រឿងគួរឱ្យចាប់អារម្មណ៍៤ពីកីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី
- 2019-03-06 02:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងគួរឱ្យចាប់អារម្មណ៍៤ពីកីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី
ចន្លោះមិនឃើញ
កីឡាការិនីគុនចម្រុះកូនកាត់ខ្មែរ-អាមេរិក ឯម សុវណ្ណារី ដែលទើបផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឱ្យអាជ្ញាកណ្ដាលបញ្ឈប់នៅ ONE: DESTINY OF CHAMPIONS ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ខ្លះអំពីជីវិតរបស់នាង។
**ទី១-ចូលចិត្តរឿង The Lord of the Rings បំផុត**
កាលពីចុងខែមករាកន្លងទៅ សុវណ្ណារី បានបោះពុម្ពសៀវភៅកុមារជាលើកទី១មានចំណងជើងថា The Talent Quest។ កីឡាការិនីអាយុ២៦ឆ្នាំរូបនេះជាមនុស្សចូលចិត្តអានសៀវភៅយ៉ាងងប់ងុលម្នាក់ ហើយសៀវភៅសំណព្វចិត្តរបស់នាងគឺរឿងប្រលោមលោករបស់អ្នកនិពន្ធជនជាតិអង់គ្លេស J. R. R. Tolkien។
សុវណ្ណារី ប្រាប់ថា ៖«រឿងសំណព្វចិត្តបំផុតរបស់ខ្ញុំគឺ Lord of the Rings និង Hobbits Series។ ខ្ញុំស្រលាញ់រឿងទាំងពីរនេះគឺការលាយបញ្ចូលគ្នារវាងការផ្សងព្រេងពេញដោយសេរីភាព ការធ្វើដំណើរកាត់វាលធំល្វឹងល្វើយ និងវេទមន្ត។ តួអង្គក្នុងរឿងពោរពេញដោយមិត្តភាពល្អជាមួយគ្នា។
ទី២-ចូលចិត្តរបៀបវ៉ៃមិនដកដៃរបស់ Mike Tyson
សុវណ្ណារី លើកឡើងថា៖ «ការវាយគឺជាចំណង់ចំណូលចិត្តធំមួយក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំព្យាយាមហាត់រៀនតាមអ្នកប្រយុទ្ធជាច្រើនផ្សេងគ្នា។ អ្នកប្រយុទ្ធចម្បងដែលខ្ញុំហាត់រៀនតាមគឺ Mike Tyson។ ខ្ញុំពិតជាចូលចិត្តរបៀបវាយដ៏កាច និងធ្ងន់ៗរបស់គាត់ណាស់។ ខ្ញុំនឹងចម្លងស្ទីលវាយរបស់គាត់»។
ទី៣-ធ្លាប់ជាសមាជិកក្រុមតន្ត្រីមួយកាលរៀនវិទ្យាល័យ
មិនត្រឹមតែចេះគូរគំនូរយ៉ាងស្អាតនិងជាអ្នកលេងគុនចម្រុះប៉ុណ្ណោះទេ ឯម សុវណ្ណារី ថែមទាំងចេះលេងហ្គីតាយ៉ាងស្ទាត់ទៀតផង ហើយនាងធ្លាប់ជាសមាជិកក្រុមតន្ត្រីមួយកាលរៀនថ្នាក់វិទ្យាល័យ។
សុវណ្ណារី ប្រាប់ថា ៖«សព្វថ្ងៃខ្ញុំមិនសូវបានលេងឧបករណ៍តន្ត្រីប៉ុន្មានទេ ប៉ុន្តែកាលនៅរៀនថ្នាក់វិទ្យាល័យ ខ្ញុំពូកែលេងហ្គីតាណាស់។ ខ្ញុំធ្លាប់លេងហ្គីតាឱ្យក្រុមតន្ត្រីមួយ។ កាលណោះខ្ញុំវក់នឹងតន្ត្រី។ តន្ត្រីបុរាណជាតន្ត្រីសំណព្វចិត្តរបស់ខ្ញុំកាលមុន តែក្រោយមកខ្ញុំបានចូលក្រុមតន្ត្រីសម័យជាមួយសង្សារខ្ញុំនៅពេលនោះ»។
ទី៤-វេលាដ៏មានមោទកភាពគឺពេលប្រកួតនៅ ONE Championship
កីឡាការិនីដែលរស់នៅកាលីហ្វ៉ញ៉ា សហរដ្ឋអាមេរិករូបនេះកំពុងសម្លឹងទៅរកឆ្នាំ២០១៩ដ៏ជោគជ័យធំមួយក្នុងនាមជាអ្នកលេងគុនចម្រុះជំនាន់ថ្មីរបស់កម្ពុជានៅ ONE Championship។
សុវណ្ណារី លើកឡើងថា ៖«ខណៈនេះ ជីវិតខ្ញុំល្អ ហើយគ្រប់យ៉ាងដើរទន្ទឹមគ្នាយ៉ាងរលូន ជាពិសេសជាមួយ ONE។ វេលាដែលមានមោទកភាពបំផុតរបស់ខ្ញុំគឺនៅពេលខ្ញុំឡើងវ៉ៃលើកដំបូងនៅ ONE ។ មូលហេតុដែលខ្ញុំរំភើបចិត្តខ្លាំងនៅ ONE គឺព្រោះខ្ញុំទទួលបានឱកាសដែលខ្ញុំមិនធ្លាប់មានពីមុនមក។ ខ្ញុំបានផ្សាភ្ជាប់ឡើងវិញជាមួយឫសគល់ខ្មែររបស់ខ្ញុំ និងជាមួយអ្នកគាំទ្រកម្ពុជាជាច្រើន។ ខ្ញុំប្រាកដក្នុងចិត្តថាខ្ញុំនឹងមានឱកាសទៅលេងប្រទេសកម្ពុជា។ កន្លងមក ខ្ញុំមិនធ្លាប់ស្រមៃថាអាចទៅរួច ប៉ុន្តែឥឡូវនេះផ្ទុយស្រឡះពីមុន»៕