សុវត្ថិភាព​ទិន្នន័យ​​​កាន់តែ​គ្រោះថ្នាក់ តែ​អ្នក​ប្រើ​លើស ៩០% មិន​ខ្វល់

  • 2018-06-07 04:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • បរទេស​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អនឡាញ នៅ​កម្ពុជា
  • បុគ្គល និង​ស្ថាប័ន​រងគ្រោះ​ដោយ​ការ​Hack
  • ទិសដៅ​ធំៗ ក្នុង​ការ​វាយប្រហារ
  • ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អនឡាញ

តួលេខ​អ្នក​អនឡាញ​នៅ​កម្ពុជា កើន​ដល់ ៨ លាន​នាក់ និង​ អ្នកប្រើប្រាស់​ទូរសព្ទ​មាន​ជាង ២០ លាន​គ្រឿង។ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បញ្ជី ងាយ​រងគ្រោះ​ពី​ការ​ Hack បំផុត​ក្នុង​តំបន់ ខណៈ​អ្នក​ខ្វាយខ្វល់​រឿង​សុវត្ថិភាព​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​សម្ងាត់ មាន​មិន​ដល់ ១០% ។

លោក​អ៊ូ ផាន់ណារិទ្ធ​ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​អនឡាញ (Cyber Security) និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​ឲ្យ​ដឹង​ថា បទល្មើស​បច្ចេកវិទ្យា​ជា​បទល្មើស​ទំនើប​ថ្មី ដោយសារ​អ្នក​ប្រព្រឹត្ត​ជា​អ្នក​មាន​សមត្ថភាព​ខ្ពស់។ អ្នកប្រើប្រាស់​បច្ចេកវិទ្យា​ខ្វះ​ការ​យល់​ដឹង ងាយ​ធ្លាក់​ក្នុង​ការ​អន្ទាក់​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន។ ធ្លាប់​មាន​ជនរងគ្រោះ​ជា​ហូរហែ មាន​អ្នក​ខ្លះ​លង់​ខ្លួន​អស់​លុយ​ អស់​ទ្រព្យ និង​បាត់បង់​ជីវិត​ក៏​មាន។

លោក អ៊ូ ផាន់ណារិទ្ធ អ្នកជំនាញផ្នែកសុវត្ថិភាព

តាំងពី​ ២០១១មក គេហទំព័រ​របស់​អង្គភាព​ជា​ច្រើន​សុទ្ធ​តែ​​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ Hacker។ មាន​ទាំង Website អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU), អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ, បណ្ដា​ស្ថាប័ន​សារព័ត៌មាន​ជាតិ​ជា​ច្រើន, មន្ត្រី​ជួរ​រដ្ឋាភិបាល, អ្នក​សិល្បៈ និង​អ្នក​ប្រើប្រាស់​សេវាកម្ម​អនឡាញ​មួយ​ចំនួន​ទៀត សុទ្ធ​តែ​ធ្លាប់​រងគ្រោះ។

ចម្ងល់​នៅ​ត្រង់​ថា តើ​ Hacker ទាំង​នោះ Hack ធ្វើ​អី? បាន​អី​មក​វិញ ទោះ​ជា​ដឹង​ថា​មាន​ទោស​ទណ្ឌ?

មិន​មាន​ការ Hack យក​ព័ត៌មាន​ឯកជន​ក្នុង​ផ្លូវ​ល្អ​ទេ គឺ​ដើម្បី​ផល​ប្រយោជន៍ ទៅ​តាម​ការ​ចង់​បាន​របស់​ក្រុម​ ឬ បុគ្គល Hacker ទាំង​នោះ អាច​ជា​ លុយកាក់, បង្ខូច​កេរ្តិ៍ឈ្មោះ, យក​ទិន្នន័យ​លក់ ឬ​ទិន្នន័យ​ចាំបាច់​ផ្សេងៗ​ទៀត ដើម្បី​ដឹង​ពី​សមត្ថភាព​អនឡាញ យោធា...រវាង​ប្រទេស​ និង​ប្រទេស​ជា​ដើម។

Hacker ត្រូវ​បាន​បែងចែក​បី​ប្រភេទ។ ទី​មួយ​ជា​ឧក្រិដ្ឋជន​លក្ខណៈ​បុគ្គល។ ទី​ពីរ​ជា​ក្រុម​អ្នក​វាយប្រហារ​ជា​ក្រុម និង​ទី​បី​ជា​ប្រភេទ​នៃ​ក្រុម​វាយប្រហារ​ប្រទេស​និង​ប្រទេស។

ការ​យក​ចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​ទិន្នន័យ​អនឡាញ

"អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​មិន​ដល់ ៥%​ទេ ដែល​​គិតគូរ​ប្រព័ន្ធ​សន្តិសុខ"។ នេះ​ជា​ការ​​វាយ​តម្លៃ​របស់ ​សមាគម​បច្ចេកវិទ្យា​ទូរគមនាគមន៍​កម្ពុជា (ICT)។

លោក Steven Path ប្រធាន​សមាគម ICT លើក​ឡើង​ថា បញ្ហា Cyber Security ជា​រឿង​ធ្ងន់ធ្ងរ។ ម្ចាស់​អាជីវកម្ម​មួយ​ភាគ​ធំ​មិន​សូវ​ខ្វាយខ្វល់ ដោយសារ​ពួកគេ​បារម្ភ​ពី​ការ​ចំណាយ។ លោក​បាន​ដាស់តឿន​ដល់​ម្ចាស់​អាជីវកម្ម​ត្រូវ​គិតគូរ​ឡើងវិញ​លើ​ប្រព័ន្ធ​សុវត្ថិភាព​ ដើម្បី​ចៀសវាង​ការ​ខូចខាត​ធំ​ទៅ​ថ្ងៃ​ក្រោយ។

ធនាគារ​ក្នុង​ស្រុក ចាយ​លុយ​រាប់​លាន

ចុង​ឆ្នាំ ២០១៥ Microsoft និង​អេស៊ីលីដា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​កម្មវិធី​មាន​តម្លៃ​ទឹកប្រាក់​រាប់​លាន​ដុល្លារ ក្នុង​អាណត្តិ ៣ ឆ្នាំ ដើម្បី​បង្កើន​ទំនើប​ភាព លើ​ប្រតិបត្តិការ​អាជីវកម្ម ក៏​ដូច​ជា​បង្កើន​កម្រិត​សុវត្ថិភាព​ System។

លោក ម៉ាច ម៉ារី អនុប្រធាន​ជាន់ខ្ពស់​ និង​ជា​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា នៃ​ធនាគារ​អេស៊ីលីដា​ ឲ្យ​ដឹង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ Microsoft នឹង​ធ្វើ​ឲ្យ​ធនាគារ​សន្សំសំចៃ​លើ​ការ​ចំណាយ និង​បង្កើន​សុវត្ថិភាព​កាន់​តែ​ខ្ពស់។

ប្រទេស​​រងគ្រោះ​បំផុត៖

បណ្ដា​ប្រទេស​ក្រីក្រ ឬ​ទើប​នឹង​បោះជំហាន​ចូល​​​តិចណូឡូជី ពិត​ជា​ចៀស​មិន​ផុត​ពី​ភាព​រងគ្រោះ ឬ​​ក្លាយ​ជា​បេក្ខភាព​ដែល​ទទួល​រង​ការ​វាយប្រហារ​ច្រើន​បំផុត។ នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​មួយ​របស់ Microsoft បាន​បញ្ជាក់​ថា កម្ពុជា​ ​​ស្ថិត​ក្នុង​បញ្ជី​គ្រោះថ្នាក់ (ងាយរងគ្រោះបំផុត) ផ្នែក​សុវត្ថិភាព Cyber Security ក្នុង​ចំណោម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ៥​ មាន​បង់ក្លាដេស ឥណ្ឌូណេស៊ី ភូមា និង​ប្រទេស​វៀតណាម។

ឧទាហរណ៍​ជាក់​ស្ដែង អ្នក​ដែល​សកម្ម​លេង​ Facebook ម្នាក់​ដែល​ធ្លាប់​រងគ្រោះ​ដោយ​សារ​បាត់​បង់​គណនី សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ Sabay ថា "Account ខ្ញុំ​មាន​គេ​ Hack ហើយ​ឆាត​ទៅ​ខ្ចី​លុយ​មិត្តភ័ក្ដិ​ច្រើន​គ្នា ដែល​ខ្ញុំ​ឧស្សាហ៍​លេង​ជា​មួយ...ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច សំណាង​ហើយ​មិត្តភ័ក្ដិ​ខល​មក​សួរ​ថា​មាន​បញ្ហា​រឿង​លុយ​មែន​អត់...ដល់​តែ​ប្រាប់​គេ​តាម​ហ្នឹង​ទៅ​បាន​ដឹង​ថា​មិន​មែន​ខ្ញុំ...កុំអី​លក់​មុខ ខ្មាស​គេ​ស្លាប់​មិន​ខាន​ខ្ញុំ”។

ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ផ្ទាំង​ស៊ីប

ជង្រុក​ចរាចរណ៍​ចរន្ត​សាច់ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​មួយ​ថ្ងៃៗ​គឺ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ឬ​ធនាគារ ជា​ដុំ​សាច់​ដែល Hacker​ ដណ្ដើម​គ្នា។ ដូច​ករណី​ឆ្នាំ ២០១៥ មាន​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​លើ​ប្រព័ន្ធ​ធនាគារ​ជាង ១០០ ជុំវិញ​ពិភពលោក ដើម្បី​ទាញ​យក​ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើប្រាស់។ Hacker បាន​ធ្វើ​ប្រតិបត្តិការ​ក្លែង​ក្លាយ​ដោយ​ដក​យក​លុយ​តាម​ទូ ATM ជុំវិញ​ពិភពលោក។ រយៈ​ពេល ២ ឆ្នាំ​ ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​រងគ្រោះ បាន​ខាត​បង់​ប្រាក់​ជាង ៨៦៤ លាន​ដុល្លារ​អាមេរិក។

ឆ្លើយ​តប​ទៅ​នឹង​កង្វល់​នៃ​ការ​ចរាចរណ៍​ចរន្ត​សាច់ប្រាក់​អនឡាញ​ដែល​បង្ក​ហានិភ័យ​ជា​ប្រព័ន្ធ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា លោក ជា ចាន់តូ ធ្លាប់​បាន​លើក​ឡើង​ថា​ សុវត្ថិភាព​នៃ​ប្រព័ន្ធ​ធនាគារ​ជា​អាទិភាព​ត្រូវតែ​ពង្រឹង​ជាប់​ជា​ប្រចាំ​ទាំង​តូច​ទាំង​ធំ។

ទឹកប្រាក់​រាប់​កោដិ​ហូរ​ចូល​ហោប៉ៅ​ឧក្រិដ្ឋជន

ឧក្រិដ្ឋកម្ម​អនឡាញ ជា​បទ​ឧក្រិដ្ឋ​ធំ ឈរ​នៅ​លេខរៀង​ទី២។ កត្តា​នេះ​បាន​បង្ក​ជា​កង្វល់ និង​ក្ដី​ភ័យខ្លាច​ជា​ច្រើន​ដល់​បណ្ដា​ក្រុមហ៊ុន​នានា​ទាំង​តូច​ទាំង​ធំ ដែល​ដំណើរការ​ដោយ​ អវត្តមាន​ ប្រព័ន្ធ​អ៊ិនធឺណិត​មិន​បាន។

បទល្មើស​បច្ចេកវិទ្យា​គឺជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​ក្រុមហ៊ុន​ទាំងអស់​នៅ​ក្នុង​ពិភពលោក និង​ជា​បញ្ហា​ធំ​បំផុត​មួយ​របស់​មនុស្សជាតិ។ ជាក់​ស្ដែង ក្នុង​ឆ្នាំ​២០១៧ របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា "ការ​គំរាមកំហែង​សេដ្ឋកិច្ច​ពី​ឧក្រិដ្ឋកម្ម​អនឡាញ" របស់​ក្រុមហ៊ុន​សន្តិសុខ McAfee និង​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ (CSIS) បង្ហាញ​ថា ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ធ្វើ​ឲ្យ​ខាតបង់​ទឹកប្រាក់​ចន្លោះ​ពី ៤៥០ - ៦០០ ប៊ី​លាន​ដុល្លារ។

សំណុំ​រឿង​វាយ​ប្រហារ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធំៗ ៥ ឆ្នាំ​ចុងក្រោយ

១. មេរោគ WannaCry ក្នុង​ឆ្នាំ ២០១៧

មេរោគ​ចាប់​ជំរិត ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៧ បាន​បង្ក​គ្រោះថ្នាក់ និង​លុកលុយ​កុំព្យូទ័រ​ជាង ៣០ម៉ឺន​គ្រឿង​គ្រា​នោះ។ មេរោគ​នេះ​ឆ្លង​តាម​រយៈ​ Email ពេល​អ្នក​ប្រើ​ប្រាស់​ចុច Link ដែល​ជន​អនាមិក​ផ្ញើ​ (ចូលប្រអប់សារ) មេរោគ WannaCry នឹង​ជ្រាប​ចូល​ក្នុង​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ។

