លេចធ្លោខ្លាំង កូនប្រុសតារាសម្តែងខ្មែរនៅហូលីវូដជាប់ជម្រើសតំបន់នៅបារាំង
- 2019-06-13 23:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចធ្លោខ្លាំង កូនប្រុសតារាសម្តែងខ្មែរនៅហូលីវូដជាប់ជម្រើសតំបន់នៅបារាំង
ចន្លោះមិនឃើញ
តារាសម្ដែងខ្មែរ-បារាំង Maurice CHAN ដែលធ្លាប់សម្ដែងជាមួយតារាក្បាច់គុនចិនដ៏ល្បីល្បាញ លី លានជា (Jet Li)ច្រើនឆ្នាំហើយនោះ ពេលនេះកូនប្រុសសំណព្វចិត្តរបស់លោកកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ហើយចុងក្រោយបំផុតបានជាប់ក្រុមប្រចាំតំបន់ដែលត្រូវលេងទូទាំងប្រទេសបារាំង។
លោក Maurice Chan បានប្រាប់ថា ឥឡូវនេះកូនរបស់លោកជាប់ជម្រើសក្រុមអាយុ១៤ឆ្នាំប្រចាំតំបន់ Occitanie U14។ ក្រុមតំបន់នេះនឹងចូលរួមប្រកួតពានរង្វាន់ Interligues Espoirs du Foot U14ដែលចូលរួមប្រកួតពីក្រុមផ្សេងៗក្នុងប្រទេសបារាំងពីថ្ងៃទី១៨ ដល់ទី២០ ខែមិថុនា ឆ្នាំ២០១៩។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺកុមារាLoic Chan ជាយុវជនតែម្នាក់គត់របស់ក្លឹប Balma Sport Club ដែលត្រូវបានជ្រើសរើសចូលរួមជាមួយក្រុមតំបន់ Occitanie U14។
យុវជន Loic CHAN អាយុ១៤ឆ្នាំមានចំណង់ចំណូលចិត្ត និងហ្វឹកហាត់បាល់ទាត់តាំងពីអាយុ៥ឆ្នាំ។ ដើមឡើយ រូបគេហ្វឹកហាត់នៅសាលាបាល់ទាត់ Castelnaudar ៤ឆ្នាំមុនពេលបន្តចូលក្រុម Revel បាន៣ឆ្នាំ ហើយចុងក្រោយនេះជាយុវជនរបស់ក្លឹប Balma Sporting Club ឆ្នាំ២០១៨។ សព្វថ្ងៃនេះជាយុវជនអាយុ១៤ឆ្នាំរបស់ក្លឹប Balma Sporting Club។
តាមព័ត៌មាន ladepeche បានផ្សាយថា Loïc មានចំណូលចិត្តខុសពីឪពុកដែលជាអ្នកលេងក្បាច់គុន។ កុមារានេះចាប់ផ្តើមលេងបាល់តាំងពីតូចដែលបានហ្វឹកហាត់ជាមួយ Castelnaudar។ ពេលនោះមានក្មេងចំនួន៦៣នាក់បានទៅធ្វើតេស្ត ប៉ុន្តែមានតែ១៣នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសក្នុងនោះមានកុមារ Loïc ម្នាក់ដែរ។
លោក Maurice Chanនិយាយថា លោកពិតជារំភើបណាស់ដែលកូនមានដុងខាងកីឡា។ លោកចង់ជំរុញកូនឲ្យក្លាយជាកីឡាករអាជីពលំដាប់ពិភពលោក ប៉ុន្តែអាស្រ័យលើចំណង់ចំណូលចិត្តរបស់កូនជាមុនសិន។
លោកមានអារម្មណ៍មោទនភាព បើថ្ងៃណាមួយកូនប្រុសបានជួយដល់បាល់ទាត់កម្ពុជា។ លោកធ្លាប់បាននិយាយពីបាល់ទាត់កម្ពុជាឲ្យកូនដឹង ហើយកូនពិតជាចង់ជួយកម្ពុជា។ ជាពិសេសកូនប្រុសរបស់លោកស្គាល់ ធារី ចន្ថាប៊ីន មកពីបារាំង រូបគេចង់ជួយកម្ពុជាដូច ចន្ថាប៊ីនដែរ។ តាមពិតទៅលោកធ្លាប់យកកូនកម្ពុជាម្តងកាលពីឆ្នាំ២០១៦ និងធ្លាប់បានហ្វឹកហាត់ជាមួយយុវជនភ្នំពេញក្រោនទៀតផង។
លោក Maurice Chan ដែលមានឪពុកម្តាយជាខ្មែរបានហាត់ក្បាច់គុនតាំងពីអាយុ១៧ឆ្នាំ។ ការហ្វឹកហាត់នេះជំរុញចិត្តដោយសាររូបគេ មានតារាជានិមិត្តរូបជាច្រើនដូចជា ឈិន ឡុង (Jacky Chan), លី ស៊ាវឡុង (Bruce Lee) លី លានជា (Jet Li) និង Jean-Claude Vandamme។ លោកមានគ្នា២៥ នាក់ដែលបានក្លាយជាក្រុម Stunt លេខ ១ នៅអឺរ៉ុប។ ក្រុមរបស់លោកបានដើរសម្ដែង Show នៅជុំវិញពិភពលោកតាំងពីកាណាដា ធ្លាយដល់អឺរ៉ុប គុយវ៉ែត អាហ្វ្រិក និងថែមទាំងបានចូលរួមសម្ដែងក្នុងកម្មវិធី Britain's Got Talent ក្នុងឆ្នាំ ២០១២ ទៀតផង។
លោក Maurice ចាប់ផ្ដើមធ្វើជាតួវាយតប់ (Stunt) ក្នុងប្រទេសបារាំងតាំងពីឆ្នាំ ២០០០ មក ដោយធ្វើការជាមួយអ្នករៀបចំប្លង់វាយតប់ និងឈុតគ្រោះថ្នាក់មួយចំនួនដូចជា Alain Figlarz, Olivier Schneider, Phlippe Guegan, Laurent Demianoff។ ដោយសារមើលឃើញសមត្ថភាព និងជឿជាក់ថា គេអាចធ្វើបាន ទើប Maurice ត្រូវផ្ដល់ឱកាសឲ្យថតរឿងជាហូរហែឥតដាច់។ រឿងហូលីវូដដែលរូបគាត់សម្ដែងដំបូងមានចំណងជើងថា "Unleashed” ឬ “Danny the Dog” ជាភាសាបារាំង ដែលសម្ដែងជាមួយ លី លានជា (Jet Li) និង Morgan Freeman ក្នុងឆ្នាំ ២០០២ មុននឹងចាក់បញ្ចាំងនៅឆ្នាំ ២០០៥។ រឿងហូលីវូដដែលគាត់ធ្លាប់សម្ដែងផ្សេងទៀតរួមមាន "From Paris with Love (2010)”, ”District 13 Ultimatum (2009)” និង "Lucy (2014)”។ ក្រៅពីនេះ នៅមានភាពយន្តបារាំង និងឥណ្ឌាជាច្រើនផ្សេងទៀតដែលលោកបានចូលរួមសម្ដែង៕