ចេញ​សញ្ញា​បែប​នេះ ដឹង​ភ្លាម​ថា​ហ្រ្វាំង​រថយន្ត​របស់​អ្នក​កំពុង​មាន​បញ្ហា

  • 2019-05-30 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វ្រាំង​គឺ​ជា​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ដ៏​សំខាន់​លើ​រថយន្ត ហើយ​បើ​បញ្ហា​កើត​ឡើង​ អា​ច​បង្ក​គ្រោះ​ថ្នាក់។ មាន​សញ្ញា​មួយ​ចំនួន​ដែល​អាច​ឲ្យ​យើង​ដឹង​ថា​ប្រព័ន្ធ​ហ្វ្រាំង​​មាន​បញ្ហា​។

លោក អ៊ុយ សាខន ជា​គ្រូ​ជំនាញ​គ្រឿង​ក្រោម​រថយន្ត​បង្រៀន​នៅ​សាលា​បច្ចេកទេស​ជួស​ជុល​រថយន្ត JVC បាន​ប្រាប់ Sabay ថា​ ប្រព័ន្ធ​ហ្វ្រាំ​រថយន្ត​មាន​បញ្ហា​ បើ​មាន​សញ្ញា​បង្ហាញ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • នៅ​ពេល​អ្នក​កំពុង​បើក​បរ​ ឮសូរ​សំឡេង​​កកិត​គ្នា​ង៉ឺតៗ​ពេល​ជាន់​ហ្រ្វាំង ហាក់​ដូច​ជា​មាន​អ្វី​ដែល​ជាប់​ថាស​ហ្វ្រាំង។

  • ចង្កូត​​រថយន្ត​ងាក​រេ​ ដែល​​អាច​ដឹង​ភ្លាម​នៅ​ពេល​អ្នក​កាន់​ដៃ​ចង្កូត​បើក​បរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​រាប​ស្មើ។

  • ឈ្នាន់​ហ្រ្វាំង​ទាប​ស្ទើរ​តែ​ប៉ះ​កម្រាល​រថយន្ត នៅ​ពេល​ជាន់​ហ្រ្វាំង​ជា​សញ្ញាណ​បង្ហាញ​ថា​ស្បែក​ហ្វ្រាំង​អស់​គុណភាព។

  • ឈ្នាន់​ហ្រ្វាំង​រឹង​ដោយ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ជាន់​ឲ្យ​ស៊ី​ ឬ​នៅ​ពេល​ជាន់​ទៅ​ហ្វ្រាំង​ធូរ​មិន​រលាស់​មក​វិញ អាច​បញ្ជាក់​ថា​ហ្វ្រាំង​រថយន្ត​ងាប់ ឬ​ស្ងួត​ប្រេង​រំអិល។

  • នៅ​ពេល​យក​ជើង​ជាន់​ឈ្នាន់​ហ្វ្រាំង​រថយន្ត​ មាន​រំញ័​បើ​ទោះ​ជា​ស្ថិត​ក្នុង​លក្ខខណ្ឌ​ជាន់​ហ្រ្វាំង​ធម្មតា ឬ​ក៏​ស្ថិត​នៅ​លើ​ស្ថាន​ភាព​ផ្លូវ​រាបស្មើ​ក៏ដោយ។

  • កង់​រថយន្ត​ឡើង​កម្ដៅ​ក្រោយ​ពេល​បើក​បរ បើ​ទោះ​បើក​បរ​ក្នុង​រយះ​ចម្ងាយ​ជិត​ក៏ដោយ​ នេះ​មក​ពី​ស្បែក​ហ្វ្រាំង​កកិត​និង​ថាសហ្វ្រាំង​រហូត។

  • បើ​សិន​ជា​ភ្លើង​សញ្ញា​លោត​នៅ​លើ​តាប្លូ​ ក៏​អាច​បង្ហាញ​ថា​ហ្រ្វាំង​មាន​បញ្ហា​ដែរ ។

ទាំងនេះជាសញ្ញា​មួយ​ចំនួន​ដែល​អ្នក​បើកបររថយន្តគួរត្រួតពិនិត្យភ្លាមៗ ដើម្បី​ការ​ពារ​សុវត្ថិភាព​អ្នក​គួរ​ឈប់​ឡាន​ជាបន្ទាន់​ នៅ​ពេល​មាន​សញ្ញា​ទាំង​នេះ​ដើម្បី​ហៅ​អ្នក​ជំនាញ​យក​ត្រួត​ពិនិត្យ​ឬ​យក​ទៅ​ការាស​ជាបន្ទាន់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី