អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា និងលោក សុខ សម្បត្តិ ដឹកនាំកម្មវិធី សម្តែងបើកឆាកនៃព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នៅកម្ពុជា

  • 2026-07-16 05:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ — ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Hyundai Cup™ 2026 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់អាស៊ាននិងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៣០ របស់ខ្លួន។ នេះជាឱកាសប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការស្វាគមន៍អ្នកគាំទ្រមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍មកកាន់រាជធានីភ្នំពេញ និងបង្ហាញពីសក្តានុពលរបស់ខ្លួននៅលើឆាកបាល់ទាត់អាស៊ាន។

ដើម្បីញ៉ាំងឱ្យពិធីបើកជាផ្លូវការនៃពានរង្វាន់ជើងឯកអាស៊ានលើកទី១៦ នេះកាន់តែមានភាពអធិកអធម អ្នកអង្គម្ខាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា និងលោក សុខ សម្បត្តិ ដែលជាសិល្បករដ៏មានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងដឹកនាំការសម្តែងសិល្បៈដ៏អស្ចារ្យរួមជាមួយតារាល្បីៗជាច្រើនរូបទៀត។ អ្នកអង្គម្ខាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា និងលោក សុខ សម្បត្តិ នឹងរួមគ្នាបកស្រាយបទចម្រៀងផ្លូវការរបស់កម្មវិធីដែលមានចំណងជើងថា «12 Nations, 1 Heartbeat» ជា ១២ ភាសាខុសៗគ្នា ដែលជានិមិត្តរូបនៃសាមគ្គីភាព និងក្តីសង្ឃឹមរួមគ្នារបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សមាគមសមាជិក អ្នកគាំទ្រ និងសហគមន៍បាល់ទាត់អាស៊ានទាំងមូល។

លើសពីនេះ ពិធីបើកក៏នឹងមានការរួមបញ្ចូលគ្នារវាងសិល្បៈវប្បធម៌បុរាណ និងសម័យ រួមទាំងការបង្ហាញខ្លួនរបស់របាំអប្សរាចំនួន ១២ នាក់ ពីក្រុមសិល្បករកម្ពុជា មុនពេលដែលក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះ ត្រូវបើកឆាកប្រកួតទល់នឹងក្រុមសិង្ហបុរី ក្នុងពូល A។ គួរបញ្ជាក់ថា សិង្ហបុរីដែលជាអតីតជើងឯក ៤ សម័យកាល ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដំបូងបង្អស់កាលពីឆ្នាំ១៩៩៦ នៅពេលដែល AFF បានបង្កើតពានរង្វាន់នេះឡើងក្នុងគោលបំណងពន្លឿនការអភិវឌ្ឍវិស័យបាល់ទាត់នៅអាស៊ីអាគ្នេយ៍។ ៣ទសវត្សរ៍ក្រោយមក ព្រឹត្តិការណ៍នេះបានក្លាយជាពានរង្វាន់ដ៏មានតម្លៃបំផុត និងជាបេះដូងនៃវិស័យបាល់ទាត់អាស៊ាន។

ពិធីបើក ASEAN Hyundai Cup™ 2026 នឹងចាប់ផ្តើមនៅម៉ោង ៦:៣០ នាទីល្ងាច (ម៉ោងនៅកម្ពុជា) ហើយការប្រកួតរវាងកម្ពុជា និងសិង្ហបុរី នឹងចាប់ផ្តើមប្រកួតនៅម៉ោង ៧:០០ យប់ (ម៉ោងនៅក្នុងស្រុក / ម៉ោង ១២ ល្ងាច GMT)។

សំបុត្រសម្រាប់ចូលរួមទស្សនា គឺមានលក់ហើយតាមរយៈគេហទំព័រ https://ffcambodia_bot.t.me/home ។ បន្ថែមពីនេះ អ្នកគាំទ្រក៏អាចរកទិញសំបុត្រផ្ទាល់បាននៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា តទៅ និងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៤ ខែកក្កដា ដែលជាថ្ងៃកម្មវិធី និងជាថ្ងៃប្រកួតរវាងកម្ពុជា និងសិង្ហបុរី ផងដែរ។

នាយឧត្តមសេនីយ៍ ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា៖ «អស់រយៈពេល៣ទសវត្សរ៍មកហើយដែល ASEAN Hyundai Cup™ បានផ្សារភ្ជាប់បណ្តាប្រទេសរបស់យើងតាមរយៈក្តីស្រឡាញ់រួមគ្នាចំពោះវិស័យបាល់ទាត់ ដោយបង្កើតបាននូវទស្សនីយភាពមិនអាចបំភ្លេចបាន និងបានផ្តល់ការបំផុសគំនិតដល់មនុស្សជាច្រើនជំនាន់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។ ក្នុងឱកាសអបអរសាទរខួប៣០ឆ្នាំនេះ អ្នកគាំទ្រមិនត្រឹមតែបានទស្សនាការប្រកួតដ៏ជក់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមអបអរសាទរនូវសាមគ្គីភាព មោទនភាព និងស្មារតីគ្រួសារបាល់ទាត់អាស៊ានពេញមួយខែផងដែរ។»

«វាជាកិត្តិយសសម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទស្សនិកជននៅក្នុងពហុកីឡដ្ឋាន រួមទាំងអ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោក នឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងអនាគតដ៏ភ្លឺស្វាងនៃបាល់ទាត់អាស៊ាន។ យើងពិតជាមានកិត្តិយសណាស់ដែលមានព្រះវត្តមានរបស់ អ្នកអង្គម្ខាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា និងលោក សុខ សម្បត្តិ មកដឹកនាំការសម្តែងសិល្បៈដ៏គួរឱ្យចងចាំនេះ។»

«ការចាប់ផ្តើមការប្រកួតរវាងកម្ពុជា និងសិង្ហបុរី ក៏ជានិមិត្តរូបដ៏សមស្របបំផុត ព្រោះសិង្ហបុរីជាម្ចាស់ផ្ទះដំបូងកាលពីឆ្នាំ១៩៩៦ ដែលជាគ្រឹះនៃពានរង្វាន់នេះ។ នៅពេលការប្រកួតចាប់ផ្តើម វាមិនត្រឹមតែជាការបើកឆាកព្រឹត្តិការណ៍ថ្មីនោះទេ ប៉ុន្តែជាការបន្តដំណើរដ៏អស្ចារ្យដែលបានបង្រួបបង្រួមជាតិសាសន៍យើងតាមរយៈកីឡាបាល់ទាត់។»

ពិធីបើកជាផ្លូវការ និងរាល់ការប្រកួតទាំងអស់នៃ ASEAN Hyundai Cup™ 2026 នឹងត្រូវផ្សាយបន្តផ្ទាល់នៅគ្រប់បណ្តាប្រទេសអាស៊ាន តាម រយៈបណ្តាញទូរទស្សន៍ប៉ុស្តិ៍បាយ័ន នៅក្នុងប្រទេសកម្ពុជា និងកម្មវិធីឌីជីថលនានា រួមទាំងនៅលើឆានែល TikTok ផ្លូវការរបស់ ASEAN United FC, @aseanutdfc ។

ការប្រកួតវគ្គចែកពូល (Group Stage) ដែលមាន ១០ ប្រទេសចូលរួម នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ដោយប្រកួតក្នុងទម្រង់វិលជុំតែម្តង (សរុបលទ្ធផលក្នុងដី ឬក្រៅដី)។ សម្រាប់វគ្គជម្រុះបន្ត (Knock-Out Rounds) នឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ដោយក្រុមខ្លាំងជាងគេចំនួន ២ មកពីពូលនីមួយៗនឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី១ នៅថ្ងៃទី១៥-១៦ សីហា និងជើងទី២ នៅថ្ងៃទី១៨-១៩ សីហា)។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងពីរជើង នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ ASEAN Hyundai Cup™ 2026 សូមចូលទៅកាន់គេហទំព័រ ASEAN United FC និងតាមដានគណនី @aseanutdfc នៅលើបណ្តាញសង្គម Instagram, Facebook, TikTok, YouTube និង X។ -ចប់-


សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ • Dhinnesh Kumaran (AFF Media Officer) | អ៊ីមែល៖ dhinnesh@media247.com.my

• Javen Ow (SPORTFIVE Media Executive | APAC) | អ៊ីមែល៖ javen.ow@sportfive.com

អំពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)

មានការិយាល័យកណ្តាលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី AFF គឺជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន និងជាផ្នែកមួយនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និង FIFA និងបង្កើតឡើងក្នុងឆ្នាំ១៩៨៤។ បច្ចុប្បន្ន AFF មានសមាគមសមាជិកចំនួន ១២ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ ស្ថាប័ននេះគ្រប់គ្រងវិស័យបាល់ទាត់នៅអាស៊ីអាគ្នេយ៍ និងរៀបចំការប្រកួតថ្នាក់តំបន់សំខាន់ៗចំនួន ៤ រួមមាន ASEAN Hyundai Cup™, ASEAN Club Championship Shopee Cup™, ASEAN Women’s MSIG Cup™ and ASEAN U-23 Championship™ ដែលត្រូវបានដាក់ឈ្មោះជារួមថា ASEAN United FC aseanfootball.org

អំពីព្រឹត្តិការណ៍ ASEAN Hyundai Cup™

ក្នុងការអបអរសាទរខួបលើកទី៣០ របស់ខ្លួននៅឆ្នាំនេះ ពានរង្វាន់ជើងឯកអាស៊ាន ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជា ASEAN Hyundai Cup™ គឺជាបេះដូងនៃវិស័យបាល់ទាត់អាស៊ាន។ ព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិដ៏កំពូលប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេសអាស៊ានចំនួន ១១ ពីរឆ្នាំម្តងដើម្បីដណ្តើមជើងឯក។ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ១៩៩៦ ព្រឹត្តិការណ៍នេះបានរីកចម្រើនពីការប្រកួតដែលធ្វើឡើងត្រឹមរយៈពេល ២ សប្តាហ៍នៅកន្លែងតែមួយ ក្លាយជាការប្រកួតពេញមួយខែនៅតាមបណ្តាប្រទេស និងទីក្រុងធំៗក្នុងតំបន់អាស៊ាន។ ប្រទេសថៃគឺជាក្រុមដែលជោគជ័យជាងគេដោយទទួលបានពានរង្វាន់ចំនួន ៧ សម័យកាល ប៉ុន្តែត្រូវបានខកខានក្នុងការដណ្តើមពានរង្វាន់ទី៨ កាលពីឆ្នាំ២០២៤ បន្ទាប់ពីចាញ់ក្រុមវៀតណាមក្នុងលទ្ធផល ៥-៣ (សរុបទាំងពីរជើង) ដែលធ្វើឱ្យវៀតណាមទទួលបានពានរង្វាន់លើកទី៣ របស់ខ្លួន។ សិង្ហបុរីជាក្រុមជោគជ័យលំដាប់ទីពីរជាមួយនឹងការឈ្នះជើងឯក ៤ សម័យកាល ខណៈដែលម៉ាឡេស៊ីធ្លាប់លើកពាននេះម្តងកាលពីឆ្នាំ២០១០។ កាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះបានបង្កើតកំណត់ត្រាថ្មីដោយមានអ្នកទស្សនា រហូតដល់ ៥៤១,៥ លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ខណៈដែលបណ្តាញសង្គមផ្លូវការទទួលបានការទស្សនាវីដេអូរហូតដល់ ១២,៦៦ ប៊ីលានដង aseanutdfc.com / #aseanutdfc ។

អំពីទីស្នាក់ការកណ្តាលក្រុមហ៊ុន Hyundai Motor ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

Hyundai Motor Asia Pacific (HMAP) គឺជាសាខាប្រចាំតំបន់របស់ក្រុមហ៊ុន Hyundai Motor Company ដែលប្តេជ្ញាចិត្តក្នុងការជំរុញអនាគតនៃការចល័ត (Future of Mobility) និងការបង្កើតប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី (EV ecosystem) នៅទូទាំងតំបន់។ ក្រុមហ៊ុន HMAP គ្របដណ្តប់លើតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដោយផ្តល់ការគាំទ្រ និងសហការយ៉ាងសកម្មជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងការផ្សព្វផ្សាយ និងលក់រថយន្តយ៉ាងសម្បូរបែប។ បណ្តាញប្រចាំតំបន់របស់យើងរួមមាន សាខាលក់ រោងចក្រផលិត និងដៃគូចែកចាយ https://www.hyundai.com/worldwide/en

អត្ថបទថ្មី