រ៉ុកកែត Falcon Heavy មានផ្ទុកធាតុមនុស្ស ១៥២ នាក់ បង្ហោះចូលអវកាសបានសម្រេច
- 2019-06-25 08:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ុកកែត Falcon Heavy មានផ្ទុកធាតុមនុស្ស ១៥២ នាក់ បង្ហោះចូលអវកាសបានសម្រេច
ចន្លោះមិនឃើញ
ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែត Falcon Heavy របស់ខ្លួនកាលពីថ្ងៃអង្គារទី ២៥ មិថុនាចេញពីមជ្ឈមណ្ឌលអវកាសកេណ្ណីឌី ក្នុងរដ្ឋផ្លរីដា ដោយដឹកផ្កាយរណបពិសោធន៍ចំនួន ២៤ គ្រឿង ក្នុងអ្វីដែលក្រុមហ៊ុនរ៉ុកកែតរបស់លោក Elon Musk ហៅថាជាការបាញ់បង្ហោះមួយដ៏លំបាកបំផុត ដែលខ្លួនធ្លាប់ប៉ុនប៉ងពីមុន។
យានរ៉ុកកែតនេះបានបាញ់បង្ហោះជាមួយការស្រែកអបអរសាទរពីអ្នកឈរមើលជាច្រើននាក់នៅម៉ោង ២:៣០ នាទីទៀបភ្លឺ បន្ទាប់ពីការពន្យារពេល ៣ ម៉ោងពីការបាញ់បង្ហោះដំបូងដែលគ្រោងធ្វើនៅយប់ជ្រៅថ្ងៃចន្ទ។
រ៉ុកកែតបានបំបែកចេញដោយសុវត្ថិភាពហើយយានបានចាប់ផ្តើមបេសកកម្មរយៈពេល ៦ ម៉ោងរបស់ខ្លួនដើម្បីដាក់ពង្រាយផ្កាយរណប។ បេសកកម្ម ដែលមានឈ្មោះថា កម្មវិធីសាកល្បងអវកាសទី២ (STP-2) គឺជាបេសកកម្មទី៣សម្រាប់រ៉ុកកែត Falcon Heavy ដែលគេចាត់ទុកថាជាប្រព័ន្ធបាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។
បេសកកម្មនេះត្រូវបានប្រគល់ឱ្យធ្វើដោយក្រសួងការពារជាតិអាម៉េរិក ដែលជាអ្នកម៉ៅការសំខាន់សម្រាប់ក្រុមហ៊ុនអវកាសពាណិជ្ជកម្ម ដូចជាក្រុមហ៊ុន SpaceX ។ ក្រុមហ៊ុននេះកំពុងដាក់ផ្កាយរណបចូលទៅគន្លងតារាវិថីសម្រាប់ទីភ្នាក់ងារផ្សេងៗរួមទាំងអង្គការណាសា មន្ទីរគ្រប់គ្រងបរិយាកាសនិងសមុទ្រជាតិ (NOAA) មន្ទីរពិសោធន៍ក្រសួងការពារជាតិ សាកលវិទ្យាល័យនានា និងអង្គការមិនរកប្រាក់ចំណេញ។
គួរដឹងថាយានរ៉ុកកែតនេះក៏មានផ្ទុកនូវអដ្ឋិធាតុមនុស្សចំនួន ១៥២ នាក់ផងដែរ ដែលត្រូវដាក់បញ្ចូលទៅក្នុងបំពង់លោហធាតុនិងដាក់នៅលើផ្កាយរណបមួយរបស់រ៉ុកកែត។ នៅឆ្នាំ ២០១៨ ក្រុមគ្រួសារនីមួយៗបានចំណាយប្រាក់ជាង ៥ ០០០ ដុល្លារដើម្បីយកធាតុទម្ងន់ ៧ ក្រាមដាក់នៅលើយានអវកាស៕