ហេតុ​ផល​មួយ​នេះ លោក ហ្វៃ សំអាង ចង់​ឲ្យ "កូន​ពស់​កេង​កង” ទៅ​ដល់​ថៃ ជាង​ប្រទេស​ណា​ទាំង​អស់

  • 2019-05-24 03:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ្វៃ សំអាង បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ចង់​ឲ្យ​ភាពយន្ត​ភាគ (Film Serei) របស់​លោក​រឿង "កូន​ពស់​កេង​កង" បាន​ទៅ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ប្រទេស​ថៃ​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់។

ថ្លែង​បែប​នេះ បន្ទាប់​ពី​ថ្មី​ៗ​មាន​ព័ត៌មាន​ថា Film Serei ខាង​លើ​ដែល​បាន និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​នេះ មាន​ផលិតកម្ម​បរទេស​ជា​ច្រើន បាន​ចូល​មក​ចែ​ចូវ ចង់​សុំ​ទិញ​សិទ្ធិ​យក​ទៅ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​របស់​គេ។ ក្រុម​បរទេស​ទាំង​នោះ​មាន​ជា​អាទិ វៀតណាម និង​ក្រុមហ៊ុន​ធំ​ៗ​នៅ​ប្រទេស​ថៃ​ជា​ដើម។ បញ្ហា​នេះ​ជា​រឿង​ដ៏​កម្រ​សម្រាប់​សិល្បៈ​ភាពយន្ត​ខ្មែរ ព្រោះ​តែ​ច្រើន​ឆ្នាំ​មក​ហើយ ភាពយន្ត​ក្នុង​ស្រុក​ជួប​ឧបសគ្គ​ក្នុង​ការ​ឈាន​ជើង​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ ដោយ​សារ​តែ​គុណភាព​នៅ​មាន​កម្រិត និង​លក្ខខណ្ឌ​ស្តង់ដារ​ភាពយន្ត​ជា​ដើម។

ដោយ​ទទួល​ស្គាល់​ចចាមអារ៉ាម​ខាង​លើ​ជា​ការ​ពិត លោក ហ្វៃ សំអាង ដែល​បាន​សហ​និពន្ធ​ជាមួយ​អ្នក​ស្រី ប៉ុល ពិសី នៃ​រឿង​ខាង​លើ បាន​ថ្លែង​បន្ថែម​ថា លោក​ពិត​មោទកភាព​មែន​ទែន ព្រោះ​នោះ​ក៏​ជា​អ្វី​ដែល​លោក​ខ្លួន​ឯង​ចង់​បាន និង​បាន​ដាក់​ផែន​ការ​តាំង​ពី​ចាប់​ផ្ដើម​ផលិត​ម្ល៉េះ គឺ​លោក​ចង់​ឲ្យ​រឿង​នេះ បាន​ចេញ​ទៅ​បញ្ចាំង​បរទេស ទើប​លោក​សម្រិតសម្រាំង​ខ្លាំង​លើ​គុណភាព ក្នុង​នោះ​ទាំង​សាច់​រឿង រូប​ភាព សំឡេង ប្លង់​ជា​ដើម ធ្វើ​ឲ្យ​មាន​ស្តង់ដារ។

បើ​ទោះ​មាន​ជា​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​ច្រើន​ក្ដី ប៉ុន្តែ​អ្នកនិពន្ធ និង​ដឹកនាំ​រូប​នេះ អះអាង​ថា លោក​ចង់​ភាពយន្ត​ភាគ​ដ៏​ធំ​របស់​លោក បាន​ទៅ​បញ្ចាំង​នៅ​ប្រទេស​ថៃ​ជាង។ "ខ្ញុំ​ចង់​ឲ្យ Film Serei របស់​ខ្ញុំ​នេះ ទៅ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថៃ​ជាង​គេ សួរ​ថា​ហេតុ​អី ព្រោះ​ថា​ថៃ មិន​ងាយ​នឹង​ចាប់​អារម្មណ៍​រឿង​របស់​ខ្មែរ​យើង​ទេ...អីចឹង​ហើយ​ទើប​ខ្ញុំ​ខំ​ធ្វើ​ឲ្យ​ល្អ ឲ្យ​វា​ស្តង់ដារ ហើយ​ជា​លទ្ធផល គឺ​ខ្ញុំ​ធ្វើ​បាន​មែន"។

អ្នកនិពន្ធ​ល្បី​ឈ្មោះ​រូប​នេះ បញ្ជាក់​ថា ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ពី​ប្រទេស​ថៃ បាន​ទាក់​ទង​សួរ​នាំ​ពី​រឿង "កូន​ពស់​កេង​កង" តាំង​ពី​រឿង​នេះ ទើប​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ យ៉ាង​ណា​ក៏​ដោយ ខាង​ហង្សមាស មិន​ទាន់​ទទួល​ការ​ចរចា​ទិញ​លក់​ផ្លូវ​ការ​ជាមួយ​ភាគី​ណា​មួយ​នៅ​ឡើយ ដោយ​សារ​តែ ភាគី​ដែល​ចង់​បាន មាន​ច្រើន។

មួយ​វិញ​ទៀត ក៏​ដោយ​សារ​ថា ភាពយន្ត​ភាគ​ប្រមូល​ផ្ដុំ​ដោយ​តួ​ល្បី​ៗ​មួយ​នេះ កំពុង​តែ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ មិន​ទាន់​ចង់​នៅ​ឡើយ។ លោក ហ្វៃ សំអាង បញ្ជាក់​ថា ការ​ចរចា​ណា​មួយ​លើ​ទិញ​លក់ អាច​នឹង​កើត​មាន​នៅ​ក្រោយ​ការ​បញ្ចាំង​ចប់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក ដែល​តាម​ការ​ប៉ាន់​ប្រមាណ គឺ​អាច​អំឡុង​ចុង​ឆ្នាំ ២០១៩​នេះ។

ភាពយន្ត​ភាគ "កូន​ពស់​កេងកង" ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​ចំណាយ​ទុន​មហាសាល ព្រោះ​តែ​បាន​ប្រមូល​ផ្ដុំ​ដោយ​តួ​ល្បី​ៗ​ជួរ​មុខ​របស់​កម្ពុជា​ច្រើន។ ការ​រៀប​ចំ សំលៀកបំពាក់ ស្ទូឌីយ៉ូ ជា​ដើម ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​ចំណាយ​ខ្ពស់​ខ្លាំង​ដែរ។ បន្ថែម​ពី​លើ​នេះ គេ​មើល​ឃើញ​ថា "កូន​ពស់​កេង​កង" បាន​ចុះ​ទៅ​ថត​នៅ​ទីកន្លែង​ឆ្ងាយ​ៗ មាន​ទេសភាព​ស្អាត​ៗ និង​ល្បី​ៗ​របស់​កម្ពុជា​ជា​ច្រើន។

បញ្ហា​នេះ លោក ហ្វៃ សំអាង ថា លោក​ចង់​ប្រើ Film Serei មួយ​នេះ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ ដែល​មាន​ទឹក​ដី ព្រៃ​ភ្នំ និង​ព្រៃឈើ ​ដែល​ផ្គុំ​គ្នា​បាន​ជា​ទិដ្ឋភាព​ដ៏​ប្រណិត របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក។ ដូច្នេះ​ហើយ ទើប​លោក​ដាក់​ផែន​ការ ធ្វើ​យ៉ាង​ណា​ឲ្យ "កូន​ពស់​កេងកង" បាន​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ឲ្យ​ខាង​តែ​បាន ពិសេស​នោះ គឺ​ប្រទេស​ថៃ​តែ​ម្ដង៕

រូបភាព៖ ផ្ដល់​ដោយ ហ្វៃ សំអាង

អត្ថបទ៖ ទារិកា