​រទេះគោ​បែប​ប្រពៃណី​ជា​ច្រើន​​នឹង​ជុំគ្នាប្រណាំង​នៅ​កំពង់ស្ពឺ​មុន​ចូល​ឆ្នាំ​ខ្មែរ

  • 2019-03-29 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​រទេះ​គោ​ជាង​៣០​នឹង​ចូល​រួម​ប្រណាំង​គ្នា​នៅ​ទីលាន​វាល​ស្រែ​មួយ​កន្លែង​នៅ​ខាងលិច​វត្ត​អង្គ​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​ស្វាយ​ ឃុំ​រលាំង​គ្រើល​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ចម្ងាយ​ពី​ស្ពាន​គុណ​គ្រូ​ប្រហែល ២គីឡូ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី៧ មេសា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​​។

សកម្មភាពរទេះគោកំពុងហ្វាត់សមត្រៀមប្រណាំងកាលពីថ្ងៃចុងខែមីនា

បើ​តាម​លោក​ ចាប​ រ៉ា អ្នក​រៀប​ចំ​កម្មវិធី​ប្រណាំង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បើ​គិត​រហូត​ដល់​ថ្ងៃ​នេះ​រទេះ​គោ​ដែល​បាន​ដាក់​ពាក្យ​ចូល​ប្រណាំង​មាន​ជាង​៣០​ហើយ​ រហូត​ដល់​ថ្ងៃ​ប្រកួត​អាច​នឹង​មាន​កើន​ច្រើន​ជាង​នេះ​។ រទេះគោ​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូលរួម​ប្រណាំង​មាន​មក​ពី​ភ្នំពេញ​ កណ្ដាល​ និង​ភាគ​ច្រើន​ជា​រទេះ​គោ​មក​ពី​បណ្ដាល​ស្រុក​ផ្សេង​​គ្នា​ក្នុង​ខេត្ត​កំពង់​ស្ពឺ។

លោក​បន្ត​ថា​កម្ម​វិធី​នេះ​អ្នក​ស្រុក​នៅ​ខេត្ត​នេះ​គេ​ធ្វើ​រៀង​រាល់​ឆ្នាំ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​មក​ដល់ ធ្វើ​ក្នុង​គោល​បំណង​គឺ​ចង់​ឲ្យ​ភូមិ​ស្រុក​មាន​ភាព​សប្បាយ​រីក​រាយ​បាន​ជួប​ជុំ​គ្នា និង​ថែ​រក្សា​ប្រពៃ​ណី​ត​ពី​ចាស់​បុរាណ​​កុំ​ឲ្យ​បាត់​បង់​​​។ ​

សកម្មភាពរទេះគោកំពុងហ្វាត់សមត្រៀមប្រណាំងកាលពីថ្ងៃចុងខែមីនា
សកម្មភាពរទេះគោកំពុងហ្វាត់សមត្រៀមប្រណាំងកាលពីថ្ងៃចុងខែមីនា

​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​កម្មវិធី​ប្រណាំង​រទេះ​គោ​បែប​ប្រពៃណី​របស់​អ្នក​ស្រុក​កំពង់​ស្ពឺ​នេះ​មាន​រទេះ​គោ​ចូល​រួម​ប្រណាំង​មាន​ជាង​៥០​ ហើយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​​ទស្សនា​ជិត​២ម៉ឺន​នាក់។ ក្នុង​ឆ្នាំ​នេះ​អ្នក​រៀប​ចំ​កម្មវិធី​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​កន្លងទៅ។

សូម​បញ្ជាក់​ថា​​កម្ម​វិធី​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី​សុក្រ​ទី​៥-សៅរ៍​ទី​៦-និង​អាទិត្យ៧ ខែ​មេសា​​ ហើយ​កម្មវិធី​៣ថ្ងៃ​នេះ​ក៏​នៅ​មាន​ការ​សម្ដែង​សិល្បៈ​នៅ​ពេល​យប់​ផង​ដែរ៕​​​​​​​​​​​​

អត្ថបទ៖ លន ហ្សាឌីណា