ជីវិតមានន័យទោះអត់លុយច្រើន៖ តោះរៀនពីអេភីឃ្យូរឺស

  • 2019-06-25 09:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ប្រសិនបើយើងងាកទៅសួរយុវវ័យអាយុម្ភៃប្លាយ ថាតើគាត់ត្រូវការអ្វីខ្លះដើម្បីឲ្យខ្លួនសប្បាយចិត្តនោះ ចម្លើយរបស់គាត់ប្រហែលរាងស្រដៀងនឹងវត្ថុក្នុងបញ្ជីខាងក្រោមនេះ៖

វត្ថុដែលយើងចាំបាច់ត្រូវមានដើម្បីរស់នៅបានសប្បាយ៖

១. មានវីឡាមួយ យកល្អមានសួនច្បារព័ទ្ធជុំវិញ ហើយមានដើមឈើធំៗហ៊ុំព័ទ្ធទៀតផង។

២. មានចុងភៅធ្វើម្ហូបឲ្យញ៉ាំរៀងរាល់ថ្ងៃ ចេះរៀបចំម្ហូបគ្រប់មុខមកពីគ្រប់ស្រុកយ៉ាងមានថ្វីដៃ។ បើមិនអញ្ចឹងក៏បានត្រឹមមានលុយគ្រប់គ្រាន់សម្រាប់ញ៉ាំអាហារថ្លៃៗ ឈ្ងុយឆ្ងាញ់សឹងតែគ្រប់ពេល។

៣. មានឡានមួយដែលទំនើប ហើយស្អាត ល្មមនឹងធ្វើឲ្យគេឯងដឹងថាយើងមិនខ្វះលុយចាយទេ។

៤. បើកទូខោអាវមកឃើញតែខោអាវប្រេនៗ សមស្របសម្រាប់គ្រប់ពេល គ្រប់រដូវ។ សូម្បីខោអាវដេកក៏តម្លៃជិតរយដុល្លារនឹងគេដែរ។

៥. មានលុយទៅដើរលេងប្រទេស និងកន្លែងទេសចរណ៍ល្បីៗជាទៀងទាត់ ហើយពេលទៅម្តងៗ អាចចូលដេកសណ្ឋាគារលំដាប់ផ្កាយប្រាំ ដើរញ៉ាំ ដើរទិញអីវ៉ាន់តាមចិត្ត។

៦. មានអុីនធឺណែតដើម្បីមើលមីមបាន

ឃើញថាយុវវ័យយើងចូលចិត្តចែករំលែកសម្តី និងវីដេអូរបស់មហាសេដ្ឋីផ្សេងៗដូចជា ប៊ីលហ្គេត (Bill Gates) ម៉ាក ស្សាគឺបឺក (Mark Zuckerberg) និង ចេក ម៉ា (Jack Ma) ខ្លាំងណាស់ ដូច្នេះយើងអាចសន្និដ្ឋានបានថា គ្នាយើងជាច្រើនរូបបានតាំងចិត្តថា ត្រូវធ្វើយ៉ាងណាធ្វើខ្លួនឲ្យក្លាយជាសេដ្ឋីមុនខ្លួនអាយុ ៣០ ឆ្នាំឲ្យបានរួចទៅហើយ! យើងស្រមៃថា ពេលយើងក្លាយជាអ្នកមាន យើងនឹងមានផ្ទះដ៏ធំមួយ​ យើងមានទីធ្លានៅជុំវិញផ្ទះ មានអ្នកបម្រើទាំងឆ្វេងទាំងស្តាំ នោះយើងនឹងឈប់មានអារម្មណ៍ឯកា ឈប់ខ្លាច ឈប់ពិបាកចិត្តទៀតហើយ!

គិតមួយភ្លែតដូចសមហេតុសមផលដែរ តែបើយើងងាកមកមើលការពិត ងាកមកមើលភស្តុតាងក្នុងជីវិតពិតវិញ យើងឃើញថាគិតអញ្ចឹងមិនត្រឹមត្រូវនោះទេ។ អ្នកដែលមានចំណូលធម្មតាៗដូចពួកយើងតែងតែគិតថា ពេលណាយើងមានលុយនោះ យើងនឹងមានរូបរាងស្អាត ដេកផឹកស្រាក្រឡុក នៅក្បែរអាងហែលទឹកផ្ទាល់ខ្លួនរបស់យើង ហើយពេលនោះយើងលែងមានកង្វល់អីលើលោកនេះទៀតហើយ។

តែសាកគិតឡើងវិញទៅមើល! តើអ្នកធ្លាប់ដែលជួបនិយាយជាមួយអ្នកមានណាម្នាក់ទេ? សាកសង្កេតទៅមើលថាតើគាត់សប្បាយចិត្តដល់កម្រិតណាទៅ? ប្រសិនបើមិនដែលបានជួបនិយាយជាមួយអ្នកមានទេ អ្នកអាចបើក YouTube ហើយតាមដានជីវិតរបស់អ្នក vlog នៅប្រទេសអភិវឌ្ឍន៍ម្នាក់ពីរនាក់ទៅ។ ទោះនៅទីនោះពួកគាត់មិនមែនជាអ្នកមាន តែបើប្រៀបធៀបជាមួយកម្ពុជា ពួកគាត់មានលុយ មានឡាន មានផ្ទះ ដែលអាចនិយាយថាភាគច្រើនពួកគាត់មានជាងយើង។ សាកទៅតាមដានវីដេអូរបស់គាត់ របៀបគាត់និយាយ និងគំនិតរបស់គាត់ ហើយព្យាយាមមើលទៅថាតើគាត់សប្បាយចិត្តជាងយើងច្រើនឬអត់។

សម្រាប់ខ្ញុំវិញ ខ្ញុំតែងតែចូលចិត្តសង្កេតមើលបងប្អូន និងមិត្តភក្តិដែលមានទ្រព្យស្តុកស្តម្ភរបស់ខ្ញុំ ហើយឃើញថា ទោះជាពួកគាត់មានវីឡានៅ​ មានលុយចាយហ៊ឺហាក៏ដោយចុះ​ ក៏គាត់មិនសូវជាសប្បាយចិត្ត ឬមានចិត្តស្ងប់ជាងខ្ញុំប៉ុន្មានដែរ។ ផ្ទុយទៅវិញ អ្នកខ្លះបែរជាគិតច្រើនជាងខ្ញុំ រស់នៅមិនសូវសុខដោយសារភ័យខ្លាចបាត់លុយ ខ្លាចឆ្កូតឡានជាងសិស្សក្រីក្រដូចខ្ញុំនេះទៀតផង។

អញ្ចឹងលុយមិនអាចធ្វើឲ្យយើងសប្បាយចិត្តទេមែន?

អ្នកដែលធ្លាប់មានជីវភាពទុរគតដឹងហើយថា បើគ្មានលុយទិញអង្ករហូប គ្មានដំបូលគ្របខ្លួននោះក៏មនុស្សយើងពិបាកនឹងមានសេចក្តីសប្បាយចិត្តផងដែរ។

តាមពិតទៅធ្លាប់មានគេធ្វើការស្រាវជ្រាវមួយទាក់ទងនឹងបញ្ហានេះតែម្តង! លទ្ធផលគឺគេរកឃើញថា ពេលយើងមានលុយ វាចម្រើន «ការពេញចិត្តនឹងជីវិត» របស់យើងច្រើន តែវាមិនសូវចម្រើន «សេចក្តីសុខផ្លូវចិត្ត» របស់យើងច្រើននោះទេ។ នោះបានន័យថា អ្នកមានតែងពេញចិត្តនឹងជីវិតខ្លួនជាងអ្នកក្រ តែពួកគេនៅតែមានអារម្មណ៍ស្ត្រេស ភ័យខ្លាច ពិបាកចិត្ត និងអារម្មណ៍អវិជ្ជមានៗជាច្រើនទៀតដដែលទេ។ ម៉្យាងវិញទៀត គេបានរកឃើញថា ពេលចំណូលយើងកើនឡើង វាអាចបង្កើនសេចក្តីសុខផ្លូវចិត្តរបស់យើងបានត្រឹមចំនុចមួយប៉ុណ្ណោះ លើសពីចំណុចនោះទៅ ទោះយើងបង្កើនចំណូលបានប៉ុន្មានពាន់ដុល្លារទៀតក្តី ក៏សេចក្តីសុខផ្លូវចិត្តរបស់យើងនៅថេរដដែលទេ! ដោយសារគេពិសោធន៍នេះនៅសហរដ្ឋអាមេរិក ដូច្នេះគេបានរកឃើញថា ចំណុចនោះនៅត្រឹមប្រាក់ចំណូល ៧៥ ០០០ ដុល្លារក្នុងមួយឆ្នាំ។ តែយើងត្រូវចាំថា នេះនៅអាមេរិកដែលសូម្បីតែបន្លែមួយគីឡូអាចស្មើនឹងលុយយើងចាយពេញមួយថ្ងៃឯណោះ! ដូច្នេះចំណុចថេរនេះអាចនឹងផ្លាស់ប្តូរបើគិតនៅប្រទេសកម្ពុជា។

តើយើងគួរខំប្រឹងធ្វើការប្រមូលលុយអត់ បើយើងចង់បានសេចក្តីសុខក្នុងជីវិត? មិនមែនប្រភេទសេចក្តីសុខដែលយើងពេញចិត្តនឹងជីវិត តែដេកយំដោយសារគិតថាខ្លួននឹងស្លាប់ទៅដោយមិនមានមិត្តភក្តិនឹងគេ មានតែឆ្កែដប់ក្បាលនៅជុំវិញខ្លួនយើងនោះទេ។ មានសេចក្តីសុខនៅទីនេះ​ គឺបានន័យថាយើងពេញចិត្តនឹងជីវិត ហើយមានកង្វល់តិចបំផុត មិនសូវមានសេចក្តីទុក្ខសោក ភ័យខ្លាច ឬកំហឹងជាដើម…

ដើម្បីឆ្លើយសំណួរនេះបាន យើងអាចរៀនពីទស្សនវិទូក្រិចដែលបានស្លាប់ចោលយើងជាច្រើនពាន់ឆ្នាំម្នាក់ទៀតហើយ នោះគឺលោក អេភីឃ្យូរឺស (Epicurus) (កើត ៣៤៥ ស្លាប់ ២៧០ មុនគ.ស)។ សំខាន់គឺឈ្មោះគាត់ឥលូវនៅលោកខាងលិច គឺគេដាក់ឲ្យមានន័យស្មើនឹងសេចក្តីសប្បាយហ៊ឺហាតែម្តង។

រូបភាពបានមកពី៖ អូរេស្ទីស ឌីអិនអេស (Orestis Dns)

នៅក្នុងវចនានុក្រមខេមប្រីជ (Cambridge dictionary) ផ្ទាល់តែម្តង ពាក្យ ​epicurean គឺមានន័យថា ដែលទទួលបានសេចក្តីសុខពីអាហារ ឬភេសជ្ជៈលំដាប់ខ្ពស់។

តោះនិទានពីប្រវត្តិរបស់អេភីឃ្យូរឺសបន្តិចសិនមុននឹងចូលសាច់រឿងយើង។ ភាគច្រើនគេស្គាល់គាត់ដោយសារ គាត់ផ្តោតសំខាន់ទៅលើសេចក្តីសុខច្រើនមែនទែន។ បើចង់ឲ្យជីវិតយើងសប្បាយ មិនបាច់ធ្វើខ្លួនឲ្យត្រូវជាមួយនឹងគុណធម៌ ឬធ្វើបុណ្យដើម្បីកុំឲ្យចុះនរកអីទេ ឲ្យតែយើងព្យាយាមស្វែងរកភាពរីករាយទៅបានហើយ។ ស្រមៃទៅថាតើបងប្អូនអ្នកស្រុកក្នុងភូមិគិតយ៉ាងម៉េចពេលដែលលឺគាត់និយាយដូចនេះ។ សម្រាប់ប្រទេសគ្រិច ដែលគេឲ្យតម្លៃលើគុណធម៌ លើទំនៀមទម្លាប់នោះ គេនាំគ្នាភ្ញាក់ផ្អើល ហើយមានប្រតិកម្មយ៉ាងខ្លាំងជាមួយទស្សនៈរបស់គាត់។

ប្រតិកម្មខ្លះគឺប្រតិកម្មវិជ្ជមាន ដោយចាប់ផ្តើមមានគេសុំគាត់ជាគ្រូ សុំរៀនសូត្របន្ថែមពីទស្សនរបស់គាត់ តែក៏មានគេចាប់ផ្តើមនិយាយដើមបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកផងដែរ។ អ្នកខ្លះនិយាយថា មួយថ្ងៃអេភីឃ្យូរឺសត្រូវក្អួតពីរដង ដោយសារគាត់ញ៉ាំអាហារឆ្ងាញ់ៗច្រើនពេក។ អ្នកខ្លះវិញទៀតនិយាយថា គាត់រស់នៅក្នុងវីឡាដ៏ធំមួយជាមួយនឹងស្រីៗជាច្រើនដែលគាត់អាចរើសបានតាមចិត្តជារៀងរាល់ពេលដែលគាត់ចង់។

តែប្រសិនបើយើងងាកទៅមើលពីជីវិតពិតរបស់គាត់វិញ យើងនឹងឃើញថាព័ត៌មានទាំងនេះខុសទាំងស្រុង!

