អាយុ​៥៦​ឆ្នាំហើយ តែ​អត់​កូន ទិនហ្វី​កំពុង​ឈឺក្បាល​រឿង​មិន​មាន​អ្នក​ស្នង​មរតក​៣០០​លាន​ដុល្លារ

  • 2019-07-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណូល​ពី​ការ​ផលិត​ភាពយន្ត និង​អចលនទ្រព្យ​ជា​ច្រើន​កន្លែង បាន​ធ្វើ​ឲ្យ​កំពូល​តារា​សម្ដែង​ហុងកុង Stephen Chow ក្លាយ​ជា​សិល្បករ​ដែលមាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន តែ​ទ្រព្យ​ទាំង​នេះ​នឹង​ទៅ​ណា​បើ​លោក​គ្មាន​គ្រួសារ​ដូច​បច្ចុប្បន្ន។

បណ្ដាញ​ព័ត៌មាន​ហុងកុង​ថ្មី​ៗ​នេះ បាន​ចុះ​ផ្សាយ​ថា ក្រោយ​ជោគជ័យ​​នៃ​ភាពយន្ត “King of Comedy 2” កាល​ពី​ដើម​ឆ្នាំ បាន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិរបស់​តារា​សម្ដែង​ប្រុស​ហុងកុង Stephen Chow កើន​ដល់​៣០០​លាន​ដុល្លារ។

ទោះ​បី​ជា​មិន​សូវ​បង្ហាញ​មុខ​ជា​សាធារណៈ​ច្រើន​ក៏​ដោយ តែ​តារា​វ័យ​៥៦​ឆ្នាំ​នេះ ជា​តំណាង​របស់​ផលិតផល​ជាច្រើន​នៅ​ចិន​ដីគោក។ ក្រៅ​ពី​នេះ តួ​រឿង “និស្សិត​ផ្ដាច់​សង្ខារ” ក៏​ជា​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ផង​ដែរ ដោយ​លោក​មាន​ទាំង​ផ្ទះ​នៅ​ហុងកុង ក៏​ដូច​ជា​នៅ​ចិន​ដី​គោក​ជា​ច្រើន​កន្លែង។ បន្ថែម​ពី​នេះ គេ​ក៏​ជឿជាក់​ថា​លោក​មាន​អចលនទ្រព្យ​នៅ​អាមេរិក និង​កាណាដា​ផង​ដែរ។

ទោះ​បី​មាន​លុយកាក់​ច្រើន​ក្ដី ក៏​ផលិតករ​រូប​នេះ​នៅ​តែ​ចាយ​វាយ​ត្បិតត្បៀត ដោយ​គេ​ឧស្សាហ៍​គេ​លោក​ជិះ​កង់​ទៅ​ទិញ​បន្លែ​ជា​ញឹកញាប់។ ហើយ​ទោះ​ជា​ជិត​ឈាន​ចូល​វ័យ​៦០​ហើយ​ក៏​ដោយ តែ​លោក​មិន​មាន​ប្រពន្ធ កូន ឬ​កូន​ចិញ្ចឹម​អ្វី​ទាំង​អស់។ ដោយ​គេ​ហទំព័រ ON បាន​ឲ្យ​ដឹង​ថា លោក​កំពុង​ឈឺក្បាល​ត្បិត​មិន​មាន​ទាយាទ​អ្វី​ដើម្បី​ទទួល​មរតក​ឡើយ។ ខុស​ពីកំពូល​តារា​សម្ដែង Chow Yun Fat ដែល​មាន​គម្រោង​បរិច្ចាក​ទ្រព្យ​សម្បត្តិ​៧០០​លាន​ដុល្លារ​របស់​ខ្លួន​នោះ ទិនហ្វី​មិន​ទាន់​និយាយ​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ចំពោះ​ចំនួន​លុយ​ដ៏​ច្រើន​នេះ​ឡើយ៕

ប្រភព៖ bestie   ប្រែសម្រួល៖ Caramel