កំហុសទាំង ៧ យ៉ាងដែលម្ចាស់ស្មាតហ្វូនបើកផ្លូវឲ្យ Hacker អាចចូលលុកលុយដោយងាយ
- 2019-06-24 02:49:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសទាំង ៧ យ៉ាងដែលម្ចាស់ស្មាតហ្វូនបើកផ្លូវឲ្យ Hacker អាចចូលលុកលុយដោយងាយ
ចន្លោះមិនឃើញ
នៅក្នុងស្មាតហ្វូនរបស់អ្នករមែងមានឯកសារសំខាន់ៗជាច្រើន ដែលខ្លះជាលក្ខណៈឯកជនភាពពោលគឺមិនចង់ឲ្យអ្នកក្រៅបានដឹងបានឃើញនោះឡើយ។ ប៉ុន្តែរាល់ទិន្នន័យទាំងនោះក៏ជាមុខព្រួញដ៏សំខាន់ដែល Hacker តែងតែវាយប្រហារក្នុងគោលបំណងជំរិតទារប្រាក់ពីម្ចាស់ដើម។
តាមអ្នកជំនាញបានណែនាំកំហុសឆ្គងទាំង ៧ យ៉ាងដែលម្ចាស់ស្មាតហ្វូនភាគច្រើនតែងតែរំលង ហើយវាក៏ជាមធ្យោបាយបើកផ្លូវឲ្យ Hacker អាចធ្វើស៊ីអ្នកបានដោយងាយ៖
១.ការបន្តប្រើប្រាស់ App និង OS ជំនាន់ចាស់
ជាប្រចាំក្រុមហ៊ុនតែងតែបញ្ចេញនូវប្រព័ន្ធប្រតិបត្តិជំនាន់ក្រោយៗសម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការ Update ដោយមិនត្រឹមតែផ្តោតលើការផ្លាស់ប្តូររចនាបថកម្មវិធី មួយទៀតសោតក៏ពង្រឹងកាន់តែប្រសើរឡើងលើប្រព័ន្ធសុវត្ថិភាព។ មិនខុសពីការប្រើប្រាស់ App មួយចំនួន ក៏អ្នកចាំបាច់ត្រូវរមែង Update ទៅកាន់ជំនាន់ក្រោយៗជាចាំបាច់។
២.ឧស្សាហ៍ប្រើប្រាស់ Wi-Fi សាធារណៈ
Wi-Fi នៅទីសាធារណៈគឺជាគ្រោះថ្នាក់ខ្លាំងបំផុតមួយសម្រាប់អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក តួយ៉ាងដូចជានៅហាងលក់ទំនិញ កាហ្វេ អាកាសយានដ្ឋានឬទីតាំងសាធារណៈណាមួយ។ បើអាចគួរប្រើប្រាស់តែអ៊ីនធឺណិតផ្ទាល់ខ្លួនបានហើយ ព្រោះជនខិលខូចក៏មានឱកាសវាយប្រហារអ្នកតាមរយៈ Wi-Fi សាធារណៈផងដែរ។
៣.ការមិនប្រើប្រាស់កូដសម្ងាត់មុខអេក្រង់
ស្រមៃថាបើអ្នកចៃដន្យជ្រុះបាត់ទូរសព្ទនៅថ្ងៃណាមួយ នោះរាល់ឯកសារសម្ងាត់មិនថារូបភាពឬទិន្នន័យលាក់ទុកសំខាន់មួយចំនួន ប្រាកដជាត្រូវទៅដល់ដៃភាគីម្ខាងទៀត។ មកទល់បច្ចុប្បន្នមានការអភិវឌ្ឍកាន់តែងាយនិងសាមញ្ញ បើអ្នកខ្ជិលវាយកូដសម្ងាត់ ក៏អាចប្រើប្រាស់ប្រព័ន្ធស្កេនខ្ចៅដៃឬស្កេនមុខបានយ៉ាងងាយ។
៤.ចេះតែចុចចូលមើល Email ផ្ញើចូលផ្តេសផ្តាស
ជៀសវាងឲ្យបានការចុចលើ Link ក្នុង Email ដែលគេផ្ញើចូលទាក់ទិននឹងការផ្សព្វផ្សាយទាក់ទាញណាមួយ ហើយចាំបាច់ហាមវាយបញ្ចូលគណនីបណ្តាញសង្គមឬអាសយដ្ឋានណាមួយដាច់ខាត់ប្រសិនមានការទាមទារ។
៥.មិនបានកំណត់ Permission លើ App
អ្នកគួរស្វែងយល់ឲ្យបានច្បាស់លើការប្រើប្រាស់ App នីមួយៗ និងរៀនដាក់កំហិតលើការអនុញ្ញាតឲ្យភ្ជាប់ទៅកាន់កាមេរ៉ា ម៉ៃក្រូហ្វូន ឬបញ្ជីឈ្មោះ ជាពិសេសលើ App ដែលពុំមានប្រភពច្បាស់លាស់។ អាចធ្វើទៅបានតាមរយៈទីតាំងSettings > Privacy ស្វែងរកមើលឈ្មោះកម្មវិធីនិងធ្វើការកំណត់។
៦.ការប្រើប្រាស់ខ្សែ USB របស់អ្នកដទៃ
ចាំបាច់គួរប្រើប្រាស់តែខ្សែ USB ដែលជារបស់អ្នកបានហើយ ព្រោះឧក្រិដ្ឋជនអាច Hack លុកលុយយកទិន្នន័យក្នុងម៉ាស៊ីនរបស់អ្នកតាមរយៈរន្ធសាក USB។ ឧទាហរណ៍៖ អ្នកសាកថ្មទូរសព្ទដោយប្រើប្រាស់ខ្សែ USB របស់នរណាម្នាក់នៅទីតាំងហាងកាហ្វេឬអាកាសយានដ្ឋាន។
៧.ការ Jailbreak
Jailbreak ម៉ាស៊ីន iPhone ពិតជាបង្កហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់គ្រប់រូប ព្រោះជាប្រភពបើកផ្លូវឲ្យ Virus និង Malware អាចជ្រៀតខ្លួនចូលបានយ៉ាងងាយបំផុត។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: