ជក់ចិត្ត! ព័រទុយហ្គាល់ CR7 ប៉ះអាហ្សង់ទីន Messi យប់នេះ
- 2014-11-18 15:27:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជក់ចិត្ត! ព័រទុយហ្គាល់ CR7 ប៉ះអាហ្សង់ទីន Messi យប់នេះ
ចន្លោះមិនឃើញ
ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និងអាហ្សង់ទីន ដែលលេងនៅកីឡដ្ឋាន Old Trafford ប្រទេសអង់គ្លេស នឹងចាប់ផ្ដើមហើយនៅម៉ោង២:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
ក្នុងការប្រកួតនេះដែរ គេក៏អាចនិយាយបានថាជាការជួបគ្នារវាងកំពូលកីឡាករទាំង២គឺ Cristiano Ronaldo និង Lionel Messi ក៏បាន ព្រោះពួកគេទាំង២កម្រនឹងបានជួបគ្នាណាស់នៅពេលលេងឱ្យជម្រើសជាតិ ពោលគឺពួកគេធ្លាប់ជួបគ្នាម្ដងគត់នៅឆ្នាំ២០១១។ ចាំមើលការប្រកួតនាយប់នេះ នរណាអាចជួយក្រុមយកជ័យជម្នះបាន?
សម្ដីគ្រូបង្វឹករបស់ក្រុមទាំងពីរ
លោក Fernando Santos គ្រូបង្គោលក្រុមជម្រើសជាតិព័រទុយហ្គាល់បាននិយាយពេលហ្វឹកហាត់ថា៖ “ក្រុមយើងពេញជើងល្អណាស់ក្នុងប្រកួតនេះ។ ទោះជាយប់នេះយើងប៉ះជាមួយក្រុមខ្លាំងដូចអាហ្សង់ទីនក៏ដោយ យើងនៅតែមានជំនឿចិត្តថាអាចយកជ័យជម្នះបាន។ ខ្ញុំដឹងថាក្រុមគេមានអ្នកខ្លាំងច្រើនប៉ុន្តែយើងក៏មានដូចគ្នា គ្មានអ្នកណាមួយអាចមើលឃើញបានទេនៅលើទីលានប្រកួត”។
ចំណែកគ្រូបង្វឹកក្រុមអាហ្សង់ទីនវិញលោក Martino បាននិយាយមុនប្រកួតនេះដែរថា៖ “ព័រទុយហ្គាល់ជាក្រុមខ្លាំងហើយគេកាន់តែខ្លាំងថែមទៀតនៅយប់នេះព្រោះមាន Ronaldo ។ តែទោះជាយ៉ាងនេះក្ដីយើងមិនខ្លាចពួកគេនោះទេ។ នេះជាប្រកួតមិត្តភាពប៉ុន្តែក៏អាចថាជាប្រកួតសំខាន់ផងដែរ ដូច្នេះខ្ញុំមិនទុកជើងកីឡាករនោះទេ។ យើងអាចទទួលជ័យជម្នះពេលជួបក្រូអាតហើយយប់នេះក៏យើងអាចធ្វើបានដូចគ្នា”។
ជើងកីឡាករ
ព័រទុយហ្គាល់មិនមានបញ្ហារបួសកីឡាករនោះទេ ដូច្នេះជម្រើស១១នាក់របស់លោក Santos អាចជា Patricio , Bosingwa , Carvalho, Pepe , Guerreiro , Tiago , Danny , Moutinho , Nani , Eder និង Ronaldo ។
ចំពោះជម្រើសជាតិអាហ្សង់ទីនដែលបានមកចាំព័រទុយហ្គាល់តាំងពីអាទិត្យមុននោះក៏មិនមានបញ្ហាកីឡាកររបួសដែរ ដូច្នេះអ្នកដែលលេងនៅជម្រើសដំបូងទាំង១១នាក់នោះគឺ Romero , Zabaleta , Ansaldi , Fazio , Vergini , Mascherano , Perez , Di Maria , Messi , Aguero និង Tevez ។
ប្រវត្តិជួបគ្នា
គិតតាំងពីឆ្នាំ១៩២៨មកក្រុមជម្រើសជាតិទាំងពីរធ្លាប់បានជួបគ្នាតែ៧ដងប៉ុណ្ណោះ ហើយក្នុង៧ប្រកួតនោះគឺព័រទុយហ្គាល់អាចឈ្នះបានតែ១ដងគត់ និងចាញ់៥ដងស្មើ១ដង។ ដោយឡែក៧ប្រកួតដែលជួបគ្នានេះ Ronaldo និង Messi បានចូលលេងតែមួយប្រកួតទេគឺនៅឆ្នាំ២០១១នេះដែលកាលនោះអាហ្សង់ទីនឈ្នះ២-១ ហើយ Ronaldo រកបានមួយគ្រាប់ និង Messi រកបានមួយគ្រាប់ដូចគ្នា៕
សម្រាប់គូប្រកួតមិត្តភាពអន្តរជាតិទាំងអស់នៅយប់នេះ៖
ព្យាករណ៍សម្រាប់គូនេះគឺ ព័រទុយហ្គាល់ ១-២ អាហ្សង់ទីន ។ ចុះប្រិយមិត្តវិញ គិតថា Ronaldo ឬ Messi ជាអ្នកឈ្នះ?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖sportsmole , 11v11