យុវតី​ជាប់​អាហារូបករណ៍​រៀន​នៅ​បី​ប្រទេស​ ត្រៀម​ចាប់​យក​តំណែង​នៅ​UN!​

  • 2014-09-24 15:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្បុរ​ស​ រាង​តូច​ច្រឡឹង​ សក់​ស្លូត​ សម្ដី​រួសរាយ​រាក់ទាក់​ យុវតី​ ផៃ​ ធីតា​ អាយុ​ទើប​តែ​២៣​ឆ្នាំ​ មិន​ត្រឹម​តែ​​ជា​និស្សិត​យក​បាន​អាហារូបករណ៍​ នៅ​សាកល​វិទ្យាល័យ​បី​ ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ កញ្ញា​ថែម​ទាំង​ឆក់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​អភិវឌ្ឍ​បី​ផ្សេង​ទៀត ​​ មាន​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ផង​ដែរ។

 

នៅ​ឆ្នាំ​២០០៩​ យុវតី​រូប​នេះ​បាន​បាន​ជាប់​អាហារូបករណ៍​បី​ក្នុង​ពេល​តែ​មួយ​ គឺ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ សាកល​វិទ្យាល័យ​កម្ពុជា​ និង​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត។ ប៉ុន្តែ​និស្សិត​រូប​នេះ​បាន​ទម្លាក់​អាហារូបករណ៍​ពីរ​ចោល​វិញ​ នៅ​ឆ្នាំ​ទី​មួយ​ ឬ​ទី​ពីរ​ លើក​លែង​តែ​អាហារូបករណ៍​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នោះ​ យុវតី​រូប​នេះ​បែរ​ជា​ឆក់​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ក្រៅ​ស្រុក​មួយ​ឆមាសៗ​ ​ រាល់​ឆ្នាំ​នីមួយៗ។

 

 

ការ ​ឆក់​បាន​អាហារូបករណ៍​​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​យុវតី​រូប​នេះ​ បង្ហើប​ឲ្យ​ដឹង​ថា៖ “ដោយសារ​ឱកាស​កើត​ឡើង​ចំ​ពេល​ល្អ។ ណាមួយ​ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​អាហារូបករណ៍​ហ្នឹង​ផង។ ធម្មតា​បើ​អាហារូបករណ៍​ហ្នឹង​ធ្លាក់​មក​ បើ​យើង​ត្រៀម​ខ្លួន​អត់​ទាន់​ ក៏​ចាប់​អត់​បាន​ឱកាស​ហ្នឹង​ដែរ។ មួយ​ថ្ងៃ​ៗ​ ខ្ញុំ​ក៏​បាន​បង្កើន​សមត្ថភាព​ខ្លួន​ឯង​ផង​ ហើយ​យើង​ត្រូវ​ដឹង​ថា​ ពេល​ណា​អាហារូបករណ៍​នោះ​ធ្លាក់​មក”។

ការ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​យក​ អាហារូបករណ៍​នេះ​ គឺ​ត្រូវ​មាន​កម្រិត​ការសិក្សា​នៅ​ថ្នាក់​ឧត្ដម​​ល្អ​ (GPA)​ ចេះ​សរសេរ​សេចក្ដី​ថ្លែងការណ៍​ (Personal Statement), ​គម្រោង​សិក្សា​ (Study Plan), និង​ដឹង​ពី​សំនួរ​ភាគ​ច្រើន​ ដែល​គណៈកម្មការ​អាច​សួរ​ពេល​សម្ភាសន៍។

 

 

ប៉ុន្តែ​មុន​នឹង​ជាប់​ អាហារូបករណ៍​មួយ​ឆមាស​​ម្ដង​ៗ​ យុវតី​រូប​នេះ​ក៏​ធ្លាប់​បរាជ័យ​ដែរ។ ពេល​កំពុង​រៀន​នៅ​ឆ្នាំ​ទី​មួយ​ ធីតា​បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ទៅ​រៀន​នៅ​អាមេរិក​ ប៉ុន្តែ​ត្រូវ​បរាជ័យ។ ប៉ុន្តែ​ការ​បរាជ័យ​លើក​ដំបូង​នេះ​បែរ​ជា​ផ្ដល់​​ឲ្យ​យុវតី​រូប​នេះ​នូវ​ ចំណេះ​ដឹង​ និង​ការ​ពង្រឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំងក្លា​ទៅ​វិញ។

 

 

ធីតា​ រៀប​រាប់​ថា៖ “ពេល​ដាក់​អាហារូបករណ៍​ដំបូង​ អ្នក​រាល់​គ្នា​បាន​រំពឹង​ថា ​ខ្ញុំ​នឹង​ជាប់​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ ខ្ញុំ​បាន​បរាជ័យ។ ខ្ញុំ​ខូច​ចិត្ត​មែន​ទែន! បទ​ពិសោធន៍​បរាជ័យ​ឆ្នាំ​ទី​មួយ ​ធ្វើ​ឲ្យ​ខ្ញុំ​ធំ​ដឹង​ក្ដី។ ក្រោយ​ពី​ការ​បរាជ័យ​នោះ​ ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ពេញ​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ ទាំង​ចំណេះ​ដឹង​ និង​ជំនាញ​ផ្សេង​ៗ”។

 

រាល់​ថ្ងៃ​ យុវតី​វ័យ​ក្មេង​ រូប​នេះ​ស្វែង​រក​ដំណឹង​អាហារូបករណ៍​ តាម​អ៊ីមែល​ដែល​ធ្លាប់​ផ្ញើ​មក​ជា​ប្រចាំ​, ទំនាក់ទំនង​អ្នក​ធ្លាប់​ជាប់​អាហារូបករណ៍​នោះ​មុន​ៗ,​ មើល​អាហារូបករណ៍​លើ​ក្ដារខៀន​ព័ត៌មាន​, ស្រាវ​ជ្រាវ​តាម​វិបសាយ​របស់​ស្ថានទូត​នានា​, និង​តាម​ដាន​មិត្តភ័ក្ដិ​ដែល​សកម្ម​នឹង​អាហារូបករណ៍​នោះ​ឲ្យ​ជាប់។

 

នៅ ​ឆ្នាំ​ទី​ពីរ​ ឬ​ក្រោយ​ពី​យក​ពេល​មួយ​ឆ្នាំ​ដើម្បី​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ ធីតា​បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ម្ដង​ទៀត។ ពេល​ដាក់ពាក្យ​សុំ​​អាហារូបករណ៍​​នោះ​ កញ្ញា​ក៏​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​សម្ភាស​ពេញ​ទំហឹង​ផង​ដែរ។

ធីតា ​រៀប​រាប់​បន្ថែម​ថា៖ “ខ្ញុំ​មាន​ការ​រីករាយ​ ដែល​អ្នក​ផ្ទះ​ និង​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​អស់​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ។ ខ្ញុំ​បាន​ត្រៀម​សំនួរ​រហូត​ដល់​៥០​ឯណោះ​ ដែល​គេ​អាច​សួរ។ ពេល​មុន​ទៅ​សម្ភាសន៍​ ខ្ញុំ​បាន​ឲ្យ​ប៉ា និង​ប្អូន​របស់​ខ្ញុំ​សួរ​សំនួរ​នោះ​មក​ខ្ញុំ។ ពេល​ទៅ​ជួប​មិត្តភ័ក្ដិ​ ខ្ញុំ​សុំ​ឲ្យ​គេ​ធ្វើ​គណៈកម្មការ​ឲ្យ​ទៀត​ ដើម្បី​ឲ្យ​ខ្ញុំ​សម្ដែង​ ទាំង​ពី​ការ​បើក​​ទ្វារ​​ចូល​ ទាំង​​ការ​សម្ភាស”។

 

តាម​រយៈ​ការ​ត្រៀម​ សំនួរ​ជា​មុន​នេះ​ ធ្វើ​ឲ្យ​កញ្ញា​បាន​​ទទួល​ជោគជ័យ​ដូច​ការ​គ្រោង​ទុក​ គឺ​សំនួរ​ភាគ​ច្រើន​ដែល​គេ​សួរ​ ត្រូវ​នឹង​សំនួរ​របស់​កញ្ញា​តែ​ម្ដង។

 