២. ការ​លួច​ទិន្នន័យ​ឯកជន​ជា​ចង្កោម

ចុង​ឆ្នាំ ២០១៥ មនុស្ស ៣​ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​យក​ព័ត៌មាន​ឯកជន​ទៅ​ធ្វើ​អាជីវកម្ម​ដោយ​ខុស​ច្បាប់ ដើម្បី​យក​ទិន្នន័យ​ទាំងនោះ​​ ​​លក់​ក្នុង​ទីផ្សារ​ងងឹត ឬ​ក្រឡុក​ទីផ្សារ​ភាគហ៊ុន ជាដើម។

៣. SONY ត្រូវ​បាន​គេ​ធ្វើ​ស៊ី នា​ឆ្នាំ ២០១៤

ក្រុមHacker ដែល​មាន​ឈ្មោះ​ថា Guardians of Peace (GOP) ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​ប្រើ​មេរោគ លួច​យក​ទិន្នន័យ​របស់​ក្រុមហ៊ុន SONY ទំហំ​ជាង ១០០ តេរ៉ាបៃ (TB) ដែល​គេ​ដាក់​ការ​សង្ស័យ​ថា រដ្ឋាភិបាល​កូរ៉េខាងជើង Kim Jong-un នៅ​ពីក្រោយ បន្ទាប់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ ត្រៀម​បញ្ចេញ​រឿង "The Interview” ដែល​មេដឹកនាំ​រូប​នេះ ស្លាប់​នៅ​ចុង​បញ្ចប់​នៃ​សាច់រឿង។

៤. គណនី​ YaHoo រងគ្រោះ​ធ្ងន់

លើក​ទី១ នៅ​ឆ្នាំ​២០១៣ គណនី​ជាង ១ពាន់​លាន​របស់​ក្រុមហ៊ុន YaHoo ត្រូវ​បាន​គេ​លួច​យក​ព័ត៌មាន​ (ឈ្មោះ លេខ​ទូរសព្ទ លេខ​សម្ងាត់ និង Email)។ និង លើក​ទី ២ ក្នុង​ឆ្នាំ ២០១៤ អស់​ជាង ៥០០ លាន​គណនី។

គេហទំព័រ​អាមេរិក bloomberg បាន​បញ្ចេញ​បញ្ជី​រាយ​ឈ្មោះ​ប្រទេស​ដែល​សម្បូរ​ក្រុម Hacker ច្រើន​ជាង​គេ​ទាំង ១០ ក្នុង​លោក៖

ឆ្លើយតប​បញ្ហា​កង្វល់​និង​ទប់​ទល់​ចរន្ត​ពិភពលោក​កំពុង​ប្រែប្រួល រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ជំនាញ​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber War Team) ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ និង​គេហទំព័រ​ផ្សេងៗ។ ក្នុង​ឆ្នាំ ២០១៥ រដ្ឋាភិបាល​ក៏​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។ នាយកដ្ឋាន​ថ្មី​របស់​ក្រសួង​មហាផ្ទៃ​នេះ មាន​តួនាទី​ទទួល​ពាក្យបណ្ដឹង ដោះស្រាយ​បញ្ហា ទប់ស្កាត់​និង​​ស្រាវជ្រាវ​ ស៊ើបអង្កេត ​បង្ក្រាប​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បូក​រួម​ទាំង​ការ​ Hack គណនី​ជា​ដើម។

ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ ឬ​ឆបោក មន្ត្រី​ជំនាញ​​​បង្ក្រាប​បាន​ប្រហែល ២០ ករណី ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ដែល​ជន​រងគ្រោះ​បាន​ប្ដឹង​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កាល​ពី​ឆ្នាំមុន។

ទោស​ទណ្ឌ​ការ​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​កម្ពុជា

កម្ពុជា​មាន​បទដ្ឋាន​គតិយុត្តិ​ដាក់ទោស​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា (Cambodia Cyber Crime Offences)។ ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ន​ស/រកម/១១០៩/០២២ ចុះ​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ មាន ០៦ មាត្រា។ ក្នុង​នោះ​ការ​កំណត់​ទោស​តាម​បទល្មើស​ដូច​ខាងក្រោម៖

ជើង​ខ្លាំង​អនឡាញ

របាយការណ៍​ពី Zecurion Analytics បញ្ជាក់​ថា ប្រទេស​ខ្លាំងៗលើ​ Cyber Security សុទ្ធ​តែ​មហាអំណាច តែ​ក្នុង​នោះ​ក៏​មាន​ប្រទេស​អ្នក​មាន​អាស៊ី ១ ស្ថិត​ក្នុង​បញ្ជី​ អ្នក​ខ្លាំង​ទាំង​៥។ នេះ​ជា​លេខ​រៀង និង​ការ​ចំណាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ​របស់​ប្រទេស​ទាំង​នោះ៖

១. សហរដ្ឋអាមេរិក​បាន​ចំណាយ ៧ ប៊ីលាន​ដុល្លារ​ ២. ចិន​ចំណាយ ១,៥ ប៊ីលាន​ដុល្លារ ៣. ចក្រភពអង់គ្លេស ៤៥០ លាន​ដុល្លារ ៤. កូរ៉េ​ខាង​ត្បូង​ ៤០០ លាន​ដុល្លារ​ ឯ ៥. ប្រទេស​រុស្ស៊ី​ចំណាយ ៣០០ លាន​ដុល្លារ

កំពូល Hacker ដ៏​ល្បី​ឈ្មោះ​បង្ក​អុកឡុក​ជុំវិញ​ពិភពលោក៖

១/ Gary McKinson៖ ឲ្យ​ឈ្មោះ​ហៅ​ក្រៅ​ថា Solo លោក Gary ត្រូវ​គេ​ស្គាល់​ជា​អ្នក​លុកលុយ​ប្រព័ន្ធ​យោធា​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។ លោក​ធ្លាប់​បាន​ចូល Hack នៅ​ក្នុង​មន្ទីរ​បញ្ចកោណ និង​ចូល​ទៅ​លុប​ទិន្នន័យ ប្ដូរ​លេខ​សម្ងាត់​ទិន្នន័យ​របស់​អង្គការ​ណាសា​ឆ្នាំ ២០០១-២០០២។

២/Kevin Mitnick៖​ មាន​រហស្សនាម Hacker គួរ​ឲ្យ​ខ្លាច​បំផុត ដែល​ធ្លាប់​ជាប់​គុក​រយៈ​ពេល ៥ ឆ្នាំ បន្ទាប់​ពី​បាន​ជ្រៀតចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រសួង​យុត្តិធម៌​អាមេរិក និង​ត្រូវ​គេ​ដឹង​ថា​មាន​សមត្ថភាព​អាច​បញ្ជា​គ្រាប់​បែក​នុយក្លេអ៊ែរ ដោយ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​សាធារណៈ​ប៉ុណ្ណោះ។

៣/ Jonathan James៖ ជា Hacker ដែល​ក្មេង​បំផុត កាល​អាយុ ១៦ ឆ្នាំ​ធ្លាប់ Hack ​អង្គការ​ណាសា។ មិន​មាន​មូលហេតុ​ច្បាស់លាស់ ប៉ុន្តែ​សំពាធ​ផ្លូវចិត្ត​ខ្លាំង​ ទើប​គេ​បាន​ធ្វើ​អត្តឃាត​នៅ​ឆ្នាំ​ ២០០៨ ទាំង​វ័យ​ក្មេង។

គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​​ការពារ​ពី​ការលុកលុយ​របស់​ Hacker

១. ប្រើប្រាស់​លេខ​សម្ងាត់​ពិបាកៗ៖ Password ដែល​ខ្លាំង ហើយ​ពិបាក​ Hack ត្រូវ​លាយ​គ្នា​រវាង​អក្សរ លេខ សញ្ញា ឬ​ក៏​ដាក់​ជា​តួ​អក្សរ​តាម​ភាសា​ទៀត​នោះ។ បើ​ដាក់​ដូច្នេះ ត្រូវ​ប្រើ​ពេល​រាប់​ខែ​ ទៅ​រាប់​ឆ្នាំ បើ​ចង់​លួច​ចូល​ក្នុង​គណនី​របស់​អ្នក។

