សហគ្រិន​វ័យក្មេង ១៥​ក្រុម ត្រូវ​បាន​ជ្រើសរើស​ចូលវគ្គ​បន្ត​នៃ SmartStart រដូវ​កាល​ថ្មី

  • 2019-04-30 04:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ចុង​សប្ដាហ៍​មុន​នៅ អាគារ រ៉េ​ន​ទ្រី យុវ​ជន​សហគ្រិន​វ័យក្មេង​ចំ​នួន ១២០​ នាក់​ មកពី​សាកល​វិទ្យាល័យ​ល្បីៗ​នៃ​ប្រទេស​កម្ពុជា បាន​ប្រកួតប្រជែង​យ៉ាងសកម្ម​លើ​គំនិត​អាជីវកម្ម​ឌីជីថល​របស់​ខ្លួន ដើម្បី​ចូលរួម​វគ្គ Technopreneurship Challenge Bootcamp នៃ​កម្មវិធី SmartStart Young Innovator Program រដូវ​កាល​ទី​៣ នៅ​ខេត្ដ​កំពង់ចាម ដែល​នឹង​​ធ្វើឡើង​ពី​ថ្ងៃ​ទី​ ១១ ​ដល់ ​១៦​ ឧសភា ​ឆ្នាំ​២០១៩​ខាងមុខ​នេះ។

ក្នុង​នោះ យុវជន​ទាំង​អស់​​បាន​ចំណាយ​ពេល​សិក្សា ​និង​ធ្វើ​គម្រោង​អាជីវកម្ម​របស់​ខ្លួន​ក្នុង​​រយៈពេល​ ២ ​ថ្ងៃ ដោយ​មាន​ការ​ជួយ​បង្ហាត់បង្ហាញ​ពី​អ្នក​ជំនាញ​ប្រកបដោយ​បទពិសោធន៍​ក្នុង​វិស័យ​អាជីវកម្ម​ឌីជីថល ក្រោម​ការ​រៀបចំ​របស់​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh​។

បេក្ខជន​​ទាំង​អស់ តម្រូវ​ឲ្យ​រៀប​ចំ​បទ​បង្ហាញ​ពី​អាជីវកម្ម​របស់​ខ្លួន ដើម្បី​បញ្ចុះ​បញ្ចូល​គណៈកម្មការ​វិនិច្ឆ័យ​ឲ្យ​ជឿ​ថា គំនិត​របស់​ខ្លួន​មាន​សក្ដានុពល​ក្នុង​ការ​ក្លាយ​ជា​អាជីវកម្ម​មួយ​ដ៏​ពិតប្រាកដ និង​អាច​ជួយ​ដោះស្រាយ​បញ្ហា និង​ការ​លំបាក​ផ្សេង​ដែល​កំពុង​មាន​ពេល​បច្ចុប្បន្ន។ ជា​លទ្ធផល យុវជន​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ត្រូវ​បាន​ជាប់ ដើម្បី​បន្ត​ទៅ​ប្រកួត​​នៅ​​វគ្គ​ថ្មី​នៅ​ខេត្ត​កំពង់ចាម ក្នុង​ខែ​ក្រោយ​នេះ។

ក្រុម​ទាំង ១៥ នោះ​មាន​ដូចជា Kamong, PhumCake-​ភូមិ​ខេ​ក​, Lor (​ល​), STYLE, Alpha Ed, E-TungTin, AgriGo, Sers Chbong, MUSE, KADO, SpeakOut, Som Nob, W earWaer, COSMI និង Rentech។

​ក្រុម​ទាំង​នេះ​នឹង​ធ្វើ​ការ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀ​ត​លើ​អា​ជី​កម្ម​របស់​ខ្លួន​នៅ​​វគ្គ​បន្ត ដើម្បី​អាច​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៥០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ក្រុម ក្នុង​ការ​ធ្វើ​ឲ្យ​គំនិត​របស់​គេ​លេចចេញ​ជា​រូបរាង៕

អត្ថបទ៖ សុខណា