ធីតា ​បញ្ជាក់​ថា៖ “គេ​​គ្មាន​សួរ​អ្វី​ច្រើន​ ក្រៅ​ពី​ក្នុង​ប្រវត្តិ​រូប​សង្ខេប​ (CV)​ របស់​យើង​ទេ។ សំនួរ​ដែល​គេ​អាច​សួរ​ គឺ​ដូច​ជា​ ហេតុអ្វី​បាន​ជា​អ្នក​ឯង​សម​ជា​បក្ខជន​ដែល​យើង​ត្រូវ​ជ្រើស​រើស? បើ​ជាប់​ ចង់​រៀន​អ្វី?​ ហើយ​មក​វិញ​ចង់​ធ្វើ​អ្វី? តើ​អ្នក​អាច​បរិច្ចាគ​អ្វី​ទៅ​ដល់​ប្រទេស​អ្នក​ ពេល​ត្រឡប់​មក​វិញ?”

 

 

ការ​សិក្សា ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​​

-ពី ​ខែ​កញ្ញា​ ២០១២​ ដល់​ខែ​កុម្ភៈ​ ២០១៣​ រៀន​នៅ​សាកល​វិទ្យាល័យ​ Tokyo University of Agriculture​ ផ្នែក​ International Agricultural Development & Reconstruction and Revitalization Strategy after the Natural Disaster។

-ពី​ខែ​កុម្ភៈ​ ២០១២​ ដល់​ខែ​មិថុនា​ រៀន​នៅ​សាកល​វិទ្យាល័យ​ Kangwon National University, កូរ៉េ​ខាង​ត្បូង ​ផ្នែក Economics and International Trade។

-ពី​ខែ​មិថុនា​ ២០១១​ ដល់​ខែ​សីហា​ ២០១១​ រៀន​នៅ​សាកល​វិទ្យាល័យ​ Utah State University, សហរដ្ឋ​អាមេរិក​ ផ្នែក Undergraduate Intensive English Language Study Program FY 2011 & Natural Resource Management។

ការ​សិក្សា​​ក្នុង​ស្រុក​

-២០០៩​ ដល់​២០១៣​ រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ផ្នែក​សេដ្ឋកិច្ច​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ។ ​

-២០០៩​ រៀន​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស បាន​ពីរ​ឆ្នាំ។​

-២០០៩​ រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​ បាន​មួយ​ឆ្នាំ។

 

 

 ផៃ​ ធីតា​ ជា​មួយ​សាស្រ្តាចារ្យ​អាមេរិក​

 

 

 ផៃ​ ធីតា ជាមួយ​សាស្រ្តាចារ្យ​

 

ជីវិត​​នៅ​ក្រៅ​ប្រទេស​

ធីតា​ឲ្យ​ដឹង​ដែរ​ថា​ ការ​ចាក​ចេញ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កញ្ញា​ទទួល​បាន​ចំណេះ​ដឹង​ទូលាយ ​នោះ​ទេ​ ថែម​ទាំង​ចេះ​ចាត់ចែង​ពី​ជីវិត​រស់​នៅ​ ទាំង​ហិរញ្ញវត្ថុ​ ការ​រៀន​សូត្រ​ ការ​កម្សាន្ត​ ទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេង ​បត់បែន​ និង​សម្រប​ខ្លួន​ទៅ​តាម​បរិយាកាស​នីមួយ​ៗ​ផង​ដែរ។

ប៉ុន្តែ​ពេល​ទៅ​រៀន ​នៅ​ប្រទេស​ជប៉ុន​ យុវតី​រូប​នេះ​ក៏​ជួប​បញ្ហា​ខ្លះ​ដែរ​ រហូតដល់​ធ្លាក់​ខ្លួន​គេង​មិន​លក់​ ដោយសារ​ពិបាក​សម្រប​នឹង​វប្បធម៌​នៅ​ទី​នោះ​ពេក​ បើ​ទោះ​បី​បាន​នៅ​ក្បែរ​និស្សិត​អន្តរជាតិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក្ដី។ លុះ​រស់​នៅ​បាន​យូរ​បន្តិច​ យុវតី​រូប​នេះ​ក៏​អាច​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌​ជប៉ុន​ ដែល​មនុស្ស​ម្នាក់​ៗ​និយម​ស្ងប់​ស្ងៀម​ ជាង​ការ​និយាយ​ច្រើន។

 

ចប់​បរិញ្ញាបត្រ​ ឆក់​បាន​ការងារ​ភាគ​ច្រើន​ទាក់​ទង​​ការ​សិក្សា​ស្រាវ​ជ្រាវ​

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ ធីតា​បាន​ការងារ​ធ្វើ​ជា​បន្តបន្ទាប់​ ភាគ​ច្រើន​ទាក់​ទង​នឹង​ការ​ស្រាវជ្រាវ​ នៅ​តាម​ជនបទ​ ឬ​តំបន់​ព្រៃ​ភ្នំ​នានា​ ដូច​ជា​ ជំនួយ​ការ​ស្រាវជ្រាវ​ឲ្យ​ ស្ថាប័ន​ FAERD partnership with IRD , សមាជិក​

ស្រាវជ្រាវ​ឲ្យ​គម្រោង​ GEESCAM, អ្នក​កាន់​គម្រោង​ស្រាវជ្រាវ​ទាក់​ទង​នឹង​ការ​ចំណាក​ស្រុក​របស់​ប្រជាជន​ ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ, និង​គម្រោង​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត។

 

 

កញ្ញា ​ឲ្យ​ដឹង​ថា​ ការ​សិក្សា​អំពី​ចំណាក​ស្រុក​របស់​ប្រជាជន​ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ​ ជា​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា។  កញ្ញា​ថា​ គោល​បំណង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ គឺ​រក​ឲ្យ​ឃើញ​បញ្ហា​ ទាញ​បញ្ហា​ឲ្យ​គេ​ដឹង​ ហើយ​រក​ដំណោះ​ស្រាយ​ ប្រាប់​គេ​ឲ្យ​ដឹង​ ដូច្នេះ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នោះ​ កញ្ញា​បាន​ព្យាយាម​រក​ឲ្យ​ឃើញ​បញ្ហា​ប៉ះ​ពាល់​ពី​ការ​ចំណាក​ស្រុក​របស់​ ប្រជាជន​ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ។

 

កញ្ញា​បញ្ជាក់​ថា៖ “នៅ​ខេត្ត​សៀមរាប​ និង​បន្ទាយ​មានជ័យ​​ ជន​ចំណាក​ស្រុក​ទៅ​ថៃ​ គឺ​មាន​ច្រើន​ហួសហេតុ​ អាច​ថា​១០​នាក់​ ៨​នាក់​ទៅ​ថៃ។ ការ​ចំណាក​ស្រុក​អាច​ជា​វិជ្ជមាន​ និង​អវិជ្ជមាន។ ផ្នែក​សេដ្ឋកិច្ច​ គឺ​បាន​ចំណូល​ជួយ​គ្រួសារ​ តែ​ភាព​ប៉ះ​ពាល់​ គឺ​អ្នក​ធ្វើ​ចំណាក​ស្រុក​នៅ​ក្មេង​ ក្នុង​វ័យ​កំពុង​រៀន។ យ៉ាង​ហោច​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩​ ប៉ុន្តែ​ចំណាក​ស្រុក​ធ្វើ​ឲ្យ​គាត់​បោះ​ចោល​ការ​សិក្សា​ត្រឹម​ថ្នាក់​បឋម​ ម្ល៉េះ។ នេះ​ជា​ការ​បរាជ័យ​ទៅ​ហើយ”។

 

 

យុវតី​រូប​នេះ​បន្ថែម​ទៀត​ថា​ ពេល​ដែល​គាត់​ទៅ​ក្រៅ​ គេ​រំពឹង​ថា​ គាត់​អាច​បាន​រៀន​អ្វី​ពី​ប្រទេស​គេ​ ប៉ុន្តែ​តាម​ពិត​ គាត់​មិន​បាន​រៀន​អ្វី​ទេ​ គឺ​គាត់​បាន​តែ​លក់​កម្លាំង​ភាគ​ច្រើន​ ដូច​ជា​ធ្វើ​ការ​ជា​ជាង​សំណង់​ រើស​ដំឡូង​ ឬ​កាច់​ពោត​។ កញ្ញា​ថា​ គេ​ពិបាក​នឹង​យក​ជំនាញ​នេះ​មក​ពង្រីក​មុខ​របរ​អ្វី​បាន​ទេ​ ពេល​ត្រឡប់​មក​ស្រុក​វិញ។

 

 

នៅ​ពេល​រក​លុយ​បាន​  កញ្ញា​ក៏​រក​ឃើញ​ថា​ ទី​មួយ​ពួក​គាត់​បាន​យក​មក​សង់​​ផ្ទះ​ រួច​ហើយ​ទិញ​របស់​ល្អ​ៗ​បង្អួត​គ្នា។ ការ​ធ្វើ​បែប​នេះ​ មិន​មាន​ប្រសិទ្ធ​ភាព​អ្វី​ច្រើន​ទេ​ក្នុង​ជីវិត។ មួយ​ទៀត​ ពេល​គាត់​ទៅ​ថៃ​ គាត់​បាន​ទុក​កូន​​ចោល​ នៅ​ផ្ទះ​ដើរ​លេង​ អត់​បាន​ចូល​រៀន​ ឬ​អាហារ​ហូប​ចុក​អី​ស្រួល​បូល​ទេ។ ពេល​ត្រឡប់​មក​វិញ​ គាត់​បាន​ចម្លង​វប្បធម៌​មក​វិញ​ ហើយ​បាន​បញ្ជ្រាប​វប្បធម៌​នោះ​​ទៅ​ដល់​កូន​របស់​គាត់។ កញ្ញា​ថា៖ “កូន​របស់​គាត់​មាន​គំនិត​ថា​ ធំ​ឡើង​ទៅ​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​ រក​លុយ​មក​សង់​ផ្ទះ​ដូច​ពុក​ម៉ែ។ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​ យើង​មិន​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​លើស​លុប​បែប​ហ្នឹង​ទេ​ គឺ​យើង​ត្រូវ​ការ​អ្នក​ជំនាញ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គេ”។

 

 

ថ្ងៃ​អនាគត​ ចង់​ធ្វើ​ការ​នៅ​UN

យុវតី ​រូប​នេះ​មាន​គោល​បំណង​ចង់​ធ្វើ​ការ​នៅ​អង្គការ​សហប្រជាជាតិ​ (UN)​  ផ្នែក​កិច្ចការ​សេដ្ឋកិច្ច​ ព្រោះ​កញ្ញា​សង្កេត​ឃើញ​ថា​ បុគ្គលិក​ភាគ​ច្រើន​មាន​បរទេស​ មិន​មាន​ខ្មែរ​ទេ។ កញ្ញា​ថា​ វា​អាច​នឹង​ស៊ី​ពេល​វែង​ឆ្ងាយ​ទៀត​ ប៉ុន្តែ​កញ្ញា​នឹង​ព្យាយាម។

 

 

យុវតី ​រូប​នេះ​ថ្លែង​ថា៖ “ខ្ញុំ​គិត​ថា​ អ្វី​ដែល​សំខាន់​ គឺ​វា​អាច​ជួយ​ខ្មែរ​បាន​ច្រើន។ នៅ​អាហ្វ្រិក ​ដែល​ពិបាក​ គេ​នៅ​តែ​​​មាន​ប្រជាជន​គេ​​​កាន់​កន្លែង​ធំ​ៗ​នៅ ​UN។ សូម្បី​តែ​ភូមា​ ឬ​កូរ៉េ​ ក៏​មាន​ ចុះ​ខ្មែរ​យើង​ពេល​ណា​ទើប​មាន? នេះ​គ្រាន់​ជា​សុបិន​មួយ!​ មនុស្ស​រស់​នៅ​គ្មាន​ក្ដី​សុបិន​ គឺ​មាន​តែ​សំបក​ខ្លួន​ អីចឹង​ខ្ញុំ​ចង់​ឲ្យ​មាន​អ្វី​ក្នុង​ខ្លួន​ កុំ​ឲ្យ​មាន​តែ​សំបក!”៕

 

អត្ថបទ៖ មាស រ័ត្ន​

អត្ថបទថ្មី