ទម្លាយតម្លៃប្ដូរពណ៌ រថយន្តមួយទឹកមុនដាក់លក់ ត្រូវចំណាយអស់ប៉ុន្មាន?
- 2019-04-04 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយតម្លៃប្ដូរពណ៌ រថយន្តមួយទឹកមុនដាក់លក់ ត្រូវចំណាយអស់ប៉ុន្មាន?
ចន្លោះមិនឃើញ
ឡានមួយទឹកកាន់តែមានការកើនឡើង ស្របពេលលំហូរចូលក៏កាន់តែមានការកើនឡើង អ្នកប្រើប្រាស់មួយចំនួនក្រៅពីមើលទៅលើគុណភាពឡានហើយ ពណ៌ឡានក៏ជាចំណុចពេញនិយមជិះដូចជាពណ៌មានហុងស៊ុយ ងាយស្រួលលក់ចេញ គួបផ្សំជាមួយភាពស្រស់ស្អាត។
ដោយសារអ្នកទិញជាច្រើនតែងមករកតែពណ៌ពេញនិយមជិះ ដូចនេះធ្វើឲ្យអ្នកលក់តែងយមឡានមានពណ៌ផ្សេង មកប្ដូរដាក់ពណ៌ពេញនិយមវិញដូចជា ពណ៌ស ទឹកប្រាក់ ទឹកមាស ជាដើម ព្រោះថាពេលនាំចូលមកដំបូងក្រដាសពន្ធពុំមានបញ្ជាក់ពីពណ៌ឡានឡើយ។
បើតាមអ្នកជំនាញខាងទិញ-លក់រថយន្តមួយរូប សុំមិនបញ្ចេញឈ្មោះ បានប្រាប់ Sabay ថាអ្នករកស៊ីគួកជេរមួយចំនួនតែងយកឡានទាំងនេះមកធ្វើឲ្យស្អាត ផ្លាស់ប្ដូរចំណុចខូចខាតតិចតួចទោះបីជាឡាននេះមានច្រេះក៏ដោយព្រោះចង់តម្រូវចិត្តអ្នកទិញ ពិសេសអាចយកទៅប្ដូរពណ៌ថ្មីតាមភាពពេញនិយមរបស់អ្នកប្រើប្រាស់។
ទង្វើនេះ អាចធ្វើឲ្យពួកគេចំណេញច្រើន ចំពោះតម្លៃពីពណ៌ស ទៅពណ៌ទឹកមាស ខុសគ្នាប្រមាណជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ និងពីពណ៌ទឹកមាស ទៅ ពណ៌ទឹកប្រាក់ខុសគ្នាប្រមាណជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ សម្រាប់ស៊េរីឆ្នាំ គុណភាព និង Option តែមួយ ។
លោកបន្តថាឡានប្រភេទនេះអ្នកទិញប្រើប្រាស់មិនបានយូរប៉ុន្មានឡើយ និងមានពណ៌ស្លេក ស្លក់ របកទឹកថ្នាំ មិនដូចទឹកថ្នាំហ្ស៊ីនទេ។
ចំពោះការប្ដូរវិញ លោក គង់ឡាយ ម្ចាស់យានដ្ឋាន គង់ ឡាយ បានប្រាប់ថាប្ដូរពីពណ៌ផ្សេងៗ ទៅពណ៌ពេញនិយមដូចជាពណ៌ស ពណ៌ទឹកមាស និងពណ៌ទឹកប្រាក់ មួយជុំរថយន្ត មានតម្លៃចន្លោះ ៦០០ ទៅ ៧០០ ដុល្លារ។ ចំពោះឡាន Lexus និង Highlander ប្តូរទៅពណ៌កាំមៃ តម្លៃ ៥០០ ទៅ ៦០០ ដុល្លារ រីឯឡាន Prius, Camry បាឡែន ឬ ឆ្លាម សម្រាប់ម៉ូដែលសេ៊រីខ្ពស់ជាងនេះ មួយជុំអាចខ្ទង់ ៦០០ ដុល្លារ។
ចំពោះតម្លៃនេះវិញលោកបានបញ្ជាក់ថាអាចអាស្រ័យទៅលើគុណភាពឡានផងដែរ ប្រសិនបើមានច្រេះ ឬខូចខាតច្រើនតម្លៃក៏អាចលើសនិងដែរ ដូចនេះ គួរតែពិភាក្សានិងរកអ្នកជំនាញឲ្យគេជួយមើលឲ្យ ជៀសវាងទិញឡានមួយទឹក ប៉ះចំឡានដែលគេធ្វើស៊ីពណ៌ គឺដឹងតែស៊យហើយ៕
កុំឲ្យខកចិត្ត ពេលទិញឡានមួយទឹកពីស្រុកគេ ត្រូវឆែកប្រវត្តិឲ្យច្បាស់សិន
កង់អគ្គិសនី ចង់ជិះដោះសោរដោយ QR code ដូចនៅស្រុកគេ ពេលនេះមាននៅភ្នំពេញហើយ!