វៀតណាមក៏ផ្សាយដែរ ឡាន Ferrari ពីរគ្រឿង តម្លៃលានៗដុល្លារ ហោះមកខ្មែរ
- 2019-06-02 04:09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមក៏ផ្សាយដែរ ឡាន Ferrari ពីរគ្រឿង តម្លៃលានៗដុល្លារ ហោះមកខ្មែរ
ចន្លោះមិនឃើញ
សារព័ត៌មានរថយន្តដ៏ធំរបស់វៀតណាមឈ្មោះ Xehay បានចុះផ្សាយអំពីវត្តមានរថយន្ត Ferrari ម៉ូដែលផលិតមានកំណត់ចំនួនពីរគ្រឿង ដែលបានហោះមកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
សារព័ត៌មាននេះបាននិយាយថា ត្បិតថារូបភាពរថយន្តតម្លៃថ្លៃនៅកម្ពុជាកម្រលេចមុខលើទំព័ររថយន្តបរទេស ប៉ុន្តែកម្ពុជាជាទីតាំងអាថ៌កំបាំងមួយដែលមានរថយន្តថ្លៃកម្រៗ មិនតិចគ្រឿងនោះទេ។
បន្ទាប់ពីរថយន្ត Porsche 918 Spyder, McLaren P1 និង Bugatti Chiron រថយន្តកំពូលកម្លាំងរបស់អ៊ីតាលីចំនួនពីរគ្រឿងដែលផលិតមានកំណត់ក៏បានលេចមុខនៅកម្ពុជាដែរ។ ម៉ូដែលដំបូងគេគឺ Ferrari LaFerrari ពណ៌ក្រហម ផលិតត្រឹម ៤៩៩ គ្រឿងប៉ុណ្ណោះក្នុងលោក ដោយនៅឆ្នាំ ២០១៣ វាត្រូវបានលក់ក្នុងតម្លៃចាប់ពី ១,៣ លានដុល្លារ។
Ferrari LaFerrari មួយនេះបំពាក់ម៉ាស៊ីន ១២ ស៊ីឡាំង ចំណុះ ៦,៣ លីត្រ ដែលអាចផលិតកម្លាំងបាន ៨០០ សេះ។ បន្ថែមពីនេះវាក៏មានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួនមួយ ដែលអាចបង្កើតកម្លាំងបាន ១៦៣ សេះ ហេតុនេះកម្លាំងសរុបមានដល់ទៅ ៩៦៣ សេះ។
ទីពីរគឺជាម៉ូដែល Ferrari LaFerrari Aperta ពណ៌ខ្មៅ ដែលមានផលិតត្រឹម ២១០ គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោក។ ដោយសារតែជារថយន្តកម្រ ធ្វើឲ្យមួយគ្រឿងនេះមានតម្លៃរហូតដល់ ៨ លានដុល្លារឯណោះ។ រថយន្តនេះប្រើម៉ាស៊ីនស្រដៀងនឹង Ferrari LaFerrari ដែរ ពោលមានម៉ាស៊ីន ១២ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបានសរុប ៩៦៣ សេះ៕