ONE រំពឹងរក​ប្រាក់​ចំណូល​​លើសពី១០០លានដុល្លារអាមេរិកនៅថ្ងៃខាងមុខ

  • 2019-05-27 02:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Championship ដែល​ជា​ស្ថាប័ន​​រៀប​ចំ​ព្រឹត្តិការណ៍​​​កីឡា​​​លំដាប់​ពិភព​លោក​ ​​រំពឹង​​​រក​​បាន​ប្រាក់​ចំណូល​​លើស​ពី​១០០ ​លាន​ដុល្លារ​អាមេរិក​​នៅ​ពេល​​​​ដ៏​ខ្លី​​ខាង​មុខ។ ប្រាក់​ចំណូល​របស់​ ONE ​មាន​សក្ដានុពល​​មក​ពី​​​ទីផ្សារ​ធំធេង​​​នៅ​ក្នុង​តំបន់​អាស៊ី។ ភាព​ជោគជ័យ​កន្លង​មក​បាន​ធ្វើ​ឲ្យ​ក្រុម​​​​ហ៊ុន​​មួយ​នេះ​មាន​តម្លៃ​ប្រមាណ​១០០០​លាន​ដុល្លារ​​អាមេរិក​ ហើយ​តម្លៃ​នេះ​អាច​​​នឹង​រីក​​​កាន់​​តែ​ធំ​ទៅ​មុខ​ទៀត។

ប្រាក់​ចំណូល​របស់​ ONE ​មាន​សក្ដានុពល​​លើស​ក្រុម​ហ៊ុន​ NFL ​ដោយ​សារ​មាន​​ការ​គាំទ្រ​​​ប្រមាណ​​ ៤០០០​ លាន​នាក់​​​នៅ​ក្នុង​ទ្វីប​អាស៊ី​ ​ដែល​ជា​ចំណុច​ពិសេស​ធ្វើ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​​ឈាន​ដល់​​​កម្រិត​​​ខ្ពស់​បែប​នេះ។ លើស​ពី​នេះ​ទៅ​ទៀត​​ ONE ​​រក​​បាន​ប្រាក់​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​​តាម​ទូរទស្សន៍​​ដូច​ជា​ Turner Networks ​នៅ​អាមេរិក (TNT & B/R Live) ​ដោយ​ទទួល​បាន​​អ្នក​ទស្សនា​​​ក្បែរ​ ៤២ ​លាន​នាក់​សម្រាប់​សង្វៀន​ ONE: A NEW ERA។

ទិដ្ឋភាព​សង្វៀន​ ONE

លោក​ Chatri Sityodtong ​​ដែល​ជា​ស្ថាបនិក​ ​ប្រធាន​ និង​ជា​​នាយក​ប្រតិបត្តិ​​​របស់ ​ONE ​រំពឹង​ថា ​​​​ស្ថាប័ន​របស់​លោក​នឹង​ទទួល​បាន​អ្នក​ទស្សនា​ ៥០​ លាន​នាក់​នៅ​ដំណាច់​ឆ្នាំ​​នេះ។ លោក​​បាន​សង្កត់​ធ្ងន់​ថា ៖«​កីឡាករ​គឺ​ជា​ដៃ​គូ​ដ៏​ជោគជ័យ​របស់​យើង ហើយ​វា​ពិត​​​ជា​មាន​ន័យ​ជ្រាល​ជ្រៅ​ និង ​តម្លៃ​​​ណាស់​​​សម្រាប់​ ONE Championship។ ​​ផ្នត់​គំនិត​​ឈ្នះ-ឈ្នះ (win-win)​ជា​មួយ​​មនុស្ស​​ដែល​យើង​ធ្វើ​ការ​ជា​មួយ​ ទោះ​​ជា​មិត្ត​រួម​ការងារ ​ដៃ​គូ​​​​ពាណិជ្ជ​កម្ម ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​​​កីឡាករ​ឬ ​​​ធ្វើ​​ការ​ជា​មួយ​រដ្ឋាភិបាល។ ​យើង​ត្រូវ​តែ​ប្រើ win-win philosophy ​ហើយ ​​យើង​តែង​តែ​ដោះ​ស្រាយ​​​បាន​ជា​និច្ច​ដើម្បី​ឲ្យ​ដៃ​គូ​របស់​យើង​ជោគជ័យ​​ជា​មួយ​គ្នា»។

ដោយ​សារ​តែ​ភាព​រីក​ចម្រើន​​ឥត​ឈប់​ឈរស្ថាប័ន​ប្រដាល់​មួយ​នេះ​ហើយ​​បាន​​ជា​បើក​​រៀប​ចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូវនិកថែម​ទៀត ​​ហៅ ​ ONE Esports ​កាល​​ចុង​ឆ្នាំ​ ២០១៨​ កន្លង​ទៅ។ ONE និង​ Dentsu Inc ដែល​ជា​ភ្នាក់​ងារ​​ផ្សាយ​ពាណិជ្ជ​កម្ម​ធំ​បំផុត​​របស់​ជប៉ុន​​​រៀប​ចំ​ព្រឹត្តិការណ៍​​ ONE Esports ​រួមគ្នា​ក្នុង​ឆ្នាំ​ ២០១៩​ នេះ។

សង្វៀន​នេះ​​បាន​បង្ហាញ​អំពី​វប្បធម៌​ដ៏​អស្ចារ្យ​​​នៅ​​ទ្វីប​អាស៊ី​​តាម​រយៈ​ ​ការ​​​រួម​បញ្ចូល​គ្នា ការ​គោរព ​ភាព​ថ្លៃ​ថ្នូរ​ ​សេច​ក្ដី​ក្លាហាន ​វិន័យ ​​និង​​ភាព​​សន្ដោស​ប្រណី ហើយ​ក៏​​ជា​​​ប្រភព​នៃ​ការ​បង្ហាញ​ក្បាច់​គុន​ មួយ​ថៃ Kickboxing​ គុន​ចម្រុះ​ ការ៉ាតេ​ ស៊ីឡាត​ សាន់ដា​ ឡែតវេ​ តេក្វាន់ដូ​ ចំបាប់​ គុន​ខ្មែរ​ កុងហ្វូ​ យូដូ ​និង​ មាន​ក្បាច់​​ជា​ច្រើន​ទៀត។

​បេសកកម្ម​របស់​​សង្វៀន​មួយ​នេះ​គឺ​បង្ហាញ​វីរបុរស​​ជា​ក្ដី​សង្ឃឹម ​ការ​លើក​ទឹក​ចិត្ត​ និង​ភាព​​ខ្លាំងក្លា។ ​​ដូច​គ្នា​នេះ​ដែរ​ ជើង​​ឯក​លំដាប់​ពិភព​លោក​ក៏​ត្រូវ​​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​​​ទើប​ទទួល​បាន​លទ្ធផល​ល្អ និង សម្រេច​​គោល​ដៅ​របស់​ពួក​គេ​ក្នុង​ជីវិត។ ​ ONE ​នឹង​បង្ហាញ​វីរបុរស​ទាំង​នេះ​ទៅ​កាន់​ពិភព​លោក​ក្នុង​ន័យ​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​រាប់​លាន​នាក់​សម្រេច​ក្ដី​ស្រមៃ។ ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​ ONE គឺ​បង្កើត​​ឱកាស​, ​អបអរ​សាទរ​ចំពោះ​ជ័យជម្នះ, ​បង្កើត​គោល​ដៅ​,​​ជំរុញ​​​ដល់​ជាតិ​សាសន៍​នីមួយៗ ​និង ​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ពិភព​លោក។​

ទ្វីប​អាស៊ី​ជា​ទី​តាំង​នៃ​ក្បាច់គុន​​តាំង​ពី​ ៥០០០​ ឆ្នាំ​មុន ​ហើយ​​វា​ជា​ពេល​ដែល​ត្រូវ​ធ្វើ​ឲ្យ​កក្រើក​ឡើង​វិញ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​តាម​រយៈ​​ប្រវត្តិ​ដ៏​អស្ចារ្យ​ ​វប្បធម៌​ ទំនៀមទម្លាប់ ​និង​​តម្លៃ​របស់​ខ្លួន។ ​​គោល​បំណង​​របស់​ ONE គឺ​​ធ្វើ​​ឲ្យ​ពិភព​លោក​​ទាំង​មូល​ស្គាល់​អាស៊ី​កាន់​តែ​ច្បាស់​​ក្នុង​ការ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី