ទស្សនៈ ៦ ពី​បុគ្គល​ល្បីៗ ចាក់ដោត​ជីវិត​ប្រចាំ​ថ្ងៃ តម្រង់​ទិស​ជោគជ័យ​ទៅ​ថ្ងៃ​មុខ

  • 2019-06-30 03:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទស្សនៈបុគ្គលល្បីៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​ជួយ​ត្រួសត្រាយ​ កាយ​ផ្លូវ​ចិត្ត​ ផ្លូវកាយ ​ពី​បញ្ហា​ចំណោទ​ជីវិត​របស់​មនុស្ស​។ ទស្សនៈ​ទាំង ៦​ខាង​ក្រោម​នេះ​ សង្ឃឹម​ថា​នឹង​ជួយ​ទាំង​អស់​គ្នា​ក្នុង​ការ​ស្វែង​យល់​​ឱ្យ​បាន​ទូលំ​ទូលាយ​ ព្រម​ទាំង​អាច​យក​មក​អនុវត្ត​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ ដើម្បី​ឱ្យ​ដំណើរ​ជីវិត​វិវត្ត​ទៅ​រក​ភាព​ជោគជ័យ។

១. ព្រះពុទ្ធ (Buddha)

"តថាគត មិន​គិត​ពី​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​នោះទេ​ តែ​ព្រះអង្គ​ទ្រង់​គិត​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ត​ទៅ​ទៀត"

ទស្សនៈខាង​លើ​នេះ បាន​ណែនាំ​ឱ្យ​យើង​ព្យាយាម​ពិនិត្យ​ពិចារណា​ថា តើ​យើង​នៅ​មាន​ការងារ​ណា​ដែល​នៅ​មិន​ទាន់​ធ្វើ​ហើយ​ស្រេច​ដែរ​ឬ​ទេ? គឺ​ជា​ដាស់​តឿន​កុំ​ឱ្យ​រវល់​តែ​ត្រេកអរ​ភ្លេច​ខ្លួន​ ឬជាប់ចិត្ត​តែ​លើ​កិច្ចការ​ដែល​បាន​ធ្វើ​រួច​មក​ហើយ​នោះ​ទេ តែ​ត្រូវ​ពិនិត្យ​មើល​ថា តើ​បញ្ហា​អ្វី​ខ្លះ​ដែល​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ ឬ​ការងារ​ណា​ខ្លះ​ពុំទាន់​ធ្វើ​ហើយ​ស្រេច​បាច់ ត្រូវ​ប្រញ៉ាប់​សម្រេច​វា​ឱ្យ​ចប់​ចុង​ចប់​ដើម​តែ​ម្តង​ទៅ។

២. មហាត្មៈ គន្ធី (Mahatma gandhi)

"អ្វីៗ​ដែល​អ្នក​នឹង​ធ្វើ​ វា​មិន​សំខាន់​ទេ ប៉ុន្តែ​វា​សំខាន់​នៅ​ពេល​អ្នក​ធ្វើ​នោះ​ឯង"

ពេល​មិន​ទាន់​បាន​ធ្វើ​ អ្នក​អាច​យល់​ពី​ការងារ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ លុះ​ដល់​ពេល​ធ្វើ ការងារ​នឹង​បង្រៀន​អ្នក​ដោយ​ខ្លួន​ឯង។

៣. ខុងជឺ (Kong Zi)

"ជ័យជម្នះ​ អា​ស្រ័យ​លើ​ការ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​ បើ​មិន​បាន​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​ទេ នោះ​មុន​ជា​ជួប​នឹង​បរាជ័យ​ពិត​ប្រាកដ​ណាស់"

ដូចគេថា "ធ្វើ​ស្រែ​ត្រូវ​ត្រៀម​ទឹក​ ពូជ ធ្វើ​សង្រ្គាម​ត្រូវ​ត្រៀម​ស្បៀង​ អាវុធ យុទ្ធសាស្រ្ត ធ្វើ​ការងារ​ត្រូវ​ត្រៀម​ជំនាញ ចំណេះដឹង គំនិត​ស្មារតី...ការ​ត្រៀម​ទុក​ជា​មុន​ ប្រៀប​ដូចជា​ការ​ឈ្នះ​មួយ​ជំហាន​រួច​ទៅ​ហើយ"។

៤​​. ម៉ារ​ថា ស្ទេវ៉ាត (Martha Stewart)

"​បើ​មិន​បើក​ចំហ​ចិត្ត​ឱ្យ​ទូលំទូលាយ​ មិន​ព្រម​ស្តាប់​​មតិយោបល់​អ្នក​ដទៃ​ទេ អ្នក​ក៏​គ្មាន​ថ្ងៃ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​បាន​ដែរ"

តាម​ពិត​រឿង​ខ្លះ មនុស្ស​តែ​ម្នាក់​អាច​មាន​គំនិត​ល្អ​ប្រសើរ​ជាង​មនុស្ស​ដ៏​ច្រើន​ ប៉ុន្តែ​ស្ថានការណ៍​បែប​នេះ​គឺ​មាន​ដោយ​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​ទូទៅ ការ​មាន​គំនិត​ច្រើន​យក​មក​វិភាគ​ឱ្យ​បាន​ច្រើន​ផ្លូវ​គឺជា​វិធី​របស់​មនុស្ស​ឆ្លាត។

៥. ឌីយ៉ុង ប៊ូស៊ីកូលត៍ (dion boucicault)

"មនុស្ស​ភាគ​ច្រើន​និយាយ​ថា តើ​គួរ​ធ្វើ​អ្វី​ដើម្បី​បំផ្លាញ​ពេលវេលា តែ​ពួកគេ​មិន​បាន​ដឹង​ថា ពេលវេលា​កំពុង​តែ​លួច​បំផ្លាញ​ពួកគេ​យ៉ាង​ស្ងៀមស្ងាត់​នោះ​ទេ"

គ្រប់​វិនាទី​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ អ្នក​ដែល​ប្រាប់​ថា​ចង់​បំផ្លាញ​ពេលវេលា​នោះ​ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្នុង​ជីវិត​រស់​នៅ​របស់​គេ​ នៅ​មិនទាន់​​មាន​គោលដៅ​ច្បាស់លាស់​នៅឡើយ គេ​ប្រើ​ជីវិត​ឱ្យអណ្តែត​ត្រសែត​ មិន​ដឹង​ថា​ខ្លួន​ត្រូវ​ដើរ​ឱ្យ​ដល់​ទីណា​នោះ​ទេ។ តាម​ពិត​ទៅ​ ប្រសិន​បើ​អ្នក​ប្រកែក​ថា ខ្លួន​មិន​មែន​ជា​មនុស្ស​ដែល​ធ្វើ​ការងារ​ឱ្យ​តែ​រួច​ពី​ដៃ​ដោយ​មិន​មាន​គោលដៅ​អ្វី​ទេនោះ គឺ​បានន័យ​ថា​ពេលវេលា​គ្រប់​វិនាទី​សម្រាប់​អ្នក​គឺ​ពិត​ជា​សំខាន់​ណាស់ ហើយ​អ្នក​ក៏​មិន​ព្រម​ឱ្យ​ពេលវេលា​កន្លង​ទៅ​ដោយ​មិន​បាន​ធ្វើ​អ្វី​សោះ នោះ​ដែរ។

៦. ណាប៉ូលេអុង បូណាប៉ាត (Napoleon Bonaparte)

"បើ​មិន​ចេះ​ចាប់​ឱកាស​ទុក​ទេ ទោះ​មាន​សមត្ថភាព​ច្រើន​ប៉ុណ្ណា​ក៏​គ្មាន​ប្រយោជន៍​ដែរ"

មួយ​ឃ្លា​នេះ​លោក​បាន​ដាស់​តឿន​សតិ​របស់​យើង​ឱ្យ​គិត​ឃើញ​ថា ពូកែ​តែ​ម្យ៉ាង​គឺ​មិនទាន់​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​រក​ឱកាស​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ឱ្យ​គេ​ឃើញ​ផងដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​មាន​សំណាង​បាន​ទទួល​ឱកាស​ហើយ​ សូម​សម្តែង​នូវ​សមត្ថភាព​ឱ្យ​បាន​ពេញ​ទំហឹង តាំង​ចិត្ត​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព កុំ​បណ្តែតបណ្តោយ​ គិតថា​នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​មើលសិន ចាំ​លើក​ក្រោយ​ចាំ​ប្រឹង​ឱ្យ​អស់​ដៃ​ ដែល​លើក​ក្រោយ​អាច​រាប់​សិប​ឆ្នាំ ឬ​ពេញ​មួយ​ជីវិត​​ក៏​មាន​ដែរ។

ហេតុ​នេះ​សូម​កុំ​ភ្លេច​ថា បើ​អ្នក​មិន​ខំ​ប្រឹង​ធ្វើ​ការ​ងារ​ឱ្យ​អស់​ពេញ​សមត្ថភាព​ពី​ដំបូង​ទេ រូបភាព​នោះ​វា​នឹង​គិត​ជាប់​ក្នុង​ក្រសែ​ភ្នែក ក្នុង​ចិត្ត​របស់​អ្នក​ដទៃឬចៅហ្វាយ​របស់​អ្នក ហើយ​គេ​នឹង​កត់សម្គាល់​ពី​កម្រិត​សមត្ថភាព​របស់​អ្នក​ក្នុង​កម្រិត​ទាបៗប៉ុណ្ណោះ ទន្ទឹម​នឹង​​មាន​អ្នក​ដទៃ​ជា​ច្រើន​គេ​ធ្វើ​បាន​ល្អ​ជាង តើ​អ្នក​នឹង​​មាន​អ្វី​អួត​ជា​មួយគេ​ទៀត​ទៅ?

ដកស្រង់​ចេញ​ពី​សៀវភៅ សុភាសិតជោគជ័យ ដែល​ជា​ការ​ប្រែសម្រួល​ និង​រៀប​រៀង​ដោយ​ គឹម ចាន់ណា៕

អត្ថបទ៖ ថា ម៉ាលីដា