តម្លៃប្រហាក់ប្រហែលគ្នាប៉ុន្តែមួយណាជាជម្រើសដ៏ឆ្លាតវៃរវាង MG ZS Hybrid និង Chevrolet Groove
- 2026-07-21 03:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃប្រហាក់ប្រហែលគ្នាប៉ុន្តែមួយណាជាជម្រើសដ៏ឆ្លាតវៃរវាង MG ZS Hybrid និង Chevrolet Groove
ចន្លោះមិនឃើញ
រថយន្តប្រភេទ Crossover នៅតែបន្តទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារថយន្តថ្មីនៅកម្ពុជា ហើយរថយន្ត២ម៉ូឌែលនេះជាអ្វីដែលគេតែងតែប្រៀបធៀបមុនពេលសម្រេចចិត្ត នោះគឺរថយន្តប្រើសាំង និងរថយន្ត Hybrid ដូចជា MG ZS Hybrid និង Chevrolet Groove ជាដើម។ រថយន្តទាំងពីរនេះគឺជាប្រភេទរថយន្ត5កៅអី និងដំណើរការដោយម៉ាស៊ីនសាំង 1.5លីត្រ ចំនួន 4 ស៊ីឡាំងដូចគ្នា ហើយភាពស្រដៀងគ្នាខ្លាំងនោះគឺ មានតម្លៃត្រឹមតែ $28 990 សម្រាប់រថយន្ត MG ZS Hybrid និង Chevrolet Groove គឺមានតម្លៃ $28 500 ដែលខុសគ្នាតែ $490 ប៉ុណ្ណោះ។ ប៉ុន្តែរថយន្តមួយដំណើរការដោយប្រព័ន្ធ Hybrid ដែលជួយដល់ការសន្សំសំចៃសាំង និងមួយទៀតដំណើរការដោយម៉ាស៊ីនសាំងសុទ្ធ។ ខាងក្រោយនេះជាចំណុចសំខាន់ៗដែលមានលក្ខណៈពិសេសខុសគ្នា៖
ថាមពល និងដំណើរការម៉ាស៊ីន
នេះគឺជាចំណុចដែលរថយន្តទាំងពីរខុសគ្នាដាច់។ រថយន្ត MG ZS Hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5លីត្រ និង ម៉ូទ័រអេឡិចត្រូនិចក្នុងប្រព័ន្ធ Hybrid ពេញលេញ ដែលផលិតបានកម្លាំងរហូត 238 សេះ និងកម្លាំងរមួល 378 ញ៉ូតុនម៉ែត្រ។ ចំណែករថយន្ត Chevrolet Groove វិញគឺបំពាក់ដោយម៉ាស៊ីនសាំងធម្មតាចំណុះ 1.5លីត្រ និង Turbo ដែលបង្កើតកម្លាំងបានត្រឹមតែ 150 សេះ និង 255 ញ៉ូតុនម៉ែត្រ នៃកម្លាំងរមួល។
នៅក្នុងលក្ខខណ្ឌនៃដំណើរការបើកបរ រថយន្ត MG ZS Hybrid ផ្តល់ទាំងកម្លាំងខ្លាំងលើសរថយន្ត Groove រហូត 88សេះ និងផ្តល់នូវកម្លាំងរមួល លើស 120 ញ៉ូតុនម៉ែត្រ ដែលបង្ហាញពីការបង្កើនល្បឿនបានល្អ និងឆ្លើយតបការវារជែងបានខ្លាំង។ ប្រព័ន្ធ Hybrid ក៏ផ្តល់នូវអត្ថប្រយោជន៍សន្សំសំចៃប្រេងឥន្ធនៈខ្លាំងផងដែរ ដោយរថយន្ត MG ZS Hybrid មានកម្រិតស៊ីប្រេងត្រឹមតែ 4.2L/100Km បើប្រៀបធៀបទៅនឹងរថយន្ត Chevrolet Groove ជាធម្មតាកម្រិតស៊ីប្រេងចន្លោះពី 6.2–7L/100Km។ ដូច្នេះ រថយន្ត MG ZS Hybrid ក្លាយជាជម្រើសដ៏ឆ្លាតវៃ សម្រាប់អ្នកដែលចង់កាត់បន្ថយការចំណាយថ្លៃប្រេងឥន្ធនៈ។
ខណៈរថយន្ត Chevrolet Groove មានចំណុះធុងសាំងធំជាងរថយន្ត MG ZS Hybride បន្តិច គឺ45 L និង 41 L ប៉ុន្តែដោយសារប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធ Hybrid ធ្វើឱ្យរថយន្ត MG ZS Hybrid មានសមត្ថភាពបើកបររហូតដល់ 870Km សម្រាប់សាំងមួយពេញធុង ដែលបង្ហាញពីលក្ខណៈពិសេសលើសដៃគូរប្រកួតប្រជែង។
ទំហំ និងវិមាត្ររថយន្ត
រថយន្ត MG ZS Hybrid គឺមានទំហំធំជាង Chevrolet Groove លើគ្រប់ផ្នែកទាំងអស់ដូចជា ប្រវែងបណ្តោយ ( MG ZS 4,430 mm vs. Chevrolet Groove 4,365 mm), ប្រវែងទទឹង (MG ZS 1,818 mm vs. Groove 1,750 mm), កម្ពស់ (MG ZS 1,635 mm vs. Groove 1,610 mm) និង មានគម្លាតកង់មុខទៅកង់ក្រោយវែងជាង (MG ZS 2,585 mm vs. Groove 2,550mm) ដែលបង្ហាញថាផ្នែកខាងក្នុងរថយន្ត MG ZS Hybrid គឺធំទូលាយធំជាង។ ចំណែកទំហំកង់ MG ZS Hybrid វិញទំហំ 18-អ៊ីញ ធំជាងបើធៀបនឹងទំហំកង់ 17-អ៊ីញរបស់ Chevrolet Groove ។
ទំហំឃ្លុបក្រោយរថយន្ត MG ZS Hybrid មានទំហំផ្ទុក 443លីត្រ និងអាចពង្រីកបានដល់ 1 457លីត្រពេលបត់កៅអីជួរទី២ឱ្យរាបស្មើរ ហើយបើធៀបទៅនឹង Chevrolet Groove ដែលមានទំហំផ្ទុក 436លីត្រ និងពង្រីកបានត្រឹម 1 120លីត្រ។
ផ្នែកបច្ចេកវិទ្យា និងការកម្សាន្ត
រថយន្តទាំងពីរម៉ូឌែលនេះបំពាក់ដោយ Apple CarPlay និង Android Auto ដូចគ្នាដែលអនុញ្ញាតិឱ្យអ្នកបើកបរអាចតភ្ផាប់ពីទូរស័ព្ទស្មាតហ្វូនទៅរថយន្តបាន។ ក៏ប៉ុន្តែ MG ZS Hybrid មានលក្ខណៈពិសេសលើសត្រង់ទំហំអេក្រង់ធំ 12.3-អ៊ីញ បើប្រៀបធៀបទៅនឹង Chevrolet Groove មានទំហំអេក្រង់ 10.25-អ៊ីញ។ ប្រសិនបើអ្នកចង់បានអេក្រង់កម្សាន្តធំដ៏ទំនើបអាចផ្តល់ពត៌មានបានធំល្អនោះ MG ZS Hybrid គឺមានជូន។
ប្រព័ន្ធសុវត្ថិភាព
រវាងរថយន្តទាំងពីរ ប្រព័ន្ធសុវត្ថិភាពគឺអាចមានប្រហាក់ប្រហែលគ្នា ដោយបំពាក់ជាមួយប្រព័ន្ធគ្រប់គ្រងពេលបើកបរដូចជា៖ ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធព្រមានពីឧបសគ្គនៅខាងមុខ, មានហ្វ្រាំងជំនួយអូតូស្វ័យប្រវត្តិ, មានមុខងារជំនួយពេលបើកបរខុសគន្លងផ្លូវ, មានមុខងារព្រមានពេលវារជែង, មានឧបករណ៍ចាប់សញ្ញាពេលចូលចត, ព្រមទាំងមានមុខងារផ្តល់ដំណឹងសម្ពាធកង់ និងមានប្រព័ន្ធហ្វ្រាំងជំនួយ A.B.S. និង E.B.D. ដែលជាកញ្ចប់សុវត្ថិភាព។
ប៉ុន្តែអ្វីដែលខុសគ្នាខ្លាំងនោះគឺរថយន្ត MG ZS Hybrid បំពាក់ដោយ កាមេរ៉ា 360 ដឺក្រេ (360 camera view) ប៉ុន្តែរថយន្ត Chevrolet Groove មិនមាននោះទេ។ ដូច្នេះ សម្រាប់កន្លែងចតរថយន្តដែលមានភាពចង្អៀត ឬ ពេលបើកបរក្នុងល្បឿនទាប នោះកាមេរ៉ា360លើរថយន្ត MG ZS Hybrid នឹងបង្ហាញទិន្នភាពជុំវិញរថយន្តបានច្បាស់ដែលបង្ហាញភាពងាយស្រួល និងសុវត្ថិភាពប្រកបដោយភាពទំនើប ជាពិសេសការបើកបរក្នុងទីក្រុង។ អ្វីដែលពិសេសជាងនេះគឺ រថយន្ត MG ZS Hybrid ទទួលបានកម្រិតស្តង់ដារសុវត្ថិភាព 5-Star ANCAP ចំណែក Chevrolet Groove គឺមិនមាន។
ការធានាពីក្រុមហ៊ុន
រថយន្ត MG ZS Hybrid ផ្តល់ជូនការធានារយៈពេល 5 ឆ្នាំ ខណៈដែល Chevrolet ផ្តល់ជូនត្រឹមតែ 3 ឆ្នាំលើម៉ូដែល Groove ប៉ុណ្ណោះ។ ភាពខុសគ្នារយៈពេល 2 ឆ្នាំនៃការធានា អាចបង្ហាញពីអត្ថប្រយោជន៏នៃសន្តិភាពផ្លូវចិត្តកាន់តែច្រើន និងអាចកាត់បន្ថយការចំណាយលើការជួសជុលរយៈពេលវែងផងដែរ។
សរុបមករថយន្ត MG ZS Hybrid អាចផ្តល់លក្ខណៈពិសេសជាច្រើនដូចជា មានថាមពលខ្លាំងជាង ផ្តល់កម្លាំងរមួលបានខ្លាំងជាង មានការសន្សំសំចៃប្រេងឥន្ធនៈបានប្រសើរជាង ហើយមានតួរថយន្តវែងជាង អមដោយសមត្ថភាពផ្ទុកទំនិញធំជាង ព្រមទាំងមានកាមេរ៉ា 360 ដឺក្រេ និងផ្តល់ការធានាយូរជាង២ឆ្នាំ។ MG ZS Hybrid បានបំពាក់មកជាកញ្ចប់យ៉ាងពេញលេញ ជាពិសេសដំណើរការម៉ាស៊ីនដោយប្រព័ន្ធ Hybrid Self-charging ធ្វើឱ្យវាក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកទិញដែលចង់កាត់បន្ថយការចំណាយថ្លៃប្រេងឥន្ធនៈ ព្រមទាំងមានលក្ខណៈពិសេស និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ដែលជាជម្រើសនិងតម្រូវការសម្រាប់ការបើកបរប្រចាំថ្ងៃ៕