ការតវ៉ានៅហុងកុងឈានដល់ផ្ទុះហិង្សា ក្រោយពលរដ្ឋចូលរួមជាង ១លាននាក់ (មានវីដេអូ)

  • 2019-06-10 06:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​ហុងកុង​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ និង​ដើរ​តាម​ផ្លូវ​សំខាន់​ៗ​ក្នុង​ទីក្រុង​ដើម្បី​តវ៉ា​ពី​ការ​ស្នើ​ច្បាប់​ធ្វើ​បត្យាប័ន​ថ្មី​នៅ​ចិន​ដី​គោក។

យោង​តាម​អ្នក​រៀប​ចំ​ការ​ប្រមូល​ផ្ដុំ​ឲ្យ​ដឹង​ថា អ្នក​ចូល​រួម​កើន​ដល់​ប្រមាណ​ជា ១​,៣លាន​នាក់​ ហើយ​ក៏​ឈាន​ដល់​ការ​ប្រើ​ហិង្សា​រវាង​អ្នក​តវ៉ា និង​ប៉ូលិស​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នៅ​មុខ​សភា​ចិន។ សាក្សី​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នេះ ឲ្យ​ដឹង​ថា​ប៉ូលិស​ប្រមាណ​ជា ៧០០​នាក់​ត្រូវ​បាន​បញ្ជូន​ដើម្បី​មក​បង្ក្រាប​បាតុកម្ម​នេះ។ ប៉ូលិស​ទាំង​នោះ មាន​បំពាក់​ទៅ​ដោយ​ដំបង, ខែល និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។

ចំណែក​ឯ​អ្នក​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា​នៅ​គឺ​ជា​ការ​តវ៉ា​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ៣​ទសវត្ស ដោយ​បាតុកម្ម​កាល​ពី​ឆ្នាំ ១៩៨៩ មាន​អ្នក​ចូលរួម​ប្រមាណ ១,៥​លាន​នាក់​នៅ​ទីលាន​ធានអានមិន។ រហូត​មក​ទល់​ពេល​នេះ សេចក្ដី​រាយការណ៍​ជា​ច្រើន បញ្ជាក់​ថា​អគារ​រដ្ឋាភិបាល​ជា​ច្រើន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មិន​ឲ្យ​អ្នក​តវ៉ា​ចូល​ទៅ​ជិត​នោះ​ទេ ប៉ុន្តែ​ការ​តវ៉ា​ត្រូវ​រំពឹង​ថា​នឹង​អាច​កើត​ឡើង​ជា​បន្ដ​បន្ទាប់​ទៀត។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី ដោយ​សារ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ រ័ត្ន