ឌីជេណាណាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល​ ក្រោយស្នាដៃប្រលោមលោកដំបូងរឿង "ស្មានខុស"ចេញជាផ្លូវការ

  • 2019-04-29 09:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធីការិនីកំពុងមានប្រជាប្រិយភាពនាង សុវ៉ាតនា  ហៅឌីជេ ណាណា ដែលមហាជនជាច្រើន ស្គាល់តាមរយៈវីដេអូ ផ្តល់ចំណេះដឹងជាច្រើន ដូចជាការពិភាក្សា ការជម្រុញទឹកចិត្តមនុស្សឲ្យមានភាពក្លាហាន និងការផ្តល់ជាទ្រឹស្តីក្នុងរឿងស្នេហា ត្រូវចិត្តអ្នកមានគូ។

ដោយឡែក ពេលនេះនាងកំពុងតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសាជាថ្មីជាមួយស្នាដៃនិពន្ធប្រលោមលោក ដែលទើបចេញថ្មីគឺរឿង"ស្មានខុស" ដែលមាន ៨០ទំព័រជាង។ រឿងនេះបង្កប់ទៅដោយអត្ថន័យអប់រំដែលអ្នកទស្សនាស្មានមិនដល់ និងឆ្លុះបញ្ចាំងពីជីវិតពិតរបស់ឌីជេរូបនេះផ្ទាល់ក៏ដូចជាអ្នកគាំទ្រម្នាក់ដែលជួបរឿបបែបនេះនៅក្នុងជីវិត ហើយនាងនៅតែតស៊ូក្រោកឈរបានរហូតជោគជ័យមានៈឧបសគ្គវិបត្តិធ្ងន់ធ្ងរនៅក្នុងជីវិតពិតរបស់ខ្លួន។

ជាក់ស្តែងឌីជេ ណាណាបានរៀបលម្អិតពីការចាប់យកការសរសេរប្រលោមលោកមកកាន់ Sabay ថា សម្រាប់សៀវភៅរឿងប្រលោមលោករឿង "ស្មានខុសនេះ"គឺជាស្នាដៃនិពន្ធផ្ទាល់របស់នាង ដែលទើបតែចេញផ្សាយថ្មីៗនេះចំនួន ១៥០០ក្បាលហើយលើសពីការរំពឹងទុក គឺមានអ្នកគាំទ្រច្រើន។ សម្រាប់អ្នកអានឆ្លើយតបមកវិញថាចូលចិត្តអាន និងជក់ចិត្តខ្លឹមសារអប់រំមួយចំនួននៅក្នុងសៀវភៅ ១ក្បាលនេះ ពិសេសពេលបង្ហាញពីសង្គមនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ឌីជេពូកែវោហាររូបនេះបានបន្ថែមថាចំណុចដែលធ្វើឲ្យខ្លួនសម្រេចបោះពុម្ពសៀវភៅ ១ក្បាលនេះចេញមក ដោយសារមានហេតុផល ២ដែលជម្រុញឲ្យខ្លួនបញ្ចប់ការនិពន្ធ។

ទី១ ដោយខ្លួនជាអ្នកចូលចិត្តអានរឿងប្រលោមលោក(ចំណង់ចំណូលចិត្ត) និងទី២ នាងចង់សាកល្បងមើលថា តើខ្លួនឯងមានសមត្ថភាព​សរសេរប្រលោមលោកដែរឬអត់ ព្រោះនាងមិនដែលសរសេរ។ មួយទៀតសៀវភៅរឿងមួយនេះ ចង់ឲ្យអ្នកភ្ញាក់ផ្អើលថាមិនមែនអាន ៣បន្ទាត់ស្មានសាច់រឿងដឹងទេព្រោះជាទូទៅសៀវភៅដែលទាក់ទាញអ្នកអានឲ្យចាប់អារម្មណ៍ ទាយមិនត្រូវចុងបញ្ចប់នោះហើយ ជាសៀវភៅដែលជក់ចិត្ត ហើយក៏ចង់ជំរុញទឹកចិត្តក្នុងការងាកមើលអានសៀវភៅដែលមានខ្លឹមសារអប់រំផងដែរ។

គួររំលឹកផងដែរថាឌីជេរូបនេះក៏បានបញ្ជាក់ថាតាមពិតរឿងស្មានខុសនេះ នាងធ្លាប់ចេញជាវីដេអូរឿងខ្លី ៤ភាគរួចមកហើយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ នេះជាភាគបញ្ចប់នៃសាច់រឿងដែលនាងបានផ្លាស់ប្តូរថ្មី មិនធ្វើជាវីដេអូភាគបញ្ចប់ តែមកបញ្ចប់នៅក្នុងការបោះផ្សាយសៀវភៅវិញម្តង ដើម្បីឲ្យប្លែកអារម្មណ៍សម្រាប់អ្នកអាន និងគាំទ្ររបស់នាង ហើយបើនិយាយពីតម្លៃសៀវភៅគឺ​ត្រឹម​តែ​១២០០០​រៀល​ប៉ុណ្ណោះ និងមានលក់នៅក្នុងតូបសៀវភៅរបស់នាងនៅសូរិយាម៉ល ជាន់ទី៤។

ក្នុង​នោះ​មានសៀវភៅ ១ទៀតដែលនាងបានចេញមុនសៀវភៅប្រលោមលោមួយនេះគឺសៀវភៅទ្រឹស្តីសំណួរចម្លើយស្នេហា "សំណេរសំនឿន សំនៀងណាណា" ដែលជាស្នាដៃរួមជាមួយលោកសំនឿន។ ជាចុងក្រោយនាងក៏អរគុណចំពោះការគាំទ្ររាល់ស្នាដៃរបស់នាង ពិសេសចង់​លើកទឹកចិត្ត​ដល់​មនុស្ស​ស្រី​ដែល​ជួប​ឧប​សគ្គ​ផ្សេង​ៗ​គ្នា​ ​និង​ចង់​ឲ្យ​មនុស្ស​រស់​​ក្នុង​សង្គម​បច្ចុប្បន្ន​មើលឃើញ​ថា​ ​តើ​ឥរិយាបថ​របស់​ខ្លួន​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ស្ត្រី​អ្វីខ្លះ​ ​មិនថា​ ​ដោយចេតនា​ឬ​អចេតនា​ក្តី​ឡើយ៕

ទស្សនាវីដេអូរឿង​​ "ស្មានខុស"​ ខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