អ្នកជំនាញព្រមានថា បើ​មិន​ពង្រឹង Cyber Security ក្រុមហ៊ុន​អាជីវកម្មនៅកម្ពុជា អាច​​រង​ការខូចខាត​ធ្ងន់ធ្ងរ

  • 2018-11-08 06:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​បច្ចេកវិទ្យា​មាន​ការ​រីកចម្រើន បណ្ដា​អាជីវកម្ម​ខ្នាត​ធំ​មធ្យម​​តូច អង្គការ​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ពឹង​ផ្អែក​លើ​វិស័យមួយនេះ ដើម្បី​ដំណើរការណ៍​អាជីវកម្ម​ ប៉ុន្តែ​​ក្ដី​បារម្ភ​អំពី​ការ​លួច​ និង​បំផ្លាញ​ទិន្នន័យ​​សំខាន់​ផ្សេង​ៗ ពី​ក្រុម Hacker ក៏​មាន​ច្រើន​ដែរ ដែលស្ថាប័ននីមួយៗចាំបាច់ត្រូវ​ពង្រឹង​លើប្រព័ន្ធសុវត្ថិភាព Cyber Security។

តើ​អ្វី​ជា Cyber Security? ​Cyber Security គឺ​ជា​​ប្រព័ន្ធ​សុវត្ថិភាពការពារ​ប្រព័ន្ធ​កុំព្យូទ័រ​ ពី​ជន​លួចទិន្នន័យ (Hacker) ឬ​ការ​ការពារ​ការបំផ្លាញ Hardware, Software ឬ​ទិន្នន័យ​អេឡិចត្រូនិក​ ក៏​ដូច​ជា ​ការ​រំខាន​ផ្សេងៗ​ទៅ​លើ​សេវាកម្ម​ ដែល​ក្រុមហ៊ុន​​​មួយ​ផ្ដល់​ជូន​អតិថិជន​​។

ក្នុង​កម្មវិធី Cyber Security កាល​ពី​ឆ្នាំ ​២០១៦ លោក ហ៊ួត គីម​សៀង ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ First Cambodia បាន​ឱ្យ​ដឹង​ថា ​បណ្ដា​សហគ្រាស​ហិរញ្ញវត្ថុ និង​ក្រសួង​នានា មាន​ការ​ព្រួយ​បារម្ភខ្លាំង​ លើ​ផ្នែក​សុវត្ថិភាព​ព័ត៌មាន​វិទ្យា។ ​សហគ្រាស​អាជីវកម្ម​នៅ​កម្ពុជា​មួយ​ភាគ​ធំ មិន​សូវ​គិតគូរ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព (Cyber Security) ដែល​​ជា​ហេតុ​ក្លាយ​ជា​គោលដៅ​​វាយប្រហារ​​​​។ លោក​ថា ការ​ខ្វះ​ការ​យកចិត្តទុកដាក់ និង​ចាត់​វិធានការណ៍​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា នឹង​ផ្ដល់​​​ឱកាស​ដល់​ឧក្រិដ្ឋជន ​បំផ្លិចបំផ្លាញ និង​​ខូចខាត​ធ្ងន់ធ្ងរ។

ក្នុង​សិក្ខាសាលា​បង្ហាញ​ពី​គំរូ​ថ្មី​ក្នុង​ការ​រក្សា​ការពារ​ប្រព័ន្ធ cyber ​​លោក Stephen Path ​ប្រធាន​សហព័ន្ធ​បច្ចេកវិទ្យា ICT កម្ពុជា ក៏​បាន​​យល់ឃើញពីចំណុចប្រហោង របស់សហគ្រាសអាជីវកម្ម ក្នុង​ការពង្រឹង Cyber Security ដែរ​។ លោកថា សហគ្រាស​អាជីវកម្ម​នៅ​កម្ពុជា​មិន​ដល់ ៥%​ ទេ ដែល​យកចិត្តទុកដាក់​ពង្រឹង​លើ​ប្រព័ន្ធ​សុវត្ថិភាពនេះ ។ ដ្បិត​ប្រព័ន្ធ​សុវត្ថិភាព ត្រូវការ​ការ​ទុន​ច្រើន ​និង​ធនធាន​មនុស្ស​ ដែល​ជា​ការ​វិនិយោគ​យូរ​អង្វែងយ៉ាង​ណា​ក៏ដោយ ក៏​លោក​សូមឱ្យ​​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ គួរ​​​គិត​គូរ​ឡើង​វិញក្នុង​ការ​បង្កើត​ថវិកា​ ​អភិវឌ្ឍ​ប្រព័ន្ធ​សុវត្ថិភាព​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់ផ្ទាល់​ខ្លួន និង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន។

ធនាគារ និង​ស្ថាប័ន​រដ្ឋាភិបាល អង្គភាពគួរ​យក​ចិត្ត​ទុកដាក់​ខ្លាំង​​ជាងគេ​បំផុត។ នេះ​បើ​តាម​សម្ដីរបស់​លោក ​ Nguyen Minh Hung នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា Vietnet Distribution JSC  ប្រទេស​​វៀតណាម ថ្លែង​ក្នុង​ពិធី​សម្ពោធប្រកាសទទួលសិទ្ធិនាំចូល ForcePoint មកទីផ្សារ​កម្ពុជា កាលពី​ម្សិលមិញ នៅ​សណ្ឋាគារ ហ៊ីម៉ាវីរី។

លោកបញ្ជាក់ទៀត​ថា៖ “ក្ដី​រំពឹង​របស់​យើង គឺ​នាំ​យក​ដំណោះស្រាយ​ថ្នាក់​ពិភពលោក ប្រឆាំង​ទប់ទល់​គ្រប់​​ការ​វាយ​ប្រហារ​គ្រប់ Cyber-attacks នៅ​កម្ពុជា ជា​ពិសេស​វិស័យ​ធនាគារ និង​រដ្ឋាភិបាល"។

លោក Nguyen Minh Hung នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា Vietnet

ជាការពិត ឃ្លាំងចរាចរណ៍​ចរន្ត​សាច់ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​មួយ​ថ្ងៃៗ​គឺ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ឬ​ធនាគារ ​ដែល Hacker​ ដណ្ដើម​គ្នា។ ដូច​ករណី​ឆ្នាំ ២០១៥ មាន​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​លើ​ប្រព័ន្ធ​ធនាគារ​ជាង ១០០ ជុំវិញ​ពិភពលោក ដើម្បី​ទាញ​យក​ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើប្រាស់។ Hacker បាន​ធ្វើ​ប្រតិបត្តិការ​ក្លែង​ក្លាយ​ ដោយ​ដក​យក​លុយ​តាម​ទូ ATM ជុំវិញ​ពិភពលោក។ ត្រឹម​រយៈ​ពេល ២ ឆ្នាំ​ ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​រងគ្រោះ បាន​ខាត​បង់​ប្រាក់​ជាង ៨៦៤ លាន​ដុល្លារ​អាមេរិក។

ចំណែកធនាគារ​ក្នុង​ប្រទេស​កម្ពុជា​វិញ នៅចុងឆ្នាំ​​ ២០១៥ Microsoft និង​អេស៊ីលីដា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​កម្មវិធី​មាន​តម្លៃ​ទឹកប្រាក់​រាប់​លាន​ដុល្លារ ក្នុង​អាណត្តិ ៣ ឆ្នាំ ដើម្បី​បង្កើន​ទំនើប​ភាព លើ​ប្រតិបត្តិការ​អាជីវកម្ម ក៏​ដូច​ជា​បង្កើន​កម្រិត​សុវត្ថិភាព​ System។

ឆ្លើយ​តប​ទៅ​នឹង​កង្វល់​នៃ​ការ​ចរាចរណ៍​ចរន្ត​សាច់ប្រាក់​អនឡាញ​ ដែល​បង្ក​ហានិភ័យ​ជា​ប្រព័ន្ធនេះ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជាលោក ជា ចាន់តូ ក៏ធ្លាប់​បាន​លើក​ឡើង​ថា​ សុវត្ថិភាព​នៃ​ប្រព័ន្ធ​ធនាគារ ​ជា​អាទិភាព​ត្រូវតែ​ពង្រឹង​ជាប់​ជា​ប្រចាំ​ទាំង​ខ្នាត​តូច​និង​ធំ។

Ben Tan ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់ ForcePoint

ដោយឡែក​លោក Ben Tan ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់​ នៃ​ក្រុមហ៊ុន​​ឯកទេស ផ្នែកសន្តិសុខ​ព័ត៌មាន (Cyber Security) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ForcePoint មានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក បាន​លើកឡើង​ដែរ​ថា ការ​គំរាមកំហែង​ខាង​ប្រព័ន្ធ​អ៊ីនធឺណិត ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ចំនួន​ច្រើន​ឡើយ ហើយ​​​បណ្ដា​ក្រុមហ៊ុន​ ប្រឈមនឹង​​ការ​លំបាក​ក្នុង​ការ​ការពារ​ទិន្នន័យ​របស់​ពួកគេ។

"យើង​​រីករាយ​ណាស់​ដែល Vietnet បាន​នាំយក Forceptoint មក​កាន់​ប្រទេស​កម្ពុជា។ យើង​មិន​ដែល​ចែកចាយ​​ទី​នេះទេ​ពីមុន​មក ដូច្នេះ​វា​​​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​យើង"។ លោក Ben Tan បន្ថែម។

តាំងពី​ ២០១១​ មក គេហទំព័រ​របស់​អង្គភាព​ជា​ច្រើន​នៅកម្ពុជា ដែលធ្លាប់​​​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ Hacker មាន​ទាំង Website, អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU), អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ, បណ្ដា​ស្ថាប័ន​សារព័ត៌មាន​ជាតិ​ជា​ច្រើន, មន្ត្រី​ជួរ​រដ្ឋាភិបាល, អ្នក​សិល្បៈ និង​អ្នក​ប្រើប្រាស់​សេវាកម្ម​អនឡាញ​មួយ​ចំនួន​ទៀត ហើយ​បើ​តាម​របាយការណ៍​ថ្មី​បំផុត​មួយ​របស់ Microsoft កម្ពុជា​​​ ស្ថិត​ក្នុង​បញ្ជី​គ្រោះថ្នាក់ ដែល​ងាយរងគ្រោះ ផ្នែក​សុវត្ថិភាព Cyber Security បំផុត ក្នុង​ចំណោម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ៥​ មាន​បង់ក្លាដេស ឥណ្ឌូណេស៊ី ភូមា និង​ ប្រទេស​វៀតណាម៕

អត្ថបទផ្សេងទៀត

អត្ថបទ៖ អ៊ុំ សុភក្តិ