សម័យ​បច្ចេកវិទ្យា បើ​រៀន​មិន​ចេះ​ ត្រូវ​បន្ទោស​ខ្លួន​ឯង

  • 2019-07-08 07:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សម័យ​នេះ​បើ​អ្នក​រៀន​មិន​ចេះ កុំ​បន្ទោស​នរណា​ទាំង​អស់ ត្រូវ​បន្ទោស​ខ្លួន​ឯង"។ ការ​លើក​ឡើង​​​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា។

នា​ឱកាស​បើក​សម្ពោធ​គម្រោង​ប្រកួត​ប្រជែង​​គំនិត​អាជីវកម្ម​បែប​បច្ចេកវិទ្យា SmartStart កាល​ពី​ម្សិលមិញលោក ហង់​ ជួនណារ៉ុន​ បាន​លើក​ឡើង​ថា ក្នុង​សម័យ​ឌីជីថល​ដែល​កំពុង​រីកចម្រើន​ឥត​ឈប់​ឈរ​ដូច្នេះ សិស្សានុសិស្ស​ទាំងអស់ អាច​ស្វែង​រក​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​និង​គ្មាន​ដែន​កំណត់​លើ Google។

រដ្ឋមន្ត្រី​រូប​នេះ បន្ថែម​ថា ពេល​និស្សិត​មិន​យល់​ត្រង់​ចំណុច​ណាមួយ​នៃ​មេរៀន ពួកគេ​អាច​ស្វែង​រក​ព័ត៌មាន​និង​សិក្សា​បន្ថែម​លើ​អនឡាញ ដូចជា​​តាម​រយៈ Google ជាដើម។ ដូច្នេះ គ្មាន​ពាក្យ​ថា មក​ពី​សាលា គ្រូ ឬ​ដោយ​សារ​ក្រសួង​ទៀត​ឡើយ។

ការ​ថ្លែង​ដូច្នេះ លោក​​សង្កត់​ធ្ងន់ចង់​ឲ្យ​សិស្ស​និស្សិត​ទាំង​អស់​ផ្លាស់​ប្ដូរ​ការ​គិត​និង​របៀប​រៀន​សូត្រ តាម​រយៈ​ការ​ប្រឹងប្រែង​បន្ថែម​ដោយ​ខ្លួន​ឯង​ និង​ប្រើ​បច្ចេកវិទ្យា​ទំនើប ដើម្បី​​ទទួល​​ចំណេះ​ដឹង​ថ្មីៗ​លើស​ពី​អ្វី​ដែល​បាន​​ពី​សាលា។

លោកបាន​បញ្ជាក់​​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ដែល​ផ្ដោត​លើ​បច្ចេកវិទ្យា​ឌីជីថល និង​ការ​ធ្វើ​​ស្វ័យប្រវត្តិកម្ម​ជាដើម នឹង​​មក​ដល់​នា​ពេល​ដ៏​ឆាប់​ខាង​មុខ។ ដូច្នេះ​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ត្រូវ​បំប៉ន​សមត្ថភាព​ខ្លួន លើ​​ចំណេះ​ដឹង​និង​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ឲ្យ​​ខ្លាំងក្លា​ឡើង ដើម្បី​ជួយ​ជាតិ​ឲ្យ​កាន់​តែ​រីកចម្រើន៕

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម