ប្រធានាធិបតី​អាមេរិក​តែ​មួយ​រូប​គត់​ដែល​កាន់​តំណែង​លើស​ពី ២​អាណត្តិ

  • 2019-03-25 11:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជានិច្ចកាល​ ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​កាន់​តំណែង​យ៉ាង​ច្រើន​ណាស់​តែ​ ២​អាណត្តិ​ ឬ​ ៨​ឆ្នាំ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Franklin Delano Roosevelt ជាប់​ឆ្នោត​ដល់​ទៅ ៤​ដង​ ឯណោះ ហើយ​កាន់​តំណែង​បាន​រយៈពេល​ ១៣​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ១៩៣២ រហូត​ដល់ ​មរណភាព​របស់​លោក​នៅ​ពាក់​កណ្ដាល​ឆ្នាំ១៩៤៥។

លោក​ជា​ប្រធានាធិបតី​ដែល​បាន​ដឹកនាំ​សហរដ្ឋអាមេរិក​ក្នុង​ស្ថានភាព​ដែល​មាន​បញ្ហា​ពីរ​ធំៗ គឺ​ វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ១៩២៩ និង​ជាពិសេស​គឺ សង្គ្រាម​លោក​លើក​ទី២។

ក្នុង​ពីរ​អាណត្តិ​ដំបូង​ លោក​បាន​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ ដោយ​ប្រជាជន​ជាង​ ២​លាន​គ្មាន​ជម្រក និង​ធនាគារ​រាប់​រយ​បាន​បិទ​ទ្វារ។ នៅ​ពេល​នោះ​ លោក​បាន​ចេញ​គោលនយោបាយ​ផែនការ​ថ្មី (New Deal) ដែល​បាន​បង្កើត​ការងារ​ជូន​ប្រជាជន និង​កែសម្រួល​ប្រព័ន្ធ​ធនាគារ​ជាដើម។

ដោយ​សារ​តែ​ស្នាដៃ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​ លោក​ត្រូវ​បាន​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី៣ និង​អាណត្តិ​ទី៤ ដើម្បី​ដឹកនាំ​អាមេរិក​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ នៅ​ពេល​ដំបូង​ៗ លោក​ប្រកាន់​គោលនយោបាយ​អព្យាក្រឹត្យ​ដោយ​មិន​ប្រឡូក​ចូល​សង្គ្រាម​លោក​លើក​ទី២ តែ​លោក​បាន​ដាក់​គំនាប​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ ដែល​កំពុង​បើក​ប្រតិបត្តិការ​ឈ្លានពាន​ទ្វីប​អាស៊ី​ទាំង​មូល។

មេដឹនាំ​ជាន់ខ្ពស់​សូវៀត​ Joseph Stalin (ឆ្វេង), ប្រធានាធិបតី​សហរដ្ឋអាមរិក​ Franklin D. Roosevelt (កណ្ដាល) និង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ (ស្ដាំ)

លុះ​ខែ​ធ្នូ ឆ្នាំ១៩៤១ ជប៉ុន​បាន​បើក​ការ​វាយ​ប្រហារ​នៅ​កំពង់ផែ​ Pear Habour ដែល​ធ្វើ​ឲ្យ​អាមេរិក​លូក​ដៃ​ចូល​សង្គ្រាម​លោក​លើក​ទី​២ ដោយ​ប្រកាស​សង្គ្រាម​នឹង​ជប៉ុន និង​អាល្លឺម៉ង់។ ក្នុង​សម័យ​សង្គ្រាម​ លោក​បាន​ចូល​រួម​តាក់តែង​សន្ធិសញ្ញា​ជា​ច្រើន​ ជាមួយ​នឹង​ពួក​សម្ព័ន្ធ​មិត្ត​។ ជាអកុសល​ នៅ​ខែ​មេសា ឆ្នាំ១៩៤៥ មុន​ពេល​ចប់​សង្គ្រាម​លោក​ FDR​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន៕

ប្រភព៖ History   អត្ថបទ៖ សេរី មង្គល