ធ្វើបែបនេះ វីជេ រតនា ឲ្យតម្លៃភរិយាខ្ពស់ណាស់! ស្របពេលដំណើរជីវិតកាន់តែជោគជ័យឡើងៗ
- 2019-04-30 03:13:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើបែបនេះ វីជេ រតនា ឲ្យតម្លៃភរិយាខ្ពស់ណាស់! ស្របពេលដំណើរជីវិតកាន់តែជោគជ័យឡើងៗ
ចន្លោះមិនឃើញ
លោក ធី នរៈរតនា ហៅ វីជេ រតនា បានពោលពាក្យក្នុងចិត្តប្រាប់ប្រិយមិត្តលើបណ្ដាញសង្គមថា ពេលនេះ ជីវិតរបស់លោកកាន់តែជោគជ័យ ក្នុងនោះក៏ព្រោះតែលោកមានមនុស្សដ៏សំខាន់នៅពីក្រោយខ្នង នោះគឺភរិយាដ៏ស្រស់ស្អាតរបស់លោក ជាមនុស្សម្នាក់គត់ធ្វើឲ្យលោកមានអ្វីៗគ្រប់យ៉ាងដើម្បីជោគជ័យ។
“ការចាប់ផ្ដើមជីវិតគូរបស់ពួកយើង គឺបាននូវហេតុផលច្រើនណាស់ ដើម្បីឲ្យបងទទួលបានជោគជ័យ។ វាបានជំរុញឲ្យបងកាន់តែប្រឹងធ្វើការ កាន់តែពុះពារ ធ្វើឲ្យបងកាន់តែមានស្នាមញញឹមក្នុងការរស់នៅ"។ រតនា ថ្លែង។
លោក ធី នរៈរតនា ឬ វីជេ រតនា បានចូលរោងការជាមួយកញ្ញា លឹម លីហ្សា កាលពីដើមឆ្នាំ ២០១៦។ ក្រោយបង្កើតជាក្រុមគ្រួសារមួយ លោកបានងាកមកប្រឡូកជំនួញបន្ថែមពីលើការងារសិល្បៈ ដែលលោកហាក់រយាលដៃតាំងពីរៀបការនោះមក ក្នុងនោះ លោកគឺជាថៅកែហ្គារ៉ាស់មួយកន្លែង បូករួមទាំងកន្លែងលាងឡានមួយកន្លែងផង។ តាមការបញ្ជាក់សាមីខ្លួនកន្លងមក អាជីវកម្មទាំងពីររបស់លោក បាន និងកំពុងដំណើរការយ៉ាងល្អ។
ជាមួយគ្នានៅថ្ងៃនេះ អតីតពិធីករទូរទស្សន៍ដដែល បញ្ជាក់ថា លោកក៏បាន និងកំពុងរៀបចំគម្រោងជីវិតបន្តបន្ទាប់ ដើម្បីគ្រួសារឆ្ពោះទៅកាន់ជីវិតកាន់តែជោគជ័យ ដោយមានភរិយាដ៏ស្រស់ស្អាតជាអ្នកគាំទ្រគ្រប់យ៉ាង ក្នុងនោះ គឺលោកក៏បានហក់មកវិនិយោគគម្រោងអចលនទ្រព្យថែមទៀត។ លោកថ្លែងថា ៖"អរគុណអូន ដែលតែងតែគាំទ្រ និងផ្ដល់គំនិតល្អៗ ថ្មីៗ ដល់បងរហូត។ បងជោគជ័យ ក៏ព្រោះតែមានភរិយាស្អាត និង ឆ្លាតនៅពីក្រោយបងជានិច្ច"។
លោក រតនា អះអាងបន្ថែមទៀតថា ភរិយាគឺជាឃ្លាំងសម្រាប់ទុកលុយ តែបើឃ្លាំងចេះតែធ្លាយ ទោះលោកខំរកយ៉ាងណាក៏មិនសល់ដែរ។ ដូច្នេះហើយទើបលោកយល់ថា លោកពិតជាមានសំណាងបានកញ្ញា លឹម លីហ្សា ធ្វើជាភរិយា ដែលនាងមានទាំងព្រម គឺស្អាត ឆ្លាត និងពូកែទុកដាក់។
តបនឹងគុណសម្បត្តិទាំងឡាយ ជាបច្ច័យធ្វើឲ្យលោកកាន់តែជោគជ័យ វីជេ រតនា បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡង់គ្រីស័រ ជូនភរិយាក្នុងថ្ងៃខួបគម្រប់៣ឆ្នាំ នៃការចាប់ដៃគ្នាដើរលើវិថីជីវិតគូ។ ភាគីខាងប្រុស មិនបានបញ្ចេញតម្លៃរបស់រថយន្តទំនើបនេះឡើយ ប៉ុន្តែតាមទីផ្សារ រថយន្តប្រភេទនេះ មានតម្លៃមិនក្រោម១០ម៉ឺនដុល្លារឡើយ។
ក្រៅពីនេះ ពិធីករទូរទស្សន៍រូបនេះ ក៏នៅអរគុណមនុស្សសំខាន់ផ្សេងទៀត ដែលលោកបានបញ្ចេញឲ្យដឹងថា ឈ្មោះ គឹម ចាន់រតនា និង ភរិយា ដែលមានចិត្តស្មោះត្រង់ក្នុងការរកស៊ីជាមួយ ដោយចាប់ដៃគ្នាតាំងពីបាតដៃទទេរៀងរហូតដល់មានបានរៀងខ្លួននៅថ្ងៃនេះ។ "អរគុណសម្រាប់មិត្តភាពដ៏ស្មោះត្រង់ ហើយបានចុះកុងត្រាការងាររកស៊ីជាមួយគ្នាអស់មួយជីវិតទៀតផង"៕