Georgina បង្ហើប​ពី​ការ​ផ្ដើម​ស្នេហា​ក្នុង​គ្រា​ដំបូង​របស់​ខ្លួន​ជាមួយ​ Ronaldo

  • 2019-04-05 12:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​ស្រី​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នាង​ Georgina Rodriguez បាន​សារភាព​ប្រាប់​ទស្សនាវដ្ដី​អ៊ីតាលី Elle ថា​ នាង​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​តារា​បាល់ទាត់​ព័រទុយហ្គាល់​រូប​នេះ​ បន្ទាប់​ពី​ឃើញ​គ្នា​ជា​លើកដំបូង​ក្នុង​ផ្សារ​ទំនើប​ នៅ​ទីក្រុង​ម៉ាឌ្រីដ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​ទៅ។

នាង​បាន​លើកឡើង​ថា​៖ " ជំនួប​ជាមួយ​ Ronaldo ដំបូង​បំផុត​គឺ​នៅ​ហាង​ Gucci ដែល​ជា​កន្លែង​ដែល​ខ្ញុំ​ធ្វើការ​ជា​ជំនួយ​ការ​ផ្នែក​លក់ " ។

Georgina បាន​បន្ត​ថា​៖ " ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ពួក​យើង​បាន​ឃើញ​គ្នា​នៅ​កម្មវិធី​របស់​ផលិតផល​ផ្សេង​ទៀត​ ហើយ​បន្ទាប់​មក​ពួក​យើង​បាន​និយាយ​ជាមួយ​គ្នា​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ដែល​ក្រៅ​ពី​ការងារ​របស់​ខ្ញុំ។ វា​ជា​ស្នេហា​បែប​ឃើញ​ភ្លាម​ស្រលាញ់​សម្រាប់​យើង​ទាំង​ពីរ​ " ។

គួរ​រម្លឹក​ផង​ដែរ​ថា​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ Georgina បាន​ទម្លាយ​ប្រាប់​ទស្សនាវដ្ដី​អេស្ប៉ាញ​ Holaថា​ នាង​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ជា​ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus នេះ​ណាស់​ ប៉ុន្តែ​ច្រាន​ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ពួក​គេ​ទាំង​ពីរ​កំពុង​ភ្ជាប់​ពាក្យ​នឹង​គ្នា​៕

ប្រភព៖ The Sun   អត្ថបទ៖ សេរី មង្គល