ហេតុអ្វីបានជា Messi, Neymar និងកំពូលកីឡាករខ្លះជ្រើសរើសក្រុមគ្រួសារធ្វើជាភ្នាក់ងារ
- 2019-03-09 07:34:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជា Messi, Neymar និងកំពូលកីឡាករខ្លះជ្រើសរើសក្រុមគ្រួសារធ្វើជាភ្នាក់ងារ
ចន្លោះមិនឃើញ
Jorge Mendes និង Mino Raiola គឺជាភ្នាក់ងារកីឡាករដែលប្រជែងគ្នាយ៉ាងស្វិតស្វាញ ហើយពួកគេទាំង២នាក់ស្ទើរតែមានខ្លាំងដូចកំពូលកីឡាករដែលពួកគេតំណាងឲ្យអីចឹង។
យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថាលោក Mendes ដែលមើលថែ Cristiano Ronaldo និងលោក Jose Mourinho ក្នុងចំណោមភ្នាក់ងារដទៃទៀត។ ក្រុមហ៊ុនភ្នាក់ងាររបស់លោកមានឈ្មោះថា Gestifute មានទ្រព្យសម្បត្តិប្រមាណ ៧៦០ លានផោន (ប្រហែល ៩៩៨ លានដុល្លារ) ហើយគ្រាន់តែទីផ្សារដោះដូរកីឡាកររដូវកាលមុន លោកកើបលុយបាន ៩៨ លានដុល្លារ។
Raiola មានលុយដាក់ហោប៉ៅជាង ៥៣លានដុល្លារ ក្នុងការនាំយក Paul Pogba ទៅកាន់ Man Utd ធ្វើឲ្យកីឡាករបារាំងមានតម្លៃខ្លួនខ្ពស់បំផុតបំបែកកំណត់ត្រាពិភពលោកកាលពីឆ្នាំ ២០១៦ ថ្លៃប្រមាណ ១១៦លានដុល្លារ ពោលគឺគ្រាន់តែកុំមីស្យុងភ្នាក់ងារជិតស្មើពាក់កណ្តាលនៃថ្លៃខ្លួនកីឡាករ។
ប៉ុន្តែ Lionel Messi, Neymar, Gonzalo Higuain និង Mauro Icardi គឺជាកីឡាករឆ្នើម ដែលមានភ្នាក់ងារដ៏ល្បីល្បាញរបស់ពួកគេ គឺសមាជិកគ្រួសារ។
បច្ចុប្បន្ននរណាក៏អាចក្លាយជាភ្នាក់ងារបានដែរ ពិសេសចាប់តាំងពីឆ្នាំ២០១៥មក នៅពេលដែល FIFA បានកែប្រែបញ្ញត្តិមួយចំនួនដូចជាតម្រូវឲ្យមានការប្រលងចូលដើម្បីបានក្លាយជាភ្នាក់ងារ និង ការត្រួតពិនិត្យលក្ខខ័ណ្ឌចាំបាច់ផ្សេងទៀត។
គិតត្រឹមដើមឆ្នាំ២០១៩នេះ បញ្ជីឈ្មោះភ្នាក់ងារកីឡាករនៅសមាគមបាល់ទាត់អង់គ្លេស FA មានចំនួនជាង ២ ០០០ នាក់។ លក្ខខ័ណ្ឌងាយៗដើម្បីធ្វើជាភ្នាក់ងាររួមមាន៖ បង់ប្រាក់ ៥០០ ផោន (៦៥៦ ដុល្លារ) ឆ្នាំដំបូង និង បង់ ៣២៨ ដុល្លារបន្តអាជ្ញាប័ណ្ឌរៀងរាល់ឆ្នាំ រួមនឹងលិខិតថ្កោលទោស និង ប័ណ្ឌបើកបរ។
ប៉ុន្តែក្នុងនាមជាអ្នករកស៊ីធ្វើជាភ្នាក់ងារកីឡា លោក Sam Stapleton វ័យ៣៨ឆ្នាំ យល់ថាត្បិតតែកំពូលកីឡាករជាច្រើនជ្រើសរើសសមាជិកគ្រួសារ ឬ មិត្តភក្តិជាភ្នាក់ងារព្រោះមិនចង់ឲ្យលុយហូរចេញពីរង្វង់គ្រួសារ ប៉ុន្តែលោកជឿថាពួកគេទាំងនោះមិនប្រាកដជាយល់ច្បាស់អំពីល្បិចនៅក្នុងពិភពចរចា កិច្ចសន្យា និង ផលប្រយោជន៍ផ្សេងៗរបស់កីឡាករឡើយ ពីព្រោះវាទាមទារ បទពិសោធន៍ ការអប់រំ និង ចំណេះដឹងទៅលើវិស័យនេះ៕