វីដេអូ YouTube មួយប្រភេទមានអ្នកចូលមើលច្រើនបំផុត

  • 2019-05-23 06:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ YouTube ដែល​ប្រមូល​ផ្តុំ​ឡើង​ដោយ​វីដេអូ​រាប់​ពាន​លាន​ចែក​ជា​មាតិកា​ច្រើន​ប្រភេទ​ដាច់​ដោយ​ឡែក​ពី​គ្នា តែ​ក៏​នៅ​មាន​ចម្ងល់​ថា​តើ​វីដេអូ​ប្រភេទ​ណា​ត្រូវ​ចិត្ត​អ្នក​ទស្សនា​ច្រើន​បំផុត? យោង​តាម​ការ​ចុះ​ស្ទង់​មតិ​យុវវ័យ​សញ្ជាតិ​អាមេរិក ៤ ៦០០ នាក់​ពី​ក្រុម​ការងារ Pew Research ចន្លោះ​ខែ​ឧសភា ដល់​មិថុនា ឆ្នាំ ២០១៨ បាន​រក​ឃើញ​លទ្ធផល​ផ្លូវការ​មួយ​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រភេទ​វីដេអូ​ចែក​រំលែក​ចំណេះ​ដឹង ក្រោម​ពាក្យ​គន្លឹះ How-to បាន​រក​ឃើញ​ថា​មាន​អ្នក​ប្រើប្រាស់​ YouTube ដល់​ទៅ ៨៧ ភាគរយ​ចូលចិត្ត​វីដេអូ​បែប​នេះ ដោយ​ភាគ​ច្រើន​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៩ ឆ្នាំ​ធៀប​នឹង​តួ​លេខ​ទាប​នៃ​អ្នក​ប្រើ​អាយុ​ចន្លោះ​ពី ៦៥ ឬ​ខ្ពស់​ជាង​នេះ។

មិន​មាន​តួ​លេខ​ច្បាស់​លាស់​ពី​ទំហំ​វីដេអូ How-to មាន​ចែកចាយ​លើ YouTube នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ត្រលប់​ទៅ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្រុមហ៊ុន​ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ថា​មាន​ប្រមាណ ១៣៥ លាន​វីដេអូ។

យ៉ាងណាមិញ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ក៏ ​មាន​ផែនការណ៍​ពង្រឹង​បន្ថែម​លើ​មាតិកា​ចែក​រំលែក​ចំណេះដឹង ដោយ​គ្រោង​ចំណាយ ២០ លាន​ដុល្លារ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​បង្កើត​មាតិកា​ឯករាជ្យ​និង​ផលិតករ​អាជីព។

នាយក​ប្រតិបត្តិ​ YouTube អ្នក​ស្រី Susan Wojcicki ក៏​ធ្លាប់​មាន​ប្រសាសន៍​ថា៖ "យើង​ប្ដេជ្ញា​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​បង្កើត​ទាំង​អស់​ដែល​ចង់​ចែក​រំលែក​ចំណេះដឹង​ទៅ​កាន់​ពិភពលោក​ និង​អ្នក​ប្រើប្រាស់​ដែល​ចូល​មក​កាន់​វេទិកា​របស់​យើង​ដើម្បី​ចង់​សិក្សា​រៀន​សូត្រ"។

អានអត្ថបទទាក់ទង៖

ប្រភព៖ DigitalTrends   អត្ថបទ៖ កៅ រក្សា