HongMeng មិន​មែន​ជា​ប្រតិបត្តិការសម្រាប់ប្រើលើស្មាតហ្វូននោះទេ

  • 2019-07-14 03:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​សម្រាប់​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ការ​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ Huawei ថ្មី អាច​ជំនួស​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ HongMeng នោះ អាច​នឹង​ខក​ចិត្ត​ពេល​បាន​​ដឹង​ដំណឹង​ចេញ​ពី​ប្រធាន​ក្រុមហ៊ុន Huawei ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ។

លោក Liang Hua

លោក Liang Hua ប្រធាន​ក្រុមហ៊ុន Huawei បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​​ស៊ិនចិន​​ថា ៖ "យើង​មិន​ទាន់​បាន​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា HongMeng អាច​អភិវឌ្ឍន៍​ចេញ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​​សម្រាប់​ស្មាតហ្វូន​នា​ពេល​អនាគត ឬ​យ៉ាង​ណា​នោះ”។ លោក​បន្ថែម​ទៀត​ថា វា​អាច​មាន​ការ​ប្រែ​ប្រួល​ប្រសិន​បើ​សហរដ្ឋអាមេរិក​ដាក់ Huawei ចូល​បញ្ជី​ខ្មៅ​ម្ដង​ទៀត ហើយ​ Android ជ្រុះ​ចេញ​ពី​ដៃ​របស់ Huawei។

លោក Liang ក៏​បាន​រំឭក​សម្ដី​របស់​ស្ថាបនិក Huawei លោក Ren Zhengfei ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​បារាំង Le Point កាល​ពី​ថ្មីៗ​ថា "HongMeng មិន​មែន​ឌីហ្សាញ​មក​សម្រាប់​ស្មាតហ្វូន​ដូច​គ្រប់​គ្នា​គិត​នោះ​ទេ។ យើង​មិន​​​មែន​បង្កើត​ OS ​នេះ​សម្រាប់​ជំនួស Google ហើយ​ប្រសិន​បើ​ Google ដក OS របស់​ខ្លួន​ពី Huawei យើង​នឹង​ត្រូវ​ចាប់​ផ្ដើម​បង្កើត​​ប្រព័ន្ធ​អេកូ​ ព្រោះ​យើង​មិន​ទាន់​មាន​ផែនការ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​”។

វា​កាន់​តែ​ច្របូកច្របល់​នៅ​ ពេល​នឹក​ដល់​ដម្ដី​លោក Richard Yu នាយក​ប្រតិបត្តិ​ផ្នែក​ផលិតផល​ប្រាប់​ដល់​មហាជន​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​ឧសភា​ថា "OS ថ្មី​អាច​នឹង​មាន​ប្រើ​នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​នេះ ឬ​យ៉ាង​យូរ​​នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ​ក្រោយ”។ លោក Yu និយាយ​ថា "OS ថ្មី​បាន​ស្ថិត​ក្នុង​ការ​ផលិត​តាំង​ពី​ឆ្នាំ ២០១២ ហើយ​អាច​ប្រើ​ជា​មួយ​កម្មវិធី Android ហើយ​អាច​មាន​ដំណើរ​ការ​លឿន​ជាង Android​ ៦០% ទៀត​ផង”។

​ការ​ចាប់​អារម្មណ៍​ចំពោះ HongMeng បាន​កើត​មាន​​ឡើង​នៅ​ពេល​ Huawei មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ​ហើយ​មាន​សារព័ត៌មាន​ជា​ច្រើន​ចេញ​ផ្សាយ​ថា​ OS ថ្មី​នេះ​អាច​នឹង​លេច​មុខ​ដំណាល​ការ​ប្រកាស Mate 30 នា​ឆ្នាំ​នេះ។ ដូច​នេះ​ដំណឹង​ថ្មី​ចេញ​ពី​ប្រធាន​ Huawei ធ្វើ​ឲ្យ​អ្នក​ទន្ទឹង​រង់ចាំ​ខក​ចិត្ត​មិន​តិច​ទេ៕​​​

ចុចអាន ៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខហេង