កាសស្ដាប់មានពីរប្រភេទ ចុះមួយណាធ្វើឲ្យខូចត្រចៀកខ្លាំងជាង?
- 2019-07-08 03:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសស្ដាប់មានពីរប្រភេទ ចុះមួយណាធ្វើឲ្យខូចត្រចៀកខ្លាំងជាង?
ចន្លោះមិនឃើញ
បច្ចុប្បន្នកាសស្ដាប់ប្រភេទញ៉ុកចូលត្រចៀក (Earbud) និង កាសស្ដាប់ប្រភេទពាក់ក្បាល (Headphone) កំពុងប្រកួតប្រជែងគ្នាខ្លាំង ដោយសារមានគុណសម្បត្តិរៀងៗខ្លួន។ ប៉ុន្តែកាសប្រភេទទាំងពីរក៏មានគុណវិបត្តិខ្លះៗដែរ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
ចំពោះ Headphone គឺវាគ្របលើស្បែកត្រចៀកខាងក្រៅ ហើយគុណសម្បត្តិដ៏ធំរបស់វាគឺអាចបញ្ជូនសំឡេងបានយ៉ាងពីរោះរំងំ ជាពិសេសពេលស្ដាប់បទភ្លេងណាដែលមានសំឡេងបាស។ មិនតែប៉ុណ្ណោះកាសប្រភេទនេះក៏ល្អសម្រាប់ការទប់ស្កាត់សំឡេងរំខានពីមជ្ឈដ្ឋានខាងក្រៅបានផងដែរ ដូចជាសំឡេងជជែកគ្នា ឬ សំឡេងរថយន្តធ្វើចរាចរជាដើម។
Headphone ភាគច្រើនមានតម្លៃធូរថ្លៃ ហើយខ្លះទៀតអាចមានតម្លៃដល់ខ្ទង់រាប់រយដុល្លារ។ កាសដែលមានតម្លៃថ្លៃព្រោះមានគុណភាពល្អ, រចនារូបរាងស្អាត និង ប្រើទៅស្រួលត្រចៀក ហើយជាពិសេសមានសមត្ថភាពទប់ស្កាត់សំឡេងរំខានបានល្អ។ យ៉ាងណាក្ដី Headphone មិនល្អឥតខ្ចោះនោះទេ ព្រោះមានទំហំធំ និង ពិបាកយកតាមខ្លួន។ ប្រសិនបើអ្នកពាក់ Headphone យូរថែមទាំងអាចបណ្ដាលឲ្យបែកញើសត្រចៀក ជាពិសេសពេលកំពុងហាត់ប្រាណ។ មិនតែប៉ុណ្ណោះថែមទាំងអាចធ្វើឲ្យខូចម៉ូដសក់ ចំណែកអ្នកប្រើវ៉ែនតាក៏វេទនាពេលប្រើកាស ហើយអ្នកពាក់ក្រវិលក៏ពិបាកដូចគ្នា។
ដោយឡែកចំពោះ Earbud វិញភាគច្រើនគឺត្រូវញ៉ុកចូលរន្ធត្រចៀក។ គុណសម្បត្តិរបស់វាគឺមានតម្លៃធូរថ្លៃ, ទំហំតូច, ស្រាល និងងាយយកតាមខ្លួន។ មិនតែប៉ុណ្ណោះក៏មិនប៉ះពាល់ដល់ម៉ូដសក់ ហើយ អ្នកពាក់វ៉ែនតាក៏មិនមានបញ្ហាទើសចិត្តពេលប្រើដូចជា Headphone នោះទេ។ ប៉ុន្តែគុណវិបត្តិគឺ Earbud មិនអាចបញ្ចេញសំឡេងបានរងំល្អ ជាពិសេសសំឡេងបាស។
មួយវិញទៀតដោយសារតែមិនអាចទប់ស្កាត់សំឡេងរំខានបានល្អដូច Headphone ហេតុនេះអ្នកប្រើ Earphone តែងខំដំឡើងសំឡេងចម្រៀងរបស់ខ្លួនដើម្បីកុំឲ្យឮសំឡេងរំខាន ដែលជាលទ្ធផលនាំឲ្យកើតមានបញ្ហាលើប្រព័ន្ធស្ដាប់របស់ត្រចៀក។
ជាចុងក្រោយសូមណែនាំថាប្រសិនបើចង់ស្ដាប់ចម្រៀងបានពីរោះរងំ និង មិនប៉ះពាល់ដល់ប្រព័ន្ធស្ដាប់គួរជ្រើសរើសកាសស្ដាប់ពាក់ក្បាល។ ប៉ុន្តែប្រសិនបើចង់បានកាសដែលស្រាល តូច ងាយយកតាមខ្លួនគួរជ្រើសរើសកាសស្ដាប់ញ៉ុកចូលត្រចៀក។
ចំពោះអ្នកសម្រេចជ្រើសប្រើកាសញ៉ុកចូលត្រចៀកត្រូវចាំថា គួរកុំបើកសំឡេងឮខ្លាំងព្រោះមិនចង់ឮសំឡេងរំខានពីខាងក្រៅ ព្រោះអាចឲ្យខូចត្រចៀកបាន។ អ្នកប្រើ Earbud គួរអនុវត្តវិធី ៦០/៦០ ដោយស្ដាប់ចម្រៀងនៅសំឡេងត្រឹម ៦០ ភាគរយ និង ស្ដាប់យ៉ាងយូរត្រឹម ៦០ នាទីបានហើយ។ ប៉ុន្តែបើចង់ស្ដាប់ចម្រៀងយូរដល់រាប់ម៉ោងគួរបន្ថយកម្រិតសំឡេងឲ្យទាបជាង ៦០%៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអាន៖
តិចនិកលុប App ពី iPhone យ៉ាងរហ័សដែលកម្រមានអ្នកដឹង
មុនឲ្យ iPhone ឬ iPad ទៅកូនលេង ត្រូវធ្វើរឿងទាំងនេះសិន