App បំភ័ន្ត​ភ្នែក​មាន​អ្នក Download ជាង ១០ លាន​ដង ត្រូវ Google ​លុប​ចោល​ហើយ

  • 2019-07-10 02:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google ​បាន​ដក​ចោល​នូវ​កម្មវិធី​ទូរសព្ទ​មួយ​ដែល​ដាក់​ឲ្យ​ទាញ​យក​លើ Google Play Store ​ប្រើប្រាស់​ឈ្មោះ "Updates for Samsung" ​ដែល​បំពាន​នូវ​គោលការណ៍​បាន​កំណត់​ជុំវិញ​ការ​ផ្តល់​ជូន​នូវ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ Android ជំនាន់​ណា​មួយ​ទៅ​កាន់​ស្មាតហ្វូន។

ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ Google ​បាន​បញ្ជាក់​ថា៖ "ការ​ផ្តល់​ជូន​នូវ​បទពិសោធន៍​សុវត្ថិភាព​គឺ​ជា​អទិភាព​ចម្បង ហើយ​អ្នក​អភិវឌ្ឍ Google Play របស់​យើង​គឺ​បាន​ហាមឃាត់​យ៉ាង​តឹងរឹង​នូវ​ App ដែល​បាន​បោកបញ្ឆោត​ឬ​មាន​បំណង​រំលោភ​ទិន្នន័យ​ឯកជន​ណា​មួយ"។

ភ្នាក់ងារ CSIS Security Group ​បាន​បញ្ជាក់​ថា App នោះ​មាន​ការ​ទាញ​យក​ពី​អ្នក​ប្រើ​ខ្ទង់ ១០ លាន​ដង​នៅ​លើ Google Play Store ដោយ​សប្តាហ៍​មុន​នៅ​តែ​បន្ត​ឃើញ ទើប​តែ​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​បាត់​ចេញ​ពី Store ហើយ។

ប្រភព​ខាង​លើ​បញ្ជាក់​ជុំវិញ​ដំណើរការ​នៃ​កម្មវិធី​បោកប្រាស់​នេះ គឺ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ធ្វើ​ការ​ទាញ​យក​ឯកសារ​សម្រាប់​ធ្វើ​បច្ចុប្បន្ន​ភាព​ស្មាតហ្វូន​លើ​ទំហំ​ច្រើន​ជាង ៥០០MB ដោយ​កំណត់​ល្បឿន​ទាញ​យក​ត្រឹម ៥៦KBps ប៉ុន្តែ​តាម​រយៈ​ការ​ផ្តល់​យោបល់​របស់​អ្នក​បាន​ប្រើ​លើ Google Play ​ទម្លាយ​ថា​ទោះ​ពួក​គេ​បាន​ចាយ​លុយ​លើ​កម្មវិធី​នោះ​ក៏​ដោយ នៅ​តែ​មិន​អាច​ទាញ​យក Firmware ​បាន​ពេញលេញ​ដដែល។

សេវាកម្ម​មួយ​ផ្សេង​ទៀត​របស់​កម្មវិធី​បំភ័ន្ត​ភ្នែក​មួយ​នេះ ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ដោះ​កូដ​ស៊ីម​គ្រប់​ប្រព័ន្ធ​ទាំង​អស់​ ចំណាយ​ត្រឹម ១៩,៩៩ ដុល្លារ​ថែមទៀត​ផង​។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gadgets.ndtv   ប្រែ​សម្រួល៖ កៅ រក្សា