១០ ចំណុច​ត្រូវ​ធ្វើ បើ​ចង់​លក់​ឡាន​បាន​តម្លៃ​ខ្ពស់

  • 2019-03-28 02:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​ប្រចាំ​ថ្ងៃ ជៀស​មិន​ផុត​ពី​ការ​លក់​ចេញ ឬ​ប្ដូរ​ស៊េរីនោះទេ។ តើ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​លក់​ឡាន​ចេញ ឲ្យ​បាន​តម្លៃ​ខ្ពស់?

១. លក់​ចេញ​ឲ្យ​ចំ​ពេល​វេលា

បើ​អ្នក​កំពុង​ប្រើ​ប្រាស់​ឡាន​ និង​មាន​គម្រោង​ចង់​ប្ដូរ​ស៊េរី​ ហើយ​ចំ​ពេល​ឡាន​កំពុង​ឡើង​ថ្លៃ​ អ្នក​គួរ​គិត​គូរ​លក់​ចេញ​​ឲ្យ​ទាន់ពេល​ ព្រោះ​អាច​បាន​តម្លៃ​ខ្ពស់ និង​មិន​សូវ​ខាត​ច្រើន ហើយ​ត្រូវ​រង់​ចាំ ១ខែឬ ២​ខែ​ក្រោយ​ ចាំ​រក​ទិញ​ស៊េរី​ថ្មី​ដែល​អ្នក​ចង់​បាន។ ជា​ពិសេស​កុំ​លក់​ប្រញាប់ ដែល​​អាច​ធ្វើ​ឲ្យ​​អ្នក​ទិញ​បន្ទាប​តម្លៃ​បាន។

២. ឡាន​នៅ​ស្អាត ៨៥ ទៅ ៩០ ភាគរយ

ចំណុច​នេះ សំដៅ​លើ​រូប​រាង​របស់​ឡាន​ដែល​មាន​ម្ចាស់​ជា​អ្នក​ស្រលាញ់ ហើយ​ជា​អ្នក​ថែទាំ​ទៀង​ទាត់ ​មិន​ធ្លាប់​ប៉ះ​ពារ​អ្វី​មួយ​ធ្ងន់ធ្ងរ សំឡេង​ម៉ាស៊ីន​នៅ​ស្ងាត់​ល្អ មិន​លាន់ មិន​កាន់​ច្រេះ ធ្វើ​ឲ្យ​អ្នក​ទិញ​ហ៊ាន​ឲ្យ​តម្លៃ​មួយ​ខ្ពស់​ដែល​អាច​ទទួល​យក​បាន។

៣. រក្សា​រូបរាង​ដើម មិន​ការ​កែច្នៃ

ជា​ធម្មតា អ្នក​ប្រើ​ប្រាស់​ឡាន​តែង​មាន​ចំណង់ចំណូល​ចិត្ត​ខុសៗ​គ្នា និង​ស្រលាញ់​ការ​កែ​ច្នៃ​ឡាន​តាម​ការ​ចង់​បាន​របស់​ខ្លួន។ ទោះ​ជា​ឡាន​នោះ​ធ្លាប់​កែ​តិច​ឬ​ច្រើន​ក៏​ដោយ ដូច​នេះ​ទោះ​ជា​ម៉ាស៊ីន​នៅ​ថ្មី​ល្អ ក៏​អ្នក​លក់​មិន​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​ដែរ ព្រោះ​ត្រូវ​ការ​យក​ទៅ​ដូរ​ដាក់​អោយ​មក​រូប​រាង​ដើម​វិញ។

៤. មាន​គីឡូ​តិច និង​មិន​មាន​ប្រើ​ដៃ​ច្រើន

សំដៅ​ដល់​រយៈ​ចម្ងាយ​នៃ​ការ​បើក​បរ​ដែល​មាន​នៅ​លើ​កុង​ទ័រ​គីឡូ និង​មាន​ដៃ​ច្រើន​កាន់។ ឡាន​មាន​ឆ្នាំ​នៅ​ទាប​តែ​បើ​មាន​គីឡូ​ប្រើ​ប្រាស់​ច្រើន​ធ្វើ​អ្នក​ទិញ​បន្ទាបតម្លៃ​បាន។ ចំពោះ​អ្នក​ប្រើ​វិញ​ឡាន​មួយ​គ្រឿង​បើ​មាន​អ្នក​កាន់​ច្រើន​នាក់​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​ខុស​ធម្មតា ព្រោះ​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​តែង​មាន​បច្ចេកទេស​បើកបរ​មិន​ដូច​គ្នា​ឡើយ។

៥. ឡាន​ធ្លាប់​មាន​ប្រវត្តិ​បុក ឬ​ប៉ះ​គ្នា ឬ​អត់?

ការ​ប៉ះ​ពាល់​រហូត​ធ្វើ​ឲ្យ​ខូច​ខាត​​រូប​រាង ឬ​ផ្នែក​ណា​មួយ​របស់​ឡាន​ អាច​ធ្វើ​ឲ្យ​​អ្នក​ទិញ​មិន​ពេញ​ចិត្ត និង​សាញ​តម្លៃ។ ទោះ​យ៉ាង​នេះ​ក្តី អ្នក​ទិញ-លក់​គេ​ នៅ​តែ​មាន​របៀប​មើល​ប្រវត្តិ​ឡាន​អ្នក។ ដោយ​មើល​លើ​ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ហ្រ្វាំង ឬ​ឆែក​ប្រវត្តិ​ជា​ដើម។ ដូច​នេះ​បើ​អ្នក​ចង់​លក់​ឡាន​របស់​អ្នក ឲ្យ​បាន​តម្លៃ​សម​រម្យ អ្នក​ត្រូវ​យក​ឡាន​ទៅ​ការាស ដើម្បី​ប្ដូរ​ផ្នែក​ខាង​ក្រៅ​ណា​មួយ​ដែល​ខូច​ខាត​តិច​តួច​ឲ្យ​ថ្មី និង​ធ្វើ​ការ​ប៉ូលា​ទឹក​ថ្នាំ​ថ្មី។

៦. ដាក់​តម្លៃ​លក់​តាម​តម្លៃ​ទីផ្សារ

អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ប្រាកដ​ជា​ដឹង​ហើយ​ថា​សភាព​ឡាន​របស់​អ្នក​បែប​ណា​ ដូច​នេះ​បើ​ចង់​លក់​គួរ​ដាក់​តម្លៃ​កុំ​​ឲ្យ​ខ្ពស់​ពេក ត្រូវ​លក់​ក្នុង​តម្លៃ​ជាក់​ស្ដែង ទៅ​តាម​ទី​ផ្សារ​ជា​ធម្មតា ​អ្នក​ទិញ-លក់ គេ​ប្រាកដ​ជា​បង្អាប់​ទម្លាក់​តម្លៃ​ខ្លះ​ហើយ តែ​អ្នក​ក៏​ត្រូវ​លើក​យក​ចំណុច​ល្អ​របស់​ឡាន​អ្នក​​ឲ្យ​បាន​ច្រើន​កុំ​ឲ្យ​អ្នក​បន្ទាប់​តម្លៃ​បាន។

៧. មាន​ឯកសារ​សម្គាល់​ឡាន​ត្រឹម​ត្រូវ

លិខិត​ស្នាម​បញ្ជាក់​​​មាន​​ដូចជា​​កិច្ចសន្យា​ទិញ​លក់​រវាង​អ្នក​លក់​និង​អ្នក​ទិញ កាតគ្រី និង​សន្លឹក​ឆៀក (ប័ណ្ណ​បញ្ជាក់​គុណភាព​រថយន្ត)។ ​​ជាមួយ​គ្នា​នេះ​នៅ​ពេល​អ្នក​ទិញ និង​អ្នក​លក់​ព្រម​ព្រៀង​គ្នា​ក៏​​ត្រូវ​​ទៅ​កាត់​ឈ្មោះ​​ពី​ម្ចាស់​ដើម ដើម្បី​បញ្ជាក់​ពី​សុពលភាព​​​ និង​ទទួល​​បាន​សិទ្ធិ​ប្រើប្រាស់​​ស្រប​ច្បាប់។

រាល់​ការ​ទិញ​​លក់​រថយន្ត​មួយ​ទឹក​ ​ចាំបាច់​ត្រូវ​​ទៅ​​កាត់​ឈ្មោះ​ពី​ម្ចាស់​ដើម​នៅ​នាយកដ្ឋាន​សាធារណការ​​​ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ​ស្រប​ច្បាប់​សម្រាប់​ការ​ប្រើប្រាស់​។ ​ឯកសារ​ដែល​ត្រូវ​ស្នើ​សុំ​ការ​កាត់​ឈ្មោះ​មាន អត្តសញ្ញាណប័ណ្ណ កិច្ចសន្យា​ទិញ​លក់​​ដែល​មាន​ស្នាម​មេដៃ​អ្នក​ទិញ​និង​អ្នក​លក់។

៨. ត្រូវ​មាន​ភាព​ស្មោះ​ត្រង់

ភាព​ស្មោះ​ត្រង់សំខាន់​ណាស់ បើ​អ្នក​លក់​ម្ចាស់​ដើម​និយាយ​មិន​ពិត​ពី​ចំណុច​ណា​មួយ​របស់​ឡាន​ខ្លួន​ ហើយ​អ្នក​ទិញ​យក​ទៅ​ប្រើ​បន្ត​មាន​បញ្ហា​ ពិត​ណាស់​ប្រាកដ​ជា​មាន​រឿង​មិន​ពេញ​ចិត្ត អាក់អន់​ចិត្ត​ទៅ​វិញ​ទៅ​មក​ជា​ពិសេស​អ្នក​ដែល​ស្គាល់​គ្នា​តែ​ម្ដង។ អ្នកត្រូវ​​ផ្សព្វផ្សាយ ឬ​និយាយ​ពី​ឡាន​របស់​អ្នក​ដោយ​ភាព​ស្មោះត្រង់ មិន​ភូត​ភរ មិន​បោក​ប្រាស់ តាម​សភាព​ជាក់​ស្ដែង​របស់​ឡាន​អ្នក។

៩. លក់​ឲ្យ​អ្នក​ជិះ​ផ្ទាល់​វិញ

ចំណុច​នេះ សំដៅ​ដល់​ឡាន​របស់​អ្នក​ដែល​កំពុង​ជិះ តែ​អ្នក​មាន​បំណង​ចង់​លក់​ចេញ ដូច​នេះ​អ្នក​ត្រូវ​ចេះ​ស៊ើប​សួរ​មិត្ត​ភក្តិ បង​ប្អូន ឬ​អ្នក​ស្គាល់​ណា​ក៏​បាន ​ដែល​គេ​មាន​ចង់​ទិញ​បន្ត យក​ទៅ​ប្រើ​ព្រោះ​នៅ​ពេល​អ្នក​ទិញ​យក​ទៅ​ប្រើ​បន្ត មិន​មាន​ភាព​សូញសាញ​ច្រើន និង​មិន​ទម្លាក់​តម្លៃ​ខ្លាំង។

១០.ឆែក​មើល​ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ហ្រ្វាំង​មុន​ពេល​លក់

ការ​ថែ​ទាំ ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ អាច​មាន​ចំណុច​ខ្វះ​ចន្លោះ​ ដូច​នេះ​មុន​ពេល​លក់​អ្នក​គួរ​យក​ឡាន​របស់​អ្នក​ទៅ ឆែក​មើល​ប្រព័ន្ធ​ហ្រ្វាំង ស្បែក​ហ្វ្រាំង សំបក​កង់ ប្រព័ន្ធ​ភ្លើង ស៊ី​ផ្លេ ស៊ីញ៉ូ ប្រព័ន្ធ​សុវត្ថិភាព បច្ចេកទេស​ផ្សេងៗ ឬ​ប្រេង​ម៉ាស៊ីន​ជាដើម ត្រូវ​ដូរ​ចេញ​ប្រសិន​បើ​មាន​ករណី​ខូច​ខាត​ខ្លាំង ជៀស​វាង​មាន​ដំណើរ​ការ​មិន​ល្អ​នៅ​អ្នក​ទិញ​ឆែក​មើល៕

អត្ថបទ៖ ម៉េងងី