២. ត្រូវ​យល់​ដឹង​ពី​បណ្ដាញ​សង្គម​ឲ្យ​បាន​ច្បាស់៖ គួរ​តែ​ឧស្សាហ៍​ឆែក​មើល​ការ​កំណត់​ផ្នែក​សុវត្ថិភាព​លើ​គណនី​សង្គម​​ជា​ទៀង​ទាត់ និង​ មិន​គួរ​ឲ្យ​មាន​ជន​ប្លែក​មុខ​នៅ​ក្នុង Friend List ក្រៅ​ពី​​ ​មិត្ត​ភក្ដិ ក្រុម​គ្រួសារ និង​អ្នក​ស្គាល់​គ្នា​បាន​ហើយ។

៣. រក្សា​សុវត្ថិភាព​ទូរសព្ទ​ដៃ៖ ទូរសព្ទ​ក៏​អាច​ឆ្លង​មេរោគ​បាន​ដូច​កុំព្យូទ័រ​ ហើយ​បើ​អ្នក​មាន​ព័ត៌មាន​សម្ងាត់​នានា​នៅ​លើ​នោះ Hacker ក៏​អាច​លួច​យក​បាន​ដូច​គ្នា។ វិធី​ល្អ គឺ​អ្នក​កុំ​ដោនឡូត​កម្មវិធី​ណា​ពី​ប្រភព​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ ព្រោះ​វា​អាច​ផ្ទុក​មេរោគ​នៅ​ក្នុង​នោះ​ក៏​ថា​បាន។ ម៉្យាង​ទៀត អ្នក​គួរ​តែ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរសព្ទ​ដៃ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បំផុត ព្រោះ​វា​ការពារ​ពី​ចន្លោះ​ប្រហោង​ ដែល​កើត​ឡើង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចាស់។

៤. ប្រើប្រាស់​ការ​បម្លែង​ទិន្នន័យ៖ ចំពោះ​ព័ត៌មាន​សម្ងាត់​ខ្លាំង​ដូច​ជា​លេខ​គណនី ព័ត៌មាន​ពី​ថវិកា​គួរ​តែ​ត្រូវ​បាន​បម្លែង (Encrypted) កុំ​ឲ្យ​ Hacker អាច​មើល​យល់​នៅ​ពេល​ Hack ចូល​បាន។

៥. លាក់​ព័ត៌មាន​សំខាន់​លើ​បណ្ដាញ​សង្គម៖ ព័ត៌មាន​នានា​ដូច​ជា​លេខ​ទូរសព្ទ ឬ ​រូបភាព​នានា​ ដូច​ជា​កាត​ធនាគារ ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ។

៦. អាប់ដេត​កុំព្យូទ័រ៖ ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ ឬ​ការ​ដំឡើង​កម្មវិធី​ដែល​ចេញ​មក​សម្រាប់​ជួស​ជុល​ចន្លោះ​ប្រហោង​នៃ​ ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​ជា​រឿង​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ទាំង​អស់​គ្នា​គួរ​តែ​ធ្វើ។

៧. ការ​ដាក់​កម្មវិធី​កម្ចាត់​មេរោគ៖ កម្មវិធី​មក​ស្រាប់​ៗ​ដែល​អាច​កម្ចាត់​មេរោគ​បាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ ដូច​ជា Windows Defender មាន​ប្រយោជន៍​សម្រាប់​ទប់​ស្កាត់​ការ​ជ្រៀត​ចូល​នៃ​មេរោគ​នានា។ យល់​ល្អ អ្នក​គួរ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ថែម​ទៀត ទាំង​លើ​ទូរសព្ទ​ដៃ និង​នៅ​លើ​កុំព្យូទ័រ ជៀស​វាង​ការ​ជ្រៀត​ចូល​នៃ​មេរោគ​បច្ចេកវិទ្យា​ទាំង​នោះ។

Cyber Security ជា​រឿង​សំខាន់ សូម​​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​រឿង​នេះ។ ប្រសិន​បើ អ្នក​ជា​ជនរងគ្រោះ​ដូចជា​មាន​ការ​លួច(hack) ​យក​គណនី Facebook ឬ​ ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ ​អ្នក​អាច​ដាក់​ពាក្យ​បណ្ដឹង​នៅ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា នៅ​ក្រសួង​មហាផ្ទៃ ដែល​ស្ថិត​នៅ​មហាវិថី​ព្រះ​នរោត្តម ខណ្ឌ​ចំការមន អគារ L ឬ​ទាក់ទង​Facebook Page: https://www.facebook.com/anti.cyber.crime.department/ ៕

ការីនិពន្ធព័ត៌មានបច្ចេកវិទ្យា