ឆ្នាំនេះ ខ្យល់កន្ត្រាក់កើនទ្វេដង ខណៈអ្នកស្លាប់ដោយសាររន្ទះបាញ់ថយចុះ បើធៀបនឹងឆ្នាំ ២០១៨
- 2019-05-16 03:31:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះ ខ្យល់កន្ត្រាក់កើនទ្វេដង ខណៈអ្នកស្លាប់ដោយសាររន្ទះបាញ់ថយចុះ បើធៀបនឹងឆ្នាំ ២០១៨
ចន្លោះមិនឃើញ
បាតុភូតធម្មជាតិ នៃការកើតមានខ្យល់កន្ត្រាក់មានការកើនឡើងទ្វេដងនៅឆ្នាំ២០១៩នេះ ប៉ុន្តែការស្លាប់ដោយសាររន្ទះបាញ់មានការថយចុះ បើប្រៀបធៀបរយៈពេល៥ខែដូចគ្នា កាលពីឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹងពី លោក កែវ វី មន្ត្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់ Sabay នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ។
ចំពោះរបាយការណ៍ដែលគិតត្រឹមពីថ្ងៃទី ២៥ មេសា រហូតដល់ថ្ងៃ ១៣ ឧសភា ឆ្នាំ២០១៩នេះវិញ ត្រូវបានរកឃើញថា បាតុភូតបណ្ដាលមកពីភ្លៀងខ្យល់កន្រ្តាក់ កើតមានចំនួន ៧១លើក កើតមានក្នុងខេត្តចំនួន ២១។
ឥទ្ធិពលខ្យល់កន្ត្រាក់នេះបានសម្លាប់មនុស្ស និងធ្វើឲ្យខូចខាតដូចខាងក្រោម៖
មនុស្សចំនួន ២នាក់ស្លាប់ និង របួស៤នាក់
ផ្ទះរងការខូចខាតធ្ងន់ធ្ងរមានចំនួន ២៩៣ខ្នង
របើកដំបូល (ការខូចខាតកម្រិតមធ្យម) មានចំនួន ៣០១០ ខ្នង។
របើកដំបូលសាលារៀន ទីចាត់ការ សរុប១៧អគារ
ដួលរលំអាគារសាលារៀន១ខ្នង នៅខេត្តកំពង់ចាម
របើកដំបូលអាគាររដ្ឋបាលចំនួន៤
ខូចខាតរោងម៉ាស៊ីនកិនស្រូវ ចំនួន៥
ខូចខាតព្រះវិហារ២
ខូចខាតសាលាឆទាន៤
បាតុភូតធម្មជាតិរន្ទះបាញ់ធ្វើឲ្យប៉ះពាល់មានដូចជា៖
មនុស្សស្លាប់ចំនួន ២០នាក់ ក្នុងនេះមានស្រី ០៦នាក់
មនុស្សរងរបួសដោយសាររន្ទះមានចំនួន ១៨នាក់
ងាប់គោ ក្របី សរុបចំនួន ០៨ ក្បាល
តួលេខនេះខាងលើនេះ គឺបូកសរុបចាប់ពីថ្ងៃទី ២៥ មេសា រហូតដល់ ១៣ ឧសភា ក្នុងឆ្នាំ ២០១៩ ដោយមិនទាន់មានតួលេខប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅអំឡុងឆ្នាំ ២០១៨ឡើយ។ ប៉ុន្ដែបើបូកសរុបរបាយការណ៍ជារួម រយៈពេល ៥ខែ ២០១៩ និង ២០១៨ គឺឆ្នាំនេះ ឥទ្ធិពលខ្យល់កន្រ្តាក់កើនឡើងទ្វេដង ឯករណីរន្ទះបាញ់មានការថយចុះ។ កាលពីឆ្នាំ ២០១៨ អ្នកស្លាប់ដោយរន្ទះមានចំនួន ៦៥នាក់ ឯឆ្នាំ ២០១៩ មានអ្នកស្លាប់ដោយសាររន្ទះ ៣៥នាក់។
លោក កែវ វី បានឲ្យដឹងថា ឥទ្ធិពលខ្យល់កន្ត្រាក់ គឺជាបាតុភូតធម្មជាតិ ដែលទទួលរងឥទ្ធិពលអេលនីណូ (El Nino) ដែលត្រៀមអស់ឥទ្ធិពលនៅអំឡុងសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០១៩។ ចំពោះការថយចុះនៃបាតុភូតរន្ទះបាញ់ អាចដោយសារតែឥទ្ធិពលនៃការផ្សព្វផ្សាយ អំពីវិធានការ ការពាររន្ទះ ហើយប្រជាជននៅតាមទីប្រជុំជនមានការយល់ដឹងច្រើន ដើម្បីការពារមុន។
ដើម្បីឲ្យវិធានការខាងលើកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ អំពាវនាវដល់បណ្ដាញផ្សព្វផ្សាយឲ្យជួយផ្សព្វផ្សាយអំពីវិធានការការពាររន្ទះ និងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែជ្រាបច្បាស់ ការពារសម្រាប់ឆ្នាំក្រោយៗទៀត៕