគេ​អាច​សាកល្បង​ផ្សង​សំណាង​តាម​វិធី​អ្វី​ខ្លះ? សូម​ជ្រាប​ដូច​តទៅ៖

១. តាម​រយៈ​ការ​ប្រឡង​សមត្ថភាព

ក្មេងៗ​ដែល​ចង់​ក្លាយជា​តារា តែង​តែ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជា​ច្រើន។ កម្មវិធីទាំង​នោះ​ មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នាក្នុង​ប្រទេស​ថៃ ដូចជា​កម្មវិធី​ប្រកួត​ប្រឡង​ចម្រៀង​ បង្ហាញ​ម៉ូត​ ប្រកួត​សម្រស់ និង​តារា​សម្ដែង​ផ្សេងៗ​ជា​ច្រើន។

២. តាមរយៈបណ្ដាញសង្គម

បច្ចុប្បន្ន​យុវជន​មួយ​ចំនួន​ មាន​ឈ្មោះ​ល្បី​មុនទៅ​ហើយ​ មុន​ពួកគេ​ក្លាយ​ជា​តារា ព្រោះ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ប្រឡូក​ក្នុង​បណ្ដាញ​សង្គម​ តាម​រយៈ​ការ​បង្ហាញ​មុខ​នានា​នៅ​លើ​គណនី​សង្គម​ ដូចជា Instagram និង​ YouTube ជាដើម។ ជាឧទាហរណ៍​ជាក់​ស្ដែង​ តារាសម្ដែង​ Toey Jarinporn ក៏​ជា​អតីត​អ្នក​ដែល​ល្បី​ឈ្មោះ​សុសសាយ​តាមរយៈ​បណ្ដាញ​សង្គម​ មុន​បាន​ក្លាយ​ជា​តារាដែរ។

៣. ពេលទៅលេងផ្សារទំនើបធំៗ

អ្នក​មាន​វ័យ​ជំទង់​មួយ​ចំនួន​ដែល​មាន​សម្រស់​ស្រស់ស្អាត​ តែង​ចំណាយ​ពេល​ទៅ​លេង​ផ្សារ​ទំនើប​ជា​ញឹកញាប់ ព្រោះ​ក្រៅ​ពី​ដើរ​មើល​ទំនិញ​ថ្មីៗ និង​កម្សាន្ត​អារម្មណ៍​ជាមួយ​នៅ​កន្លែង​កម្សាន្ត​ផ្សេងៗ ក្នុង​នោះ​ពួកគេ​ក៏​អាច​ត្រូវ​បាន​កត់​ចំណាំ​ ដោយ​បុគ្គលិក​ Agency របស់​ផលិតកម្ម​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី