ស្បែក​ជើង​កង់​ឡាន​កេរ​ពី​ខ្មែរ​ក្រហម​លក់​ដាច់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ស្បែក​ជើង​ដែល​មាន​ម៉ូត​ថ្មីៗ

  • 2019-04-09 05:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​រឹម ភារី អតីត​អ្នក​សារ​ព័ត៌មាន​ម្នាក់ ប្ដូរ​អាជីព​មក​លក់​ស្បែក​ជើង​កង់​ឡាន​បាន​ប្រហែល​មួយ​ឆ្នាំ​ហើយ​។ ស្បែក​ជើង​ដែល​លោក​លក់​មាន​ច្រើន​ម៉ូត ផ្សេងៗ​គ្នា ប៉ុន្តែ​ម៉ូត​ដែល​លក់​ដាច់​ជាង​គេ គឺ​ស្បែក​ជើង​កេរ​ពី​ខ្មែរ​ក្រហម​។ លោក​ភារី​ថា អតិថិជន​ខ្លះ​របស់ខ្ញុំ គឺជា​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ហើយ​ពួកគេ​ទិញ​ស្បែកជើង​កង់​ឡាន ដើម្បី​ទុកជា​អនុស្សាវរីយ៍ និង​រំឭក​ការ​ចងចាំ​គ្រា​ដែល​ពួកគាត់​ធ្លាប់​ពាក់​វា​នៅ​ក្នុង​របប​ប៉ុល ពត។ ក្រៅ​ពី​នេះ​ក៏​មាន​ក្មេងៗ​យុវវ័យ​ផង​ដែរ

ស្បែក​ជើង​កែច្នៃ​ពី​សំបក​កង់ និង​ពោះវៀន​កង់​រថយន្ត​ ដែល​លោក​កំពុង​ដាក់​លក់​តាម​កន្ទេល និង​លើ Oline ទាំងនេះ លោក​ភារី​យក​មក​ពី បុរស​ចំណាស់​ម្នាក់ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​មាន​ជំនាញ​ធ្វើ​ស្បែក​ជើង​នេះ​តាំង​ពី​ជំនាន់​ខ្មែរក្រហម ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឈ្មោះ​អ្នក​ធ្វើ​នោះ​ទេ​។ តាម​ពិត​ទៅ​លោក​ភារី​ចង់​លើក​ស្ទួយ​ផលិតផល​សិប្បកម្ម ដែល​ធ្វើ​ដោយ​ដៃ​អ្នក​ស្រុក​នេះ ក្នុង​គោលបំណង​ជួយ​ឲ្យ​មាន​ទី​ផ្សារ និង​ផ្ដល់​ប្រាក់​ចំណូល​ជូន​អ្នក​ស្រុក​ផង និង​អាច​ជួយ​កែច្នៃ​សំណល់​រឹង​ឲ្យ​ក្លាយ​ជា​របស់​ប្រើ​ការ​បាន​ផង​ដែរ​។

ត្បិត​អ្នក​មួយ​ចំនួន​ចាប់​អារម្មណ៍ និង​បាន​ជាវ​ទៅ​ពាក់ ប៉ុន្តែ​អ្នក​មួយ​ចំនួន​ពេល​ឃើញ​ហើយ ក៏​ងាក​មុខ​ចេញ​ហើយ​បន្លឺ​ពាក្យ​ថា មិន​ចង់​ទិញ​ទេ ហើយ​ក៏​មិន​ចង់​ឃើញ​ដែរ ព្រោះ​វា​នាំ​ឲ្យ​គាត់​រឭក​ដល់​ពួក​ខ្មែរ​ក្រហម​ដែល​បាន​ធ្វើ​បាន​គាត់ និង​សាច់​ញាតិ ។ អ្នក​លក់​រូប​នេះ​ថា មិន​ថ្វី​ទេ ព្រោះ​រឿង​នេះ​ជា​ការ​ពិត​មួយ ដែល​កម្ពុជា​បាន​ឆ្លង​កាត់​កន្លង​មក ហើយ​ការ​យល់​ឃើញ ក៏​ផ្សេងៗ​គ្នា​ដែរ​។ ក្នុង​មួយ​ថ្ងៃ​អ្នក​លក់​រូប​នេះ​ថា លក់​អស់​ពី​៥​ទៅ​ជិត​១០​គូ​ដែរ​។ ដោយ​សារ​រវល់​នឹង​ការងារ​ផ្សេង ក្រៅ​តែ​ពី​លក់​ស្បែក​ជើង​កង់​ឡាន​នេះ លោក​ភារី​នឹង​ឈប់​លក់​តាម​កន្ទេល និង Online ទៀត​ហើយ​។ លោក​មាន​ចំណង​ចង់​ដាក់​តាំង​លក់​នៅ​តាម​ទី​ចង​ចាំ​ពី​របប​ប្រល័យ​ពូជ​សាសន៍​វិញ ដូច​ជា​នៅ​សារមន្ទីរ​ទួល​ស្លែង និង​ជើង​ឯក​ជា​ដើម​។

លោក​ភារី​កំពុង​តាំង​លក់​ស្បែក​ជើង​កង់​ឡាន​នៅ​ពិធី​បុណ្យ​ភូមិ​ក្នុង​វត្ត​ព្រះធាតុ

គួរ​និយាយ​ពី​ប្រវត្តិ​ស្បែក​ជើង​កង់​ឡាន​នេះ​ជា​សង្ខេប​ខ្លះ​។ ពុំ​មាន​ឯកសារ​ណា​និយាយ​ពី​ស្បែក​ជើង​នេះ​ច្បាស់​នោះ​ទេ គេ​គ្រាន់​តែ​សម្គាល់​បាន​ថា វា​ជា​ផ្នែក​មួយ​នៃ​ឯកសណ្ឋាន​របស់​ទាហាន​ខ្មែរក្រហម និង​ប្រជាជន ដែល​ខ្មែរ​ក្រហម​ចាត់​ទុក​ថា ជា​ជន​បរិសុទ្ធ​។ ស្បែក​ជើង​នេះ​ត្រូវ​បាន​ពួក​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​កែ​ច្នៃ​សំបក​កង់​ឡាន​ចាស់ៗ​ធ្វើ​ជា​បាទ ហើយ​យក​ពោះវៀន​កង់​ឡាន​ធ្វើ​ជា​ខ្សែ​។ ស្បែក​ជើង​កង់​ឡាន​នេះ​មាន​ពីរ​សណ្ឋាន គឺ​ខ្សែ​វ័ណ្ដ​កងៗ​ស្រប​គ្នា ៤ ខ្សែ និង​ខ្សែ​វ័ណ្ដ​ខ្វែង​គ្នា​២​ខ្សែ និង​ខែ​ក្រវាត់​កែង​ជើង​មួយ​។ ស្បែក​ជើង​នេះ​ធន់​ណាស់ មិន​ថា​ខ្សាច់ គ្រួស​ថ្ម ឬ​ក្នុង​ទឹក​ឡើយ ប៉ុន្តែ​លំបាក​ពាក់​ត្រង់​ថា វា​ធ្ងន់ និង​រលាក​ជើង​។

ស្បែក​ជើង​ធ្វើ​ពី​សំបក និង​ពោះវៀន​កង់​ឡាន

អត្ថបទ៖ ឈិន ធារ៉ាត់