តាមពិត អេភីឃ្យូរឺសបានរស់នៅក្នុងផ្ទះវីឡាធំមួយក៏ពិតមែន តែមិនមែនជាភូមិគ្រិះហ៊ឺហាដូចដែលគេពណ៌នានោះទេ វាគ្រាន់ជាវីឡាធំមួយនៅជាយក្រុង ដែលគាត់បានជួលនៅជាមួយមិត្តភក្តិប៉ុន្មាននាក់ទៀតតែប៉ុណ្ណោះ។ រីឯម្ហូបដែលគាត់ញ៉ាំរាល់ថ្ងៃវិញ មិនមែនម្ហូបកម្រថ្លៃៗពីស្រុកក្រៅនោះទេ ដោយគាត់ភាគច្រើនតែងបរិភោគតែនំប៉័ង ឈីស និងបន្លែតែប៉ុណ្ណោះ។ សូម្បីតែស្រាទំពាំងបាយជូក្រហមក៏គាត់មិនសូវផឹកដែរ ដោយសារគាត់ចូលចិត្តផឹកទឹកធម្មតាច្រើនជាងស្រាទៀតផង! ចំណង់អាហាររបស់អេភីឃ្យូរឺសមានភាពសាមញ្ញខ្លាំងមែនទែន ដល់ថ្នាក់គាត់ប្រាប់មិត្តភក្តិគាត់ថា «ឲ្យតែមានឈីសមួយដុំ ខ្ញុំអាចមានពិធីជប់លៀងនៅទីណាក៏បានដែរ។»

ដល់អញ្ចឹងទៅដូចមិនត្រូវ! ក្រែងគាត់ថាជីវិតយើងធ្វើយ៉ាងណារស់នៅឲ្យរីករាយហ្អី?តើរីករាយបានដែរ បើរស់នៅក្នុងផ្ទះធម្មតាសាមញ្ញ ហើយញ៉ាំបន្លែ ផឹកទឹកសយ៉ាងដូចនេះ? នោះក៏ដោយសារក្រោយពេលបានចាប់ផ្តើមគិតពីទស្សនៈនៃការរស់នៅតាំងពីខ្លួនអាយុ ១៤ ឆ្នាំ អេភីឃ្យូរឺសចុងក្រោយក៏ត្រាស់ដឹងថា ដើម្បីឲ្យយើងរីករាយនឹងជីវិត យើងមិនបាច់ត្រូវការវត្ថុច្រើននោះទេ។

នេះបើតាមអេភីឃ្យូរឺស មានកត្តាបីដែលយើងចាំបាច់ត្រូវមានដើម្បីឲ្យយើងសប្បាយចិត្ត៖

១. មិត្តភក្តិ

រូបភាពបានមកពី៖ សីហៈ បរិញ្ញា (parithefish)

ហ្នឹងឯង! គាត់គិតថាមិត្តភក្តិ មនុស្សដែលយល់ ស្គាល់ និងស្រឡាញ់យើងនេះឯងដែលយើងចាំបាច់មានប្រសិនបើយើងចង់រស់នៅសម្បូរដោយភាពរីករាយ… អេភីឃ្យូរឺសមិនមែនជាមនុស្សដែលចេះតែប្រាប់គេឲ្យធ្វើ ហើយបែរជាមិនខ្ចីស្តាប់តាមដំបូន្មានរបស់ខ្លួនឯងនោះទេ។ គាត់ឲ្យតម្លៃយ៉ាងខ្លាំងទៅលើមិត្តភាព ដល់ថ្នាក់គាត់ជួលផ្ទះវីឡាធំមួយនៅក្រៅក្រុង ដើម្បីបានរស់នៅជាមួយមិត្តជិតស្និទ្ធិទាំងអស់ របស់គាត់ទៀតផង។ គាត់ធ្លាប់បាននិយាយថា៖ «ក្នុងចំណោមចំណេះដឹងដែលបង្រៀនយើងឲ្យយើងមានភាពរីករាយក្នុងជីវិត វត្ថុដែលមានសារៈសំខាន់បំផុតនោះគឺមិត្តភាព»។

សម្រាប់គាត់ មិនសំខាន់ថាគាត់ញ៉ាំអាហារអី ថ្លៃឬក៏អត់ មកពីស្រុកក្រៅ ឬមកពីស្រុកស្រែទេ សំខាន់គឺមានមិត្តភក្តិល្អញ៉ាំអាហារជាមួយនោះឯង។

តែគ្រាន់តែអានមកដល់នេះ អ្នកក៏គិតដល់មិត្តភក្តិអាក្រក់ដែលរមែងតែងក្បត់ និយាយដើមយើង (ហើយពេលខ្លះយើងក៏ធ្វើដូចនេះដែរ)។ អញ្ចឹងម៉េចបានជាគាត់ហ៊ានឲ្យតម្លៃលើមិត្តភាពខ្លាំងម៉្លេះ? នោះក៏ដោយសារមិត្តភាពរបៀបខាំគ្នាក្រោយខ្នងនេះមិនមែនជាមិត្តភាពពិតប្រាកដនោះទេ។ មិត្តពិតប្រាកដគឺគ្នាយើងដែលដឹងគ្រប់យ៉ាង ទាំងចំណុចល្អ និងចំណុចអាក្រក់របស់យើងសឹងទាំងអស់ តែក៏គេនៅស្រឡាញ់ នៅឲ្យតម្លៃ នៅមានចិត្តចង់ជួយយើងមិនផ្លាស់ប្តូរឡើយ។

ពួកគេមិនដែលវាយតម្លៃយើងតាមសង្គមខាងក្រៅនោះទេ។ គេមិនមើលថាយើងរកលុយបានច្រើនប៉ុណ្ណា ឬយើងមានមនុស្សស្រឡាញ់ចូលចិត្តប៉ុន្មាននាក់នោះទេ។ ទោះគេចូលចិត្តលេងសើចចំអកកំហុសរបស់យើងក៏ពិត តែគេក៏នៅក្បែរយើងជានិច្ច ចាំជួយយើងពេលយើងសុំឲ្យគេជួយផងដែរ។ អេភីឃ្យូរឺសគិតថា ដោយសារមនុស្សចង់បានសេចក្តីស្រឡាញ់ និងការទទួលស្គាល់ពិតប្រាកដបែបនេះហើយ បានជាយើងស្រវារកលុយ ទិញរបស់នេះ ទិញរបស់នោះដើម្បីបង្អួតគេឯងជារៀងរាល់ថ្ងៃនេះឯង! ក៏ដោយសារយើងគិតថា ពេលយើងមានលុយ នោះអ្នកជុំវិញយើងនឹងស្រឡាញ់ គោរព និង នៅក្បែរយើងដូចមិត្តល្អជាមិនខាន។

២. សេរីភាព

ដូចដែលបានចារនៅក្នុងអត្ថបទទស្សនវិទ្យាមុននេះអញ្ចឹង ក្រុងអាតែនពីជំនាន់មុន គឺពោរពេញដោយអ្នកមាន ឬអ្នកដែលចង់មាន។ ដោយហេតុចង់ដកខ្លួនចេញពីសម្ពាធសង្គម សម្ពាធនៃការអួតទ្រព្យសម្បត្តិគ្នានេះហើយ បានជាអេភីឃ្យូរឺសក៏បានសម្រេចចិត្តដកខ្លួនចេញពីក្រុង ទៅរស់នៅយ៉ាងរំភើយនៅឯជនបទនោះ។

ពេលទៅដល់ផ្ទះថ្មី គាត់និងមិត្តភក្តិគាត់មានសេរីភាពច្រើនជាងមុន ដោយពួកគាត់អាចរស់នៅតាមទស្សនៈរបស់ខ្លួនដោយមិនបាច់ទទួលការវាយតម្លៃច្រើនពីអ្នកទីក្រុងដែលឆ្កួតវង្វេងនឹងមាសប្រាក់យសសក្តិនោះទេ។

ជាឧទាហរណ៍ ដោយសារក្រុមអេភីឃ្យូរឺសមិនសូវជាឲ្យតម្លៃអាហារថ្លៃៗប្រេនៗនោះ ពួកគាត់ក៏ស្រុះស្រួលគ្នាសម្រេចចិត្តថានឹងដាំបន្លែខ្លួនឯង ហើយចម្អិនបន្លែទាំងនោះញ៉ាំវិញ ដោយធ្វើបែបនេះ គាត់មិនបាច់ចំណាយពេលច្រើនម៉ោងដើម្បីធ្វើការរកលុយទិញអាហារនោះទេ។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយផ្តោតលើចំណេះដឹងចិត្តវិទ្យា សិល្បៈ និងការអភិវឌ្ឍន៍ខ្លួន។

